អ្នកទេសចរ​សម្រុក​ទៅលេង​ខេត្ត​រតនគិរី​នា​ថ្ងៃ​ចូល​ឆ្នាំ​មាន​ចំនួន​ច្រើន

0:00 / 0:00

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ដឹក​នាំ​បង្កើត​ព្រឹត្តិការណ៍​វប្បធម៌​មួយ តាម​រយៈ​ការ​សម្ដែង​សិល្បៈ ប្រគំ​តន្ត្រី និង​តាំង​ពិព័រណ៍​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ផ្សព្វផ្សាយ​បំផុស​ចលនា​ទាក់ទាញ​អ្នក​ទេសចរ​នា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ។ ចំណែក​មន្ត្រី​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​នៃ​បុណ្យ​ចូល​ឆ្នាំ អ្នក​ទេសចរ​ច្រើន​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ។

ភ្ញៀវ​ទេសចរ​បាន​កក់​បន្ទប់​ផ្ទះ​សំណាក់​ជាង ១​ពាន់​បន្ទប់​នៅ​គ្រប់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត ពិទូ ប៉ាន់​ប្រមាណ​ថា កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ នឹង​កើន​ជាង​ឆ្នាំ​កន្លង​ទៅ ក៏ប៉ុន្តែ​ការ​កម្សាន្ត​របស់​អ្នក​ទេសចរ​ឆ្នាំ​នេះ មាន​លក្ខណៈ​វិល​ជុំ មាន​ន័យ​ថា អ្នក​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​រយៈពេល​ខ្លី ហើយ​បន្ត​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ផ្សេង​ទៀត ក្នុង​ភាគ​ឦសាន​មាន​ខេត្ត​មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ជាដើម។ លោក​កត់​សម្គាល់​ថា សក្ដានុពល​អភិវឌ្ឍន៍​នា​ខេត្ត​ភាគ​ឦសាន ជាពិសេស​ផ្លូវ​គមនាគមន៍​បាន​ត​ភ្ជាប់​ពី​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ឬ​ស្ទឹងត្រែង ទៅ​ខេត្ត​ព្រះវិហារ ជាដើម អំណោយ​ផល​សម្រាប់​ដំណើរ​ទេសចរណ៍​វិល​ជុំ៖ «គោលដៅ​ទេសចរណ៍​គេ​ដើរ​ជុំវិញ​ឦសាន​យើង​ហ្នឹង​ណា ជួន​គេ​ស្នាក់នៅ​យើង​តែ​មួយ​យប់​ទេ គេ​បុក (កក់​បន្ទប់) ពេញ​ទាំងអស់​ផ្ទះ​សំណាក់ ប៉ុន្តែ​ល្ងាច​បាន​មក​ដល់​ដោយសារ​តែ​គេ​នៅ​ឆ្ងាយ​ធ្វើ​ដំណើរ​មួយ​ថ្ងៃ​បាន​មក​ដល់»

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ចេញ​លិខិត​ណែនាំ​មន្ត្រី​រាជការ អាជ្ញាធរ​មូលដ្ឋាន កង​កម្លាំង​នគរបាល កង​រាជ​អាវុធហត្ថ ឲ្យ​រៀបចំ​ធ្វើ​អនាម័យ​តាម​ដង​ផ្លូវ រៀបចំ​សួនច្បារ តាំង​លំអ​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​សាធារណៈ ដោត​ទង់ជាតិ​នៅ​តាម​អគារ​រដ្ឋបាល​ក្នុង​ខេត្ត និង​តាម​លំនៅឋាន​ប្រជាពលរដ្ឋ ជាពិសេស​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ របាំ​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​នៅ​តាម​តំបន់​រមណីយដ្ឋាន ដើម្បី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ម៉ឺង ស៊ីនាត ហៅ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ថា ជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​ភាព​អភិវឌ្ឍន៍ និង​ការ​ទាក់ទាញ​វិស័យ​ទេសចរណ៍។ លោក​បញ្ជាក់​ថា កង​កម្លាំង​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ ត្រូវ​បាន​ចាត់​ឲ្យ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ខេត្ត និង​តំបន់​ទេសចរណ៍៖ «យើង​បាន​ផែនការ​ការពារ​គ្រប់​គោលដៅ ដាក់​ពង្រាយ​កង​កម្លាំង​នៅ​តាម​ផ្លូវ​សាធារណៈ ទីប្រជុំជន នៅ​ទី​វត្ត​អារាម ដើម្បី​ងាយ​ស្រួល​អន្តរាគមន៍​បាន​ទាន់​ពេលវេលា»

អាជ្ញាធរ​ក្រុង​បានលុង ឲ្យ​ដឹង​ថា នា​ឆ្នាំ​២០១៥ នេះ សណ្ឋាគារ និង​ផ្ទះ​សំណាក់ បាន​កើន​ឡើង​រហូត​ជាង ១​ពាន់​បន្ទប់ ក្នុង​នោះ​សណ្ឋាគារ​មាន ១៤​កន្លែង និង​ផ្ទះ​សំណាក់​មាន ៣៥​កន្លែង។ ដោយ​ឡែក​មាន​សណ្ឋាគារ​ខ្នាត​ទំនើប​ចំនួន​៥ និង​តំបន់​កម្សាន្ត​ទំនើប​មាន​អាង​ហែល​ទឹក​ចំនួន​៣ បាន​សាងសង់​រួច។

អ្នក​ទេសចរ​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី លោក ង៉ែត សារុំ ចាប់​អារម្មណ៍​ថា អាជ្ញាធរ​ខេត្ត​ចាត់​តាំង​រៀបចំ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​មាន​សភាព​ប្លែក និង​ទាក់ទាញ​ច្រើន។ លោក​ថា តំបន់​ទឹក​ជ្រោះ ៧​ជាន់ ឬ​ទឹក​ជ្រោះ​អូរសៀនឡែ ឆ្នាំ​នេះ​មាន​អ្នក​ទេសចរ​ច្រើន​កុះករ៖ «ភ្ញៀវ​ទេសចរ​មក​ច្រើន​ពី​បណ្ដា​ខេត្ត​នានា ដោយសារ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​មួយ​ចំនួន​ផ្លូវ​ត​ភ្ជាប់​គ្នា គេ​មក​ស្រួល ភ្ញៀវ​មក​លេង​ប្លែកៗ​ជាង​ឆ្នាំ​ទៅ»

កាល​ពី​រដូវ​ចូល​ឆ្នាំ​២០១៤ តួលេខ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ មាន​ចំនួន​ជាង ៤​ម៉ឺន​នាក់​រយៈពេល​បី​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។