អាជ្ញាធរខេត្តរតនគិរី បានដឹកនាំបង្កើតព្រឹត្តិការណ៍វប្បធម៌មួយ តាមរយៈការសម្ដែងសិល្បៈ ប្រគំតន្ត្រី និងតាំងពិព័រណ៍វប្បធម៌ជនជាតិដើមភាគតិច ផ្សព្វផ្សាយបំផុសចលនាទាក់ទាញអ្នកទេសចរនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ។ ចំណែកមន្ត្រីទេសចរណ៍ខេត្តឲ្យដឹងថា នៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំ អ្នកទេសចរច្រើនបានមកកម្សាន្តនៅខេត្តភាគឦសានមួយនេះ។
ភ្ញៀវទេសចរបានកក់បន្ទប់ផ្ទះសំណាក់ជាង ១ពាន់បន្ទប់នៅគ្រប់សណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ ប៉ាន់ប្រមាណថា កំណើនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តនេះនៅរដូវបុណ្យចូលឆ្នាំ នឹងកើនជាងឆ្នាំកន្លងទៅ ក៏ប៉ុន្តែការកម្សាន្តរបស់អ្នកទេសចរឆ្នាំនេះ មានលក្ខណៈវិលជុំ មានន័យថា អ្នកទេសចរធ្វើដំណើរកម្សាន្តរយៈពេលខ្លី ហើយបន្តធ្វើដំណើរទៅខេត្តផ្សេងទៀត ក្នុងភាគឦសានមានខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ជាដើម។ លោកកត់សម្គាល់ថា សក្ដានុពលអភិវឌ្ឍន៍នាខេត្តភាគឦសាន ជាពិសេសផ្លូវគមនាគមន៍បានតភ្ជាប់ពីខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ឬស្ទឹងត្រែង ទៅខេត្តព្រះវិហារ ជាដើម អំណោយផលសម្រាប់ដំណើរទេសចរណ៍វិលជុំ៖ «គោលដៅទេសចរណ៍គេដើរជុំវិញឦសានយើងហ្នឹងណា ជួនគេស្នាក់នៅយើងតែមួយយប់ទេ គេបុក (កក់បន្ទប់) ពេញទាំងអស់ផ្ទះសំណាក់ ប៉ុន្តែល្ងាចបានមកដល់ដោយសារតែគេនៅឆ្ងាយធ្វើដំណើរមួយថ្ងៃបានមកដល់»។
អាជ្ញាធរខេត្តរតនគិរី បានចេញលិខិតណែនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ឲ្យរៀបចំធ្វើអនាម័យតាមដងផ្លូវ រៀបចំសួនច្បារ តាំងលំអភ្លើងបំភ្លឺតាមផ្លូវសាធារណៈ ដោតទង់ជាតិនៅតាមអគាររដ្ឋបាលក្នុងខេត្ត និងតាមលំនៅឋានប្រជាពលរដ្ឋ ជាពិសេសរៀបចំលេងល្បែងប្រជាប្រិយ របាំវប្បធម៌ជនជាតិដើមភាគតិចនៅតាមតំបន់រមណីយដ្ឋាន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ។
អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ម៉ឺង ស៊ីនាត ហៅចំណាត់ការរបស់អាជ្ញាធរខេត្តថា ជាជំហានឆ្ពោះទៅកាន់ភាពអភិវឌ្ឍន៍ និងការទាក់ទាញវិស័យទេសចរណ៍។ លោកបញ្ជាក់ថា កងកម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ ត្រូវបានចាត់ឲ្យការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមគោលដៅសំខាន់ៗក្នុងខេត្ត និងតំបន់ទេសចរណ៍៖ «យើងបានផែនការការពារគ្រប់គោលដៅ ដាក់ពង្រាយកងកម្លាំងនៅតាមផ្លូវសាធារណៈ ទីប្រជុំជន នៅទីវត្តអារាម ដើម្បីងាយស្រួលអន្តរាគមន៍បានទាន់ពេលវេលា»។
អាជ្ញាធរក្រុងបានលុង ឲ្យដឹងថា នាឆ្នាំ២០១៥ នេះ សណ្ឋាគារ និងផ្ទះសំណាក់ បានកើនឡើងរហូតជាង ១ពាន់បន្ទប់ ក្នុងនោះសណ្ឋាគារមាន ១៤កន្លែង និងផ្ទះសំណាក់មាន ៣៥កន្លែង។ ដោយឡែកមានសណ្ឋាគារខ្នាតទំនើបចំនួន៥ និងតំបន់កម្សាន្តទំនើបមានអាងហែលទឹកចំនួន៣ បានសាងសង់រួច។
អ្នកទេសចររស់នៅក្នុងខេត្តរតនគិរី លោក ង៉ែត សារុំ ចាប់អារម្មណ៍ថា អាជ្ញាធរខេត្តចាត់តាំងរៀបចំសម្រាប់បុណ្យចូលឆ្នាំមានសភាពប្លែក និងទាក់ទាញច្រើន។ លោកថា តំបន់ទឹកជ្រោះ ៧ជាន់ ឬទឹកជ្រោះអូរសៀនឡែ ឆ្នាំនេះមានអ្នកទេសចរច្រើនកុះករ៖ «ភ្ញៀវទេសចរមកច្រើនពីបណ្ដាខេត្តនានា ដោយសារខេត្តមណ្ឌលគិរី និងខេត្តមួយចំនួនផ្លូវតភ្ជាប់គ្នា គេមកស្រួល ភ្ញៀវមកលេងប្លែកៗជាងឆ្នាំទៅ»។
កាលពីរដូវចូលឆ្នាំ២០១៤ តួលេខរបស់មន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា ចំនួនអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្តក្នុងខេត្តនេះ មានចំនួនជាង ៤ម៉ឺននាក់រយៈពេលបីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
