កម្មករភាគច្រើននៅតែពុំទាន់វិលត្រឡប់ពីស្រុកកំណើត ដើម្បីចូលធ្វើការវិញនៅឡើយ ខណៈមានកម្មករមួយចំនួនបានវិលមកវិញទាំងប្រថុយប្រថាន ក្រោយពីផ្ទុះហិង្សាដ៏រង្គាលមួយនៅផ្លូវវ៉េងស្រេង សួនឧស្សាហកម្មកាណាឌីយ៉ា។ ទន្ទឹមនឹងនេះ រោងចក្រមួយចំនួននៅទីតាំងកើតហេតុ គិតមកដល់ពេលនេះ នៅតែបន្តបិទទ្វារ ព្រោះពុំមានកម្មករចូលធ្វើការ។
រស់នៅខេត្តកំពង់ចាម កញ្ញា គីម សុខជា ជាកម្មការិនីបម្រើការនៅរោងចក្រមួយនៅផ្លូវវ៉េងស្រេង ថ្លែងថា ការតវ៉ាណាមួយប្រឆាំងនឹងការដំឡើងប្រាក់ខែនេះ ទំនងជាត្រូវរាថយហើយ ព្រោះសង្វេគចំពោះកម្មករដទៃទៀតដែលរងការបាញ់សម្លាប់។ កញ្ញា គីម សុខជា បញ្ជាក់ថា ថ្វីបើនៅពេលនេះស្ថានភាពបានវិលមករកភាពប្រសើរបន្តិចក្ដី ក៏នៅតែពុំអាចប៉ះប៉ូវការឈឺចាប់ ភាពតក់ស្លុត និងការភ័យខ្លាច ព្រោះតែការបាញ់បង្ក្រាបដោយមិនញញើតដៃរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលសំដៅមកកម្មករទេ។ កញ្ញា គីម សុខជា បន្តថា គិតមកដល់ពេលនេះ កម្មករភាគច្រើនដែលត្រឡប់ទៅស្រុកកំណើត ព្រោះការព្រួយបារម្ភពីសុវត្ថិភាព នៅពុំទាន់ឃើញត្រឡប់មកវិញ ដូចដើមនៅឡើយដែរ៖ «គេថាស្ងប់ស្ងាត់ហើយមកវិញ។ តេសួរមិត្តភ័ក្ដិ មិត្តភ័ក្ដិថា ស្ងប់ស្ងាត់ហើយមកវិញមក។ អត់ដឹងដែរ អត់ទាន់បានចូលផង មកដល់ម្សិលមិញនៅ។ ប៉ុន្តែឮថាគេចូលធ្វើការបានហើយ តែគេឲ្យចេញកន្លះថ្ងៃមកវិញ។ អត់សូវមានមនុស្សគេឲ្យចេញមកវិញ។ នៅតែភ័យខ្លាច តែគេបាញ់គ្នាទៀត។ មានទៅណា មានតែខ្ញុំទៅផ្ទះទៀត។ កន្លែងហ្នឹងបាញ់ខ្លាំងណាស់ ខ្លាំងជាងគេ ព្រោះអីគេធ្វើកូដកម្មតាមផ្លូវហ្នឹងច្រើន»។
កំពុងចុះពីលើរថយន្តឈ្នួល និងឡើងម៉ូតូឌុបបន្តទៅផ្ទះដែលធ្លាប់ជួល កញ្ញា សាវឿន ឲ្យដឹងថា គេពិតជាមានការភ័យខ្លាច នៅពេលរំលឹកដល់ព្រឹត្តិការណ៍នៃការបាញ់បង្ក្រាបរបស់សមត្ថកិច្ច ប្រឆាំងក្រុមអ្នកតវ៉ា។ រស់នៅខេត្តតាកែវ សាវឿន បន្តថា ថ្វីត្បិតនៅពេលនេះអារម្ភនៅតែភ័យខ្លាច ប៉ុន្តែដោយពុំមានជម្រើស រូបគេសម្រេចចិត្តវិលមកភ្នំពេញវិញទាំងប្រថុយប្រថានដែរ៖ «ខ្លាចដែរ ខ្ញុំអត់ទាន់ដឹងដែរ។ ខ្ញុំឮតាមគេថាអត់អីផងឥឡូវ។ អារម្មណ៍របស់ខ្ញុំនៅរាងភ័យៗដែរ។ ខ្ញុំសោកស្ដាយដែរបង ខ្ញុំអាណិតដល់ម៉ែឪ គាត់មិនដឹងជាយំយ៉ាងណាអាណិតកូន។ អត់ឃើញកូនទៅផ្ទះអ៊ីចឹង»។
បើទោះជាស្ថានការណ៍នៅពេលនេះបានវិលមករកភាពប្រក្រតីឡើងវិញក្ដី ចំណែកកម្លាំងសមត្ថកិច្ចនៅតែបន្តយាមល្បាតនៅត្រង់ចំណុចផ្លូវវ៉េងស្រេង នៅឡើយ។ ក៏ប៉ុន្តែ កម្លាំងចល័ត និងឈរជើងនៅទីតាំងកើតហេតុនៅពេលនេះ ហាក់ថយចុះ បើប្រៀបធៀបទៅនឹងថ្ងៃដែលបាញ់បង្ក្រាបប្រឆាំងក្រុមបាតុករកាលពី ៥ថ្ងៃមុននោះ។
ថ្វីបើសកម្មភាពនៅអមសង្ខាងផ្លូវវ៉េងស្រេង បានបើកឲ្យអ្នកដំណើរធ្វើចរាចរណ៍ក្រោយពីផ្ទុះហិង្សាយ៉ាងណាក៏ដោយចុះ ក៏រហូតមកដល់ពេលនេះ ផ្ទះមួយចំនួននៅតែបន្តចាក់សោទ្វារ ហើយផ្ទះជួលដទៃទៀតបន្តបិទទ្វារនៅឡើយដែរ។
កាលពីថ្ងៃទី២ មករា ក្រុមកម្មករបានទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយមានការប៉ះទង្គិចជាមួយកម្លាំងទាហាន ប៉ូលិស និងប៉េអិម។ ស្ថានការណ៍កាលណោះ ដូចសមរភូមិប្រយុទ្ធរវាងសត្រូវស៊ីសាច់ហូតឈាមដូចគ្នា។
លោក អំ សំអាត មន្ត្រីបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ (Licadho) ដែលឃ្លាំមើលការចុះប្រតិបត្តិការនេះ ហៅការបង្កើនកម្លាំងយោធារបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាគឺជារដ្ឋដែលគ្រប់គ្រងដោយយោធា។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៤ ខែមករា ក្រសួងមហាផ្ទៃ បានចេញសេចក្ដីថ្លែងការណ៍មួយដោយហៅការប្រមូលផ្តុំនេះថា នាំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ លិខិតបន្តថា ជាពិសេសបានរុះរើសំណង់នានាដែលបានសាងសង់ដោយពុំមានការអនុញ្ញាតនៅលើទីលានប្រជាធិបតេយ្យ ព្រមទាំងបានរៀបចំសណ្ដាប់ធ្នាប់ និងស្ដារឡើងវិញនូវបរិស្ថានទីលានប្រជាធិបតេយ្យ និងតំបន់ជុំវិញ។
ផ្ដើមចេញពីបញ្ហាទាំងនេះ ទើបមេដឹកនាំបក្សសង្គ្រោះជាតិ មាន លោក សម រង្ស៊ី និងលោក កឹម សុខា ដោយរួមទាំងមេដឹកនាំសហជីពមួយចំនួនផងមាន លោក រ៉ុង ឈុន ជាដើម ត្រូវជាប់បណ្ដឹងតាមផ្លូវតុលាការ ក្រោមបទចោទថា ជាអ្នកញុះញង់នាំឲ្យមានអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈប្រឆាំងរដ្ឋាភិបាល។
ចំណែកអាជីវករដែលលក់ដូរនៅផ្សារឯករាជ្យ អះអាងថា ពួកគេលក់ដូរទាំងអារម្មណ៍ភ័យខ្លាចនៅឡើយ ដោយហេតុថា កម្លាំងយោធានៅតែបន្តឃ្លាំមើលសកម្មភាព និងចល័តចុះឡើងៗមិនឈប់ឈរជារៀងរាល់។ បន្ថែមពីលើនេះ ពួកគេអះអាងថា នៅថ្ងៃបង្ក្រាប កម្លាំងកងរាជអាវុធហត្ថបានយកទ្រព្យសម្បត្តិ និងរបស់របរដែលអាជីវករលក់ដូរនៅតាមដងផ្លូវគ្មានសេសសល់ថែមទៀតផង៖ «ទាំងលុយទាំងកាក់ លុយកាក់ដែលមិនបានយកទៅតាម រត់ទៅយកតែខ្លួន អ៊ីចឹងអស់ហើយ ជាពិសេស ត្រីអាំងត្រីអី ផ្លែឈើអីក៏យកដែរ និយាយចំ។ អត់ទេ ពួកអ្នកបាតុករអត់ហ៊ានប៉ះពាល់របស់ប្រជាពលរដ្ឋទេ។ តែពួកប៉ូលិសហ្នឹងមកប្លន់របស់ទ្រព្យគេហ្មង ជាពិសេស សាច់ជ្រូកខ្ញុំហ្នឹងហ្មង»។
មេបញ្ជាការរង និងជាអនុប្រធានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បដិសេធនឹងការចោទប្រកាន់នេះ ដោយចាត់ទុកថា កម្លាំងដែលចុះបង្ក្រាបនោះ គឺមានក្រមសីលធម៌ និងវិន័យត្រឹមត្រូវ។ លោកបន្តថា ផ្ទុយទៅវិញ កម្លាំងកងរាជអាវុធហត្ថត្រូវរងរបួសដោយការប្រើវត្ថុរឹងរបស់ក្រុមបាតុករ ប្រឆាំងកម្លាំងសមត្ថកិច្ចទៅវិញក្នុងព្រឹត្តិការណ៍នោះ៖ «ដូចមិនមានទេបង។ ផ្ទុយទៅវិញ អាវុធហត្ថយើងហ្នឹងរងរបួស ២៩នាក់ ក្នុងហេតុការណ៍ហ្នឹងនោះណា។ រងរបួសដោយសារការប្រើគប់ដុំថ្ម ដបសាំងអីផ្សេងៗហ្នឹង របួស ២៩នាក់ តែរបួសស្រាលទេ។ នេះក្នុងនាមខ្ញុំ ខ្ញុំឃើញម៉េចខ្ញុំថាអ៊ីចឹង។ គ្រាន់តែបងយល់ចិត្តខ្ញុំតិច»។
ទោះជាបែបណា ផ្ទះដែលនៅក្បែរទីតាំងកើតហេតុចំណុចផ្លូវវ៉េងស្រេង នៅពេលនេះ បានបន្សល់ទុកស្លាកស្នាមជាច្រើនទាំងនៅលើជញ្ជាំង ដំបូល និងទ្វារផង ដោយការបាញ់រះរបស់ក្រុមសមត្ថកិច្ចដែលចុះបង្ក្រាបក្រុមអ្នកតវ៉ា។
ក្នុងហេតុការណ៍បាញ់បង្ក្រាបដោយកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា យ៉ាងតិចមានក្រុមបាតុករ និងអ្នកស្ថិតនៅក្បែរទីតាំងកើតហេតុ ៤នាក់ស្លាប់ និងយ៉ាងតិច ៤០នាក់របួសធ្ងន់ និងស្រាល។ ចំណែកមន្ត្រីសហជីព និងបាតុករចំនួន ២៣នាក់ផ្សេងទៀត ត្រូវចាប់ខ្លួន ២ថ្ងៃជាប់ៗគ្នា ហើយទីតាំងនៃការឃុំខ្លួនពិតប្រាកដរហូតមកដល់ពេលនេះ មន្ត្រីពាក់ព័ន្ធបន្តឆ្លើយដាក់គ្នា ព្រមទាំងនៅបន្តលាក់បាំងការពិតនៅឡើយ។ ចំណែកខាងកម្លាំងអាជ្ញាធរ ក៏មានរងរបួសមួយចំនួនដែរ។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស មានអង្គការលីកាដូ សមាគមអាដហុក (Adhoc) និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាដើម ចាត់ទុកការព្យាយាមបិទបាំងអ្នកត្រូវចាប់ខ្លួនទាំងនេះថា គឺជាការអនុវត្តផ្ទុយនឹងច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
