ភាគីដែលចុះហត្ថលេខានោះ មានក្រសួងពីររបស់រដ្ឋាភិបាល គឺក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាគមកាត់ដេរកម្ពុជា។
រដ្ឋមន្ត្រីក្រសួងទាំងពីរ គឺលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុទ្ធតែបានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍រួមនោះថា ការចុះហត្ថលេខាលើអនុស្សរណៈនេះ ជាការបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់ក្នុងការអនុវត្តច្បាប់ និងគោរពច្បាប់ការងារឲ្យដល់កម្រិតខ្នាតអន្តរជាតិ រួមទាំងលើកកម្ពស់ទាំងគុណភាពនិងបរិមាណ នៃផលិតផលវាយនភណ្ឌឲ្យបានខ្លាំងជាងប្រទេសនានា នៅក្នុងតំបន់និងនៅលើពិភពលោក។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «យើងចង់បានម៉ាកដែលផលិតនៅប្រទេសកម្ពុជា ត្រូវបានផ្សារភ្ជាប់ជាមួយគុណភាព និងផលិតដោយកម្មករដែលទទួលបានការគោរពសិទ្ធ និងមានលក្ខខណ្ឌការងារល្អពេញលេញ»។
សេចក្ដីប្រកាសព័ត៌មានរួមចេញនៅថ្ងៃទី១៩ ធ្នូ បញ្ជាក់ពីគោលបំណងនៃការចុះហត្ថលេខានេះថា ដើម្បីរួមគ្នាកែលម្អលក្ខខណ្ឌការងារ និងបង្កើនការប្រកួតប្រជែងផ្នែកវិស័យវាយនភណ្ឌនៅកម្ពុជា អនុស្សរណៈនេះ នឹងបង្កើនតួលេខគាំទ្រផ្នែកហិរញ្ញវត្ថុពីសមាគមកាត់ដេរនៅកម្ពុជា និងរដ្ឋាភិបាលដែលអាស្រ័យលើនិន្នាការសេដ្ឋកិច្ចនៃទំហំនាំចេញខាងវិស័យឧស្សាហកម្មកាត់ដេរទាំងមូល។ កិច្ចព្រមព្រៀងនេះ ក៏ជំរុញលើកកម្ពស់តួនាទីរដ្ឋាភិបាលក្នុងការងារអនុវត្តច្បាប់ និងធានានូវនិរន្តរភាពសម្រាប់ឧស្សាហកម្មទាំងមូល។
ទាំងប្រធានសមាគមរោងចក្រកាត់ដេរ លោក វ៉ាន់ ស៊ូអៀង និងតំណាងអង្គការអន្តរជាតិខាងការងារ លោក មូរីហ្សូ ប៊ុស៊ី (Maurizo Bussi) បានគាំទ្រអនុស្សរណៈយោគយល់គ្នានេះ ហើយសន្យាធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធ និងជាមួយរដ្ឋាភិបាលដើម្បីជួយលើកកម្ពស់ការគោរពលក្ខខណ្ឌការងារ ហើយបានអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ រួមចំណែកអនុវត្តលក្ខខណ្ឌការងារពិតប្រាកដតាមរយៈការបង្កើនថ្លៃ និងបរិមាណបញ្ជាទិញពីកម្ពុជា។
ក៏ប៉ុន្តែប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈនេះថា ជាការប្រឹងប្រែងមួយនឹងគ្មានប្រសិទ្ធភាព ដោយលោកបានរិះគន់អំពីអំពើពុករលួយរបស់មន្ត្រីក្រសួងការងារមួយចំនួនទាក់ទងវិស័យកាត់ដេរនេះអស់រាប់ឆ្នាំមកហើយ ដែលជាហេតុធ្វើឲ្យការរំលោភសិទ្ធិកម្មករអស់ជាច្រើនឆ្នាំមកហើយ។
លោក ជា មុនី ឲ្យដឹងថា រោងចក្រនីមួយៗធ្វើបាតុកម្ម យ៉ាងហោចណាស់ ៣ដងដែរក្នុងឆ្នាំ២០១៣។ លោកថា ចំនួនបាតុកម្មបានធ្លាប់ចុះបន្តិចនៅឆ្នាំ២០១២ តែចំនួនកម្មករធ្វើបាតុកម្មរបស់កម្មករឆ្នាំ២០១៣ មានចំនួនខ្ពស់ដូចកាលឆ្នាំ២០១១ ដោយសារតែអំពើពុករលួយ និងមានការរំលោភសិទ្ធិការងារពីសំណាត់ថៅកែរោងចក្រនិងមេការតាមរោងចក្រនីមួយៗ។
លោក ជា មុនី បន្តថា៖ «អនុស្សរណៈនេះគ្រាន់តែជាការធ្វើឲ្យល្អមើលតែប៉ុណ្ណោះ។ វាមិនបានបម្រើផលប្រយោជន៍ពិតដល់កម្មករ មិនបម្រើប្រយោជន៍ពិតដល់ចំណូលថវិកាជាតិទេ។ យើងឃើញហើយជិត ២០ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនិយាយរឿងនេះដដែលៗ មិនត្រឹមតែនិយាយឥឡូវនេះទេតែរឿងនៅតែដដែល»។
វិស័យកាត់ដេរបានផ្ដល់ប្រាក់ចំណូលថវិកាជាតិយ៉ាងធំមួយក្នុងចំណោមវិស័យផ្សេងទៀត។ កម្ពុជាមានរោងចក្រកាត់ដេរប្រហែល ៦០០រោងចក្រ និងកម្មករប្រហែល ៧០ម៉ឺននាក់ ដែលកម្មករម្នាក់ៗ ទទួលប្រាប់ថ្លៃឈ្នួលអប្បបរមាប្រហែល ៨០ដុល្លារក្នុងមួយខែ។ សព្វថ្ងៃនេះតំណាងសហជីពកម្មករកំពុងចរចាជាមួយរដ្ឋាភិបាលសុំដំឡើងប្រាក់ថ្លៃឈ្នួលបន្ថែម ស្របពេលកម្មករនាំគ្នាធ្វើបាតុកម្មដើម្បីសុំដំឡើងប្រាក់ថ្លៃឈ្នួលប្រចាំខែឲ្យបាន ១៤០ដុល្លារក្នុងមួយខែ ដើម្បីអាចចិញ្ចឹមជីវិតប្រចាំថ្ងៃបាន ឲ្យស្របតាមទំនិញទីផ្សារឡើងថ្លៃសព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
