នៅក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ កំពុងប្រជុំសម្រេចដើម្បីវាយតម្លៃឥរិយាបថរបស់ទណ្ឌិត មុននឹងស្នើសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងបន្ធូរបន្ថយទោស។
គណៈកម្មាធិការពន្ធនាគារខេត្តរាជធានីទូទាំងប្រទេស បានស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិតចំនួន ៨២០នាក់ ប៉ុន្តែអាចនឹងត្រូវកាត់ចោលខ្លះ។ ចំណែកសង្គមស៊ីវិលយល់ថា អាចនឹងមានអំពើពុករលួយកើតឡើងក្នុងដំណើររឿងនេះ ព្រោះការវាយតម្លៃទៅលើទណ្ឌិត គឺមិនបានចុះទៅដល់ពន្ធនាគារទេ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែតុលា បានប្រជុំជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងសម្រេចផ្តល់សេរីភាព និងបន្ធូរបន្ថយទោសទណ្ឌិតជាង ៨០០នាក់។ រាជរដ្ឋាភិបាលកម្ពុជា នឹងស្នើសុំព្រះមហាក្សត្រ ព្រះរាជទានលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិត នៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ មិនមែននៅក្នុងខួបព្រះរាជពិធីគ្រងរាជ្យសម្បត្តិរយៈពេល ១០ឆ្នាំរបស់ព្រះមហាក្សត្រទេ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យ លោក គឹម សន្តិភាព មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងទីស្ដីការគណៈរដ្ឋមន្ត្រី កំពុងប្រជុំសម្រេចលើរឿងនេះ។ លោកបន្តថា នៅក្នុងសំណើនោះ គឺគណៈកម្មាធិការពន្ធនាគាររាជធានីខេត្ត បានស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិតចំនួន ៨២០នាក់ ប៉ុន្តែក្រុមការងារថ្នាក់ជាតិដែលកំពុងប្រជុំនេះ អាចនឹងកាត់បន្ថយចំនួនស្នើសុំនេះ ហើយចំនួនទណ្ឌិតត្រូវដោះលែង គឺតិចជាងចំនួនដែលត្រូវបន្ធូរបន្ថយទោស៖ «បាទ! កំពុងប្រជុំពិនិត្យ បាទ! អាហ្នឹងគណៈកម្មាធិការរាជធានីខេត្តគេវាយតម្លៃមកបាទ យើងពិនិត្យម្នាក់មួយៗ មិនមែនពិនិត្យជាតារាងសម្រេចរួមៗអត់ទេ យើងពិនិត្យមួយៗ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយណាមួយពី លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានទេ ដោយលោកប្រាប់ថាកំពុងប្រជុំ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ថា ការលើកលែង និងបន្ធូរបន្ថយទោសនេះ គណៈកម្មការដែលវាយតម្លៃ គឺធ្វើនៅថ្នាក់ជាតិ ហើយប្រធានពន្ធនាគារជាអ្នករៀបចំរបាយការណ៍ និងបញ្ជីឈ្មោះ ជាហេតុធ្វើឲ្យគណៈកម្មាធិការនេះមិនបានចុះមកពិនិត្យផ្ទាល់នៅពន្ធនាគារ។ លោក អំ សំអាត យល់ថា ការវាយតម្លៃបែបនេះ គ្មានតម្លាភាព និងអាចកើតមានអំពើពុករលួយ៖ «ប្រធានពន្ធនាគារលោកធ្វើបញ្ជូនបញ្ជីឈ្មោះ និងរបាយការណ៍ទៅនាយកដ្ឋាន ដើម្បីឲ្យគណៈកម្មាធិការធ្វើជ្រើសរើស និងត្រូវពិនិត្យ។ បញ្ហាហ្នឹង គឺយើងចង់ឲ្យមានគណៈកម្មាធិការផ្ទាល់ដែលមានការវាយតម្លៃនៅពន្ធនាគារ»។
ទោះមានការលើកឡើងបែបនេះក្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានលើកឡើងថា ការលើកលែង និងបន្ធូរបន្ថយទោសនោះ គឺផ្ដោតទៅលើឥរិយាបថទណ្ឌិតណាដែលមានការកែប្រែខ្លួននៅក្នុងពន្ធនាគារ និងចំពោះទណ្ឌិតដែលបានអនុវត្តទោស ២ ភាគ ៣ នៃទោសសរុប។
ប៉ុន្តែ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក ទណ្ឌិតមួយចំនួនបានលើកឡើងថា ពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តែមិនអាចទទួលបានការលើកលែង ឬបន្ធូរបន្ថយទោស បែរជាទណ្ឌិតផ្សេងទៅវិញបានទទួលការលើកលែង ឬបន្ធូរបន្ថយទោស។
ការលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិត មាន ៣ដងក្នុងមួយឆ្នាំ គឺបុណ្យអុំទូក បុណ្យចូលឆ្នាំ និងវិសាខបូជា។ ប៉ុន្តែករណីពិសេស នាយករដ្ឋមន្ត្រីអាចស្នើសុំព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
