សមត្ថកិច្ចខេត្តកំពង់ចាម អះអាងថា ករណីបុរសម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺជាជនល្មើសដែលបានកាប់សម្លាប់ក្រុមគ្រួសារខ្លួនបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ៤នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីយប់ថ្ងៃទី៣០ វិច្ឆិកា ត្បិតបុរសនោះត្រូវបានរថយន្តបុករហូតដល់មើលមុខមិនស្គាល់។
ការសន្និដ្ឋានដូចនេះ បន្ទាប់ពីមានសាក្សីជាច្រើននាក់ រួមទាំងកូនប្រុសដែលជាកូនចុងរបស់ជនដៃដល់បានបញ្ជាក់ថា សាកសពនោះ គឺជាសាកសពជនល្មើសឈ្មោះ អេង ធី ប្រាកដមែន។
ស្នងការនគរបាលខេត្តកំពង់ចាម លោក ប៉ែន រ័ត្ន មានប្រសាសន៍នៅថ្ងៃទី២ ធ្នូ ថា ទីកន្លែងដែលបុរសនោះស្លាប់ គឺស្ថិតនៅចម្ងាយប្រមាណ ៦ ទៅ ៧គីឡូម៉ែត្រពីផ្ទះជនរងគ្រោះដែលស្លាប់ដោយអំពើឃាតកម្មនៅឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម ប៉ុន្តែខាងសមត្ថកិច្ចពិបាកសន្និដ្ឋានថា បុរសនោះធ្វើអត្តឃាតខ្លួនឯង ឬគ្រោះថ្នាក់ចរាចរណ៍ប្រាកដនោះទេ។ លោកបន្តថា ដោយខ្លាចក្រែងមិនប្រាកដថាជាជនល្មើស ខាងសមត្ថកិច្ចក៏បានប្រើវិធីត្រួតពិនិត្យលើខ្ចៅដៃអ្នកស្លាប់ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលធ្វើកោសល្យវិច័យនៅឡើយ៖ «ប៉ូលិសត្រូវតែធ្វើឲ្យអស់ចិត្តទៅតាមជំនាញឲ្យប្រាកដ។ អ៊ីចឹងខ្ញុំចាត់វិធានការយកក្រយៅដៃមួយទៀត»។
លោកថា ប្រសិនបើករណីជនល្មើសស្លាប់ទៅហើយ រឿងក្តីកាប់សម្លាប់ប្រពន្ធ កូន ម្តាយក្មេក និងឪពុកក្មេក ដែលជននោះបានប្រព្រឹត្តកាលពីយប់ថ្ងៃទី៣០ វិច្ឆិកា គឺត្រូវផុតរលត់ទៅតាមនោះដែរ ដោយមិនអាចបន្តនីតិវិធីបានទៀតទេ។
បន្ថែមពីនេះ កូនប្រុសជនរងគ្រោះ និងត្រូវជាកូនចុងជនល្មើស លោក យាង រដ្ឋា បញ្ជាក់ថា ៨០ភាគរយ គឺជាសពរបស់ លោក អេង ធី ពីព្រោះលោកកត់សម្គាល់តាមរយៈរាងកាយ។ លោកបន្តថ្លែងទាំងអួលដើមកថា ជនល្មើសបានស្លាប់ទៅហើយ គឺចាត់ទុកថាម្តាយ រួមទាំងប្អូនៗ ជីដូនរបស់លោកផង គឺអស់កម្មទៅចុះ ប៉ុន្តែលោកអំពាវនាវឲ្យពលរដ្ឋខ្មែរគ្រប់រូប ជៀសវាងនូវរាល់អំពើហិង្សា ពិសេសអំពើហិង្សាមានលក្ខណៈឃោរឃៅបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
