កម្ពុជា​ឲ្យ​កង​កម្លាំង​តាម​ព្រំដែន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពី​ស្ថាន​ការណ៍​រដ្ឋ​ប្រហារ​នៅ​ថៃ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា មាន​សភាព​ស្ងប់ស្ងាត់ ហើយ​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ធម្មតា នៅ​ក្រោយ​កើត​មាន​រដ្ឋ​ប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ។

ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បិទ​ច្រក​របៀង​តូចៗ​របស់​ភាគី​ថៃ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន ថា​បាន​បង្ក​ការ​លំបាក​ដល់​ពលករ​ខ្មែរ​ចំណាក​ស្រុក ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ។

លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា ថា​ទោះ​រដ្ឋាភិបាល​ថៃ ត្រូវ​មេបញ្ជាការ​យោធា​ថៃ ធ្វើ​រដ្ឋ​ប្រហារ​បែប​ណា​ក្តី ក៏​ទាំង​ភាគី​កម្ពុជា​ថៃ នៅ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ធម្មតា។

លោក​បន្ត​ថា ចលាចល​នៅ​ក្នុង​ប្រទេស​មិន​ជះ​ឥទ្ធិពល​ដល់​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ទេ ហើយ​អាជ្ញាធរ​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ បាន​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​ធម្មតា៖ «ពេល​នេះ គឺ​ស្ថានភាព​នៅ​ដដែល ហើយ​ទំនាក់ទំនង​ល្អ​រវាង​យោធា​កម្ពុជា និង​យោធា​របស់​ថៃ គឺ​អត់​មាន​អ្វី​ប្រែប្រួល​ទេ។ យើង​នៅ​មាន​ការ​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក។ ចំពោះ​គោល​ជំហរ​របស់​យោធា​កម្ពុជា ហ្នឹង គឺ​ទទួល​បាន​ការ​ផ្តាំ​ផ្ញើ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មុន​ដែល​លោក​ចេញ​ទៅ​ក្រៅ​ប្រទេស គឺ​លោក​សុំ​ឲ្យ​រក្សា​ទំនាក់ទំនង​ល្អ។ ទោះ​ជា​ស្ថានការណ៍​ប្រទេស​ថៃ វិវឌ្ឍន៍​ទៅ​ដល់​ណា គឺ​មិន​មែន​ជា​ទិសដៅ​នៃ​ការ​ជជែក​របស់​កម្ពុជា ទេ គឺ​ទុក​សេចក្តី​សម្រេច​របស់​ប្រជាពលរដ្ឋ​ថៃ ដែល​ជា​ម្ចាស់​អំណាច»

ទាក់ទង​ភាព​វឹកវរ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ចំនួន ៣​ចំណុច ជូន​មេបញ្ជាការ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ផ្នែក​នៅ​ខេត្ត​តាម​ព្រំដែន​កម្ពុជា​ថៃ ឲ្យ​បន្ត​កិច្ច​សហការ​ល្អ​ជាមួយ​ថៃ និង​មិន​ត្រូវ​ចល័ត​កម្លាំង​ទ័ព​ជា​ដាច់​ខាត។

បទបញ្ជា​ចុះ​ថ្ងៃ​ទី​២២ ខែ​ឧសភា ចុះ​ហត្ថលេខា​ដោយ លោក ស ខេង នាយក​រដ្ឋមន្ត្រី​ស្តីទី មាន​ខ្លឹមសារ​ថា ដើម្បី​រក្សា​សន្តិសុខ កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​តាម​ព្រំដែន​កម្ពុជា ជាមួយ​ភាគី​ថៃ ឲ្យ​នៅ​ដដែល មេបញ្ជាការ​កងទ័ព និង​ប៉ូលិស ត្រូវ​ណែនាំ​ដល់​កង​កម្លាំង​ឈរ​ជើង​ការពារ​ព្រំដែន ឲ្យ​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ថៃ។ ជាង​នេះ ក៏​ត្រូវ​ពិនិត្យ​តាម​ដាន​រាល់​ការ​វិវឌ្ឍន៍​សភាពការណ៍​នៅ​ប្រទេស​ថៃ ឬ​តាម​ព្រំដែន និង​រាយការណ៍​ជូន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឲ្យ​បាន​ទាន់​ពេល។

ត្រង់​ចំណុច​នេះ លោក ផៃ ស៊ីផាន ថ្លែង​អះអាង​ថា ការ​ទំនាក់ទំនង​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ គឺ​នៅ​រក្សា​ដដែល និង​គ្មាន​ការ​ចល័ត​កម្លាំង​ទ័ព​ទេ។

បញ្ហា​នេះ​ដែរ លោក ស៊ុម ចាន់គា មន្ត្រី​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា អំឡុង​ពេល​មាន​ស្ថានការណ៍​វឹកវរ ឬ​រដ្ឋ​ប្រហារ​នៅ​ថៃ ច្រក​របៀង​តូចៗ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន ត្រូវ​ភាគី​ថៃ បិទ​ជា​បណ្ដោះ​អាសន្ន។ លោក​ថា ការ​បិទ​ច្រក​របៀង​នេះ អាច​បង្ក​ផល​វិបាក​ដល់​ពលករ​ខ្មែរ ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ឬ​ការ​ដោះ​ដូរ​ទំនិញ​ផ្សេងៗ​រវាង​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស៖ «ការ​បិទ​ច្រក​នេះ​ឃើញ​ថា បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ខ្មែរ​យើង ដែល​កំពុង​រស់​នៅ​ធ្វើ​ការ​នៅ​ក្នុង​ទឹក​ដី​ថៃ ជាច្រើន​ម៉ឺន​សែន​នាក់។ នៅ​ក្នុង​ហ្នឹង បើ​ពួក​គេ​ចង់​ត្រឡប់​មក​វិញ គឺ​ពិបាក​មិន​អាច​ចេញ​ចូល​បាន ដោយសារ​តែ​ខ្មែរ​យើង​ដែល​ចេញ​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ គឺ​មិន​អាច​ទៅ​ធ្វើ​ការ​តាម​ផ្លូវ​ត្រង់​ទេ គឺ​មាន​តែ​តាម​ផ្លូវ​ច្រក​របៀង ដែល​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ច្រក ឬ​ក៏​មន្ត្រី​ថៃ ផង និង​ខ្មែរ​ផង ជាដើម»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ កត់​សម្គាល់​ថា នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា ច្រក​ព្រំដែន​កម្ពុជា​ថៃ មួយ​ចំនួន​មាន​ដូចជា ច្រក​ព្រំដែន​ប៉ោយប៉ែត ច្រក​ជាំសាងុំា និង​អូស្មាច់ ជាដើម គឺ​មាន​ស្ថានភាព​ខុស​ប្លែក​រាល់​ថ្ងៃ ដោយ​អាជ្ញាធរ​ថៃ និង​កម្ពុជា បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​អាជីវករ​រៀងៗ​ខ្លួន ប្រុង​ប្រយ័ត្ន និង​រក្សា​ភាព​ស្ងៀមស្ងាត់។

ទាក់ទិន​បញ្ហា​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ដែរ​ថា កម្ពុជា កំពុង​តាម​ដាន​ការ​វិវឌ្ឍន៍​នៃ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​ថៃ ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​ថា មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ មាន​សភាព​ស្ងប់ស្ងាត់ ហើយ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ នៅ​បន្ត​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ធម្មតា៖ «ខ្ញុំ​មិន​បាន​ឮ​ថា​មាន​ភាព​ខុស​ប្លែក​អី​ទេ​មក​ដល់​ពេល​នេះ មាន​ន័យ​ថា ប្រព្រឹត្ត​ទៅ​ជា​ធម្មតា។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ពិសេស​ពលករ​ខ្មែរ​យើង​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បន្ត​ធ្វើ​ការងារ​ជា​ធម្មតា តាម​កន្លែង​រៀងៗ​ខ្លួន។ ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​តែ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​ផ្ទុយ​ពី​បទ​បញ្ជា និង​ច្បាប់​ជា​ធរមាន​នៅ​ក្នុង​ប្រទេស​គេ​ហ្នឹង​ទៅ»

ទោះ​ជា​បែប​ណា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​កង​កម្លាំង​ចម្រុះ​នៅ​ខេត្ត​តាម​ព្រំដែន និង​ប្រជាពលរដ្ឋ ត្រូវ​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ ឬ​ពលរដ្ឋ​ថៃ នៅ​ក្នុង​កាលៈទេសៈ​ប្រទេស​ថៃ កំពុង​មាន​ទំនាស់​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ។ ជាង​នេះ ក៏​រំឭក​ដល់​អ្នក​ទេសចរ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ ត្រូវ​ផ្អាក​ឆ្លង​ចេញ​ចូល​ទៅ​កាន់​ប្រទេស​ថៃ ជា​បណ្ដោះអាសន្ន រហូត​ស្ថានការណ៍​នៅ​ប្រទេស​ថៃ ស្ងប់ស្ងាត់។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​ឧសភា អគ្គមេបញ្ជាការ​កងទ័ព​ថៃ លោក​ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចានអ៊ូចា បាន​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋាភិបាល​ថៃ ដើម្បី​ស្ដារ​ស្ថានភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​នេះ។ ក្រោយ​ធ្វើ​រដ្ឋ​ប្រហារ លោក ប្រាយុទ្ធ ចានអ៊ូចា បាន​ប្រកាស​តាំង​ខ្លួន​ឯង​ជា​នាយក​រដ្ឋមន្ត្រី រង់ចាំ​ប្រទេស​ថៃ មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​មក​ជំនួស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។