គ្រូ​បង្រៀន​ម្នាក់​ត្រូវ​គេ​សម្លាប់​និង​បោះ​ចូល​ក្នុង​ទឹក​ត្រពាំង​នៅ​ស្វាយរៀង

នគរបាល​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​ឧសភា បាន​រក​ឃើញ​ថា គ្រូ​បង្រៀន​មួយ​រូប​ដែល​បាន​ស្នាក់​នៅ​ក្នុង​វត្ត​ថ្នាញ សង្កាត់​បាទី នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវ​សម្លាប់ និង​បោះ​សាកសព​ចោល​ក្នុង​ទឹក​ត្រពាំង ដែល​មាន​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​វត្ត។

0:00 / 0:00

ការ​រក​ឃើញ​សព​គ្រូ​បង្រៀន គឺ​បន្ទាប់​ពី​ព្រះចៅ​អធិការ​វត្ត​ថ្នាញ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​ឃាត​ដែរ កាល​ពី​អាធ្រាត្រ​ថ្ងៃ​ទី២៣ ឧសភា នៅ​ក្នុង​ទីអារាម​នោះ។ បន្ទាប់​ពី​បាន​ស៊ើប​អង្កេត សមត្ថកិច្ច​បាន​ចេញ​ការ​សន្និដ្ឋាន​ពី​ដើម​ហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ។

មន្ត្រី​នគរបាល​ខេត្ត​ស្វាយរៀង អះអាង​ថា រឿង​ក្ដី​ឃាតកម្ម​លើ​ចៅ​អធិការ​វត្ត និង​គ្រូ​បង្រៀន គឺ​ជា​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​សម្លាប់ ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។

ស្នង​ការ​រង​នគរបាល​ខេត្ត​ស្វាយរៀង លោក ឡឹក ចំរើន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​រក​ឃើញ​សាកសព​គ្រូ​បង្រៀន​ឈ្មោះ សំ វុទ្ធី ដែល​ស្នាក់​នៅ​ក្នុង​កុដិ​ជា​មួយ​ព្រះតេជព្រះគុណ កែវ តូច និង​បាន​បាត់​ខ្លួន​នៅ​យប់​មាន​ឃាតកម្ម ថ្ងៃ​ទី២៣ ខែ​ឧសភា នោះ​នៅ​ក្នុង​ត្រពាំង​ទឹក។ សមត្ថកិច្ច​បាន​រក​ឃើញ​ថា ទ្រព្យ​សម្បត្តិ​របស់​គាត់​រួម​មាន​ម៉ូតូ​ហុងដាឌ្រីម (Honda Dream) កុំព្យូទ័រ​យួរ​ដៃ ប្រាក់​កាស និង​សម្ភារៈ​មួយ​ត្រូវ​បាត់​បង់។

កាល​ពី​អាធ្រាត្រ​ថ្ងៃ​ទី២៣ ខែ​ឧសភា ព្រះតេជព្រះគុណ កែវ តូច ព្រះជន្ម ៧៨​ព្រះវស្សា ជា​ព្រះចៅ​អធិការ​វត្ត​ថ្នាញ ស្ថិត​នៅ​ក្នុង​សង្កាត់​បាទី ក្រុង​បាវិត ត្រូវ​ធ្វើ​គត់​នៅ​ក្នុង​វត្ត ដោយ​មាន​ស្នាម​ជាំ​ក​ខាង​ឆ្វេង រយះ​លើ​ចិញ្ចើម និង​ទ្រុឌ​លលាដ​ក្បាល។ ចំណែក​គ្រូ​បង្រៀន​ម្នាក់​ទៀត​ឈ្មោះ សំ វុទ្ធី ដែល​ស្នាក់​នៅ​ក្នុង​កុដិ​ជា​មួយ​ព្រះតេជព្រះគុណ កែវ តូច នោះ ក៏​បាន​បាត់​ខ្លួន​នៅ​យប់​មាន​ឃាតកម្ម​ថ្ងៃ​ទី២៣ ឧសភា នោះ​ដែរ។

មន្ត្រី​បក្ស​នយោបាយ និង​សង្គម​ស៊ីវិល បាន​ចុះ​ស្វែង​រក​ការ​ពិត​ជុំវិញ​រឿង​ឃាតកម្ម​នេះ និង​បាន​រក​ឃើញ​ថា មាន​ការ​សង្ស័យ​មួយ​ចំនួន ប៉ុន្តែ​ក៏​ពុំ​ទាន់​មាន​ការ​សន្និដ្ឋាន​ថា រឿង​ក្ដី​នេះ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នៅ​ឡើយ។

អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​គ្រាន់​តែ​អាច​សន្និដ្ឋាន​ថា ករណី​នេះ​ជា​ឃាតកម្ម​គ្រោង​ទុក​ជា​មុន ដែល​ទាមទារ​អោយ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ពី​រឿង​រ៉ាវ​ដែល​នៅ​ពី​ខាង​ក្រោយ។

ភ្លាមៗ​នៅ​ក្រោយ​ករណី​ឃាតកម្ម​លើ​ព្រះតេជព្រះគុណ កែវ តូច មន្ត្រី​បក្ស​នយោបាយ​បាន​សង្ស័យ​ថា នេះ​ជា​រឿង​ដែល​អាច​ពាក់ព័ន្ធ​ដល់​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ នៅ​ពេល​ដែល​ព្រះសង្ឃ​អង្គ​នេះ​មាន​កូន​ប្រុស និង​សមាជិក​គ្រួសារ​ជា​ច្រើន​នាក់​ទៀត ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ ក្រោយ​មក មន្ត្រី​គណបក្ស​នយោបាយ​បាន​សុំ​ពេល​វេលា​ធ្វើ​ការ​ស្រាវជ្រាវ​សិន មុន​ឈាន​ដល់​ការ​សន្និដ្ឋាន​ថា អំពើ​មនុស្ស​ឃាត​នេះ​ទាក់ទង​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។