មន្ត្រី​អាដហុក​នៅ​ខេត្ត​ឧត្ដរមានជ័យ​ថា​ពលរដ្ឋ​កាន់​តែ​ច្រើន​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ

0:00 / 0:00

បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ ខ្លះ​ត្រូវ​បាន​គេ​រឹប​អូស​យក​ផ្ទះ​សម្បែង និង​ខ្លះ​បង្ខំ​ចិត្ត​លក់​ដី​ស្រែ​ចម្ការ​យក​ទៅ​សង​បំណុល​ដែល​ខ្លួន​ជំពាក់ រួច​ហើយ​ធ្វើ​ចំណាក​ស្រុក​ចាក​ចោល​កន្លែង​ដែល​ពួក​គេ​ធ្លាប់​រស់នៅ។ ការ​ធ្វើ​ចំណាក​ស្រុក​នេះ ប្រជាពលរដ្ឋ​ខ្លះ​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​រស់នៅ​តំបន់​ព្រៃ​ឆ្ងាយៗ និង​មួយ​ចំនួន​ទៀត បាន​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ សម្ដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ចេះ​តែ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក។ ការ​ព្រួយ​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​គេ​មើល​ឃើញ​ថា ពេល​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ឡើងៗ បាន​វ័ណ្ឌ​ក​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ និង​ឯកជន។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស្រី ណារ៉េន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​កក្កដា ថា ពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ​បាន​ជំពាក់​បំណុល​កាន់​តែ​ច្រើន​ឡើងៗ។ ប្រជាពលរដ្ឋ​ខ្លះ​ដែល​ជំពាក់​បំណុល​គេ​ធ្ងន់ធ្ងរ រក​អ្វី​សង​មិន​បាន រហូត​ដល់​ទៅ​គេ​រឹប​អូស​យក​ផ្ទះ​សម្បែង ព្រម​ទាំង​លក់​ដីធ្លី​ធ្វើ​ចំណាក​ស្រុក​ក៏​មាន។

លោក ស្រី ណារ៉េន បញ្ជាក់​ថា នៅ​សង្កាត់​អូរស្មាច់ លើ​ខ្នង​ភ្នំ​ដងរែក គឺ​ចំនួន​អ្នក​ជំពាក់​បំណុល​បាន​កើន​ច្រើន​ឡើង ដោយសារ​តែ​ប្រជាពលរដ្ឋ​ទីនោះ​មិន​សូវ​មាន​មុខ​របរ​ច្បាស់លាស់ ហើយ​ចេះ​តែ​ខ្ចី ឬ​ក៏​ចង​ការ​លុយ​ពី​ឯកជន មក​ប្រកប​មុខ​របរ​តូចតាច ព្រម​ទាំង​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ៖ « មែន​ទែន​ទៅ កិច្ចសន្យា​ខ្លះ​ធ្វើ​យក​ប្រាក់​ការ​ថ្លៃ​ពេក វា​ធ្វើ​ឲ្យ​ប្រាក់​កម្ចី​តិចតួច តែ​រត់​ការ​មិន​រួច ហើយ​បំណុល​ចេះ​តែ​កើន​ឡើង »

លោក ស្រី ណារ៉េន បញ្ជាក់​ថា ក្នុង​មួយ​ខែៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជាពលរដ្ឋ ២​នាក់​បាន​មក​ពិគ្រោះ​យោបល់​ជាមួយ​រូប​លោក ព្រម​ទាំង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ជុំវិញ​រឿង​សង​បំណុល​នេះ។

ទោះ​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ក្រុង​សំរោង លោក អ៊ុន សុភក្ត្រ ជុំវិញ​បញ្ហា​កង្វល់​រឿង​បំណុល​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា។

បុរស​ឈ្មោះ ចិន យស នៅ​ភូមិ​អូរបាត់ដាវ សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ដែល​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ បាន​លក់​ដី​ស្រែ ១​ហិកតារ​សង​គេ​មិន​ទាន់​រួច​នៅ​ឡើយ មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០១៥ គាត់​បាន​ខ្ចី​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​ចំនួន ២​ផ្សេង​គ្នា​នូវ​ទឹក​ប្រាក់ ១.០០០​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ដាំ​ដំឡូងមី។ ក៏ប៉ុន្តែ​ដំឡូង​ឆ្នាំ​មុន​មិន​បាន​ផល បណ្ដាល​ឲ្យ​ជីវភាព​គ្រួសារ​របស់​គាត់​ដុនដាប ដោយសារ​តែ​ជំពាក់​បំណុល។

បុរស​ដដែល​បញ្ជាក់​ថា ជាច្រើន​ខែ​មុន​គាត់​បាន​លក់​ដី​ស្រែ​ទំហំ ១​ហិកតារ ដើម្បី​យក​ប្រាក់​ទៅ​សង​មីក្រូហិរញ្ញវត្ថុ ប៉ុន្តែ​សង​មិន​គ្រប់ រហូត​ធ្វើ​ឲ្យ​គាត់​ព្រាត់ប្រាស​គ្រួសារ គឺ​ប្រពន្ធ​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ ចោល​រូប​គាត់៖ « ខ្ញុំ​ជំពាក់ ខ្ញុំ​បង់​រាល់​តែ​ថ្ងៃ រាល់​តែ​ខែ ខ្ញុំ​យ៉ាប់​ណាស់។ ប្រពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​ថៃ ឯ​ខ្ញុំ​នៅ​ទីនេះ​ធ្វើ​ការ​ដោះ​បំណុល​គេ​តាម​កម្ម​វាសនា »

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ រក​ឃើញ​ថា អ្នក​មាន​លុយ​ខ្លះ គឺ​អាង​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង បាន​យក​ប្រាក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី ហើយ​ធ្វើ​កិច្ចសន្យា​ការប្រាក់​ខ្ពស់​ហួស​ហេតុ ដែល​ធ្វើ​ឲ្យ​កូន​បំណុល​កាន់​តែ​វ័ណ្ឌ​ក​ទៅៗ។ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ចង់​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល គួរ​តែ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ឯកជន និង​មីក្រូហិរញ្ញវត្ថុ​ខ្លះ​ដែល​ធ្វើ​កិច្ចសន្យា​យក​ការប្រាក់​ពី​ប្រជាពលរដ្ឋ​ថ្លៃ​ហួស​ហេតុ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។