ស្ត្រីមានផ្ទៃពោះសម្រាលកូនស្លាប់នៅមណ្ឌលសុខភាពនោះឈ្មោះ អ្នកស្រី កូវ ស៊ីណា អាយុ ៣៤ឆ្នាំ រស់នៅភូមិកំរ៉ែង ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សាច់ញាតិនៃសពលើកឡើងនៅថ្ងៃទី១៦ កក្កដា ថា អ្នកជំងឺដើមឡើយមានអាការៈមិនធ្ងន់ធ្ងរទេ គឺអាចធ្វើចលនាដើរចុះឡើងបាន។ ប៉ុន្តែ បន្ទាប់ពីគ្រូពេទ្យមណ្ឌលសុខភាពក្រសាំង បានចាក់ថ្នាំបញ្ចូលក្នុងសេរ៉ូមអ្នកជំងឺ មួយសន្ទុះក្រោយមក ធ្វើឲ្យអ្នកជំងឺមានអាការៈខុសប្រក្រតី និងមានសភាពកាន់តែធ្ងន់ធ្ងរជាលំដាប់តែម្ដង។
ម្ដាយបង្កើតនៃសព គឺអ្នកស្រី គង់ ថន វ័យ ៦២ឆ្នាំ រស់នៅភូមិកំរ៉ែង ឃុំអណ្ដូងត្របែក មានប្រសាសន៍ទាំងអួលអាក់ដើមក នៅថ្ងៃទី១៦ កក្កដា ថា ការស្លាប់របស់កូនអ្នកស្រីក្នុងមណ្ឌលសុខភាពនេះ ជារឿងអយុត្តិធម៌បំផុត។ អ្នកស្រីថា កូនរបស់គាត់មានសុខភាពគ្រប់គ្រាន់អាចសម្រាលកូនបាន ដោយមិនមានបញ្ហាដល់ការស្លាប់ឡើយ។
អ្នកស្រី គង់ ថន៖ «មកដល់ហ្នឹង ក៏លើកពីក្រោយមកដាក់ខាងមុខហ្នឹង យកមកដាក់បញ្ចូលទៅក្នុងឡាន មនុស្សចាប់ផ្ដើមបញ្ឈរភ្នែកស្រែកឡេឡាៗ បីមនុស្សហ្នឹងចេញបីឡានទៅចូលកន្លែងមណ្ឌលវិញ។ ទៅដាក់នឹងឥដ្ឋការ៉ូខាងមុខ មិនទាន់ចូលដល់ខាងមុខទេ។ ដាក់ឥដ្ឋការ៉ូខាងមុខហ្នឹង មនុស្សហ្នឹងបែកពពុះមាត់រាកនោមឈូ។ បាត់ឈឹងតែម្ដងពីពេលនោះឡើងទៅ ហើយគេថាសន្លប់ អឺមនុស្សសន្លប់ហើយៗ។ ខ្ញុំយំហ៊ូៗ គេថាអត់អីទេអ៊ំ។ អ៊ំឯងកុំអាលអន្ទះសាអ៊ីចឹង»។
អ្នកស្រីបន្តថា កូនរបស់គាត់ចាប់ផ្ដើមឈឺពោះ និងបញ្ជូនដល់មណ្ឌលសុខភាពនៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី១៣ កក្កដា។ ប៉ុន្តែ នៅពេលទៅដល់មណ្ឌលសុខភាព គ្រូពេទ្យពិនិត្យហើយវាយតម្លៃថា អ្នកជំងឺអាចសម្រាលកូនប្រហែលជាម៉ោង ៧ព្រឹក។ អ្នកស្រីថា ក្រោយពីគ្រូពេទ្យចាក់ថ្នាំបញ្ចូលសេរ៉ូម មិនបានប៉ុន្មានផង ធ្វើឲ្យអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តព្រៃវែង។ ហើយអ្នកជំងឺត្រូវបានស្លាប់នៅពេលធ្វើដំណើរតែម្ដង។
ឆ្លើយតបទៅនឹងបញ្ហានេះ ប្រធានមណ្ឌលសុខភាពក្រសាំង លោក ម៉ា សារុំ បានឲ្យដឹងថា ក្រោយពេលមណ្ឌលសុខភាពពិនិត្យមើលឃើញថា អ្នកជំងឺមិនមានសញ្ញាគ្រោះថ្នាក់ទេ តាមរយៈការពិនិត្យផ្ទៃពោះកន្លងមក។ ហើយលោកថា ការលើកឡើងរបស់ម្ដាយជនរងគ្រោះ ថាមណ្ឌលសុខភាពបានធ្វើឲ្យអ្នកជំងឺស្លាប់នោះ ជារឿងមិនត្រឹមត្រូវឡើយ៖ «មណ្ឌលសុខភាពក្នុងការតាមដានដល់ពេលមានបញ្ហាដែលគាត់ឈឺពោះខ្លាំងនៅពេលដែលគាត់ មាត់ស្បូនបើកអស់ហ្នឹង ក៏អ្នកជំងឺចាប់ផ្ដើមមានបញ្ហាហត់ ហើយមណ្ឌលសុខភាពក៏រៀបចំបញ្ជូនជាបន្ទាន់ដែរ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារត្ន៍ មានប្រសាសន៍ថា បញ្ហានេះចាត់ទុកជាការរំលោភសិទ្ធិមនុស្សមួយយ៉ាងធ្ងន់ធ្ងរ ព្រោះគ្រូពេទ្យមានការធ្វេសប្រហែស និងខ្វះការយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺ៖ «ជម្រាបទៅវិញថា ធម្មតាទេ ពេទ្យពេលដែលមានបញ្ហាអ៊ីចឹងហើយ គាត់មិនអាចថាគាត់ទទួលខុសត្រូវទេ គាត់រកលេសអ៊ីចេះរកលេសអ៊ីចុះ។ តែបើអ្វីតាមចម្លើយដែលពលរដ្ឋគាត់មានប្រសាសន៍ហ្នឹង អ្នកហ្នឹងចូលទៅមណ្ឌលសុខភាព គឺពេទ្យហ្នឹងហើយជាអ្នកដែលប្រឹក្សាយោបល់ វិភាគជួយជនរងគ្រោះ ថាតើត្រូវធ្វើម៉េចៗ។ ហើយបើទៅដល់ហើយ អត់ទាន់បានទេ ហេឥឡូវធ្ងន់ណាស់មិនអាចនៅបានទេ មណ្ឌលសុខភាពហ្នឹងត្រូវបញ្ជូនអ្នកហ្នឹងទៅ»។
អ្នកជំងឺ រួមទាំងកូនក្នុងផ្ទៃផង ត្រូវបានស្លាប់តាមផ្លូវនៅពេលបញ្ជូនបន្តទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តព្រៃវែង។ អ្នកជំងឺមានកូនទាំងអស់ចំនួន ៣នាក់ រួមទាំងកូនក្នុងផ្ទៃផង។ បច្ចុប្បន្ន កូនទី១ មានវ័យ ១១ឆ្នាំ និងកូនទី២ មានអាយុ ៦ឆ្នាំ។ ការស្លាប់របស់អ្នកជំងឺដោយគ្មាននរណាទទួលខុសត្រូវនោះ ម្ដាយជនរងគ្រោះទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍លើបញ្ហានេះដល់ពួកគាត់ជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
