ក្រុមកម្មករដែលចេញមកធ្វើកូដកម្មបិទផ្លូវថ្លែងថា ការធ្វើដូច្នេះ គឺដោយសារតែការតវ៉ារបស់ពួកគាត់មិនមានដំណោះស្រាយ បន្ទាប់ពីបានធ្វើកូដកម្មស្ងៀមស្ងាត់ក្នុងរោងចក្រជិតពីរសប្ដាហ៍មកហើយ។
កម្មការិនីឈ្មោះ ប្រាក់ សម្ផស្ស ថ្លែងថា ដោយសារតែការតវ៉ាមិនមានការអើពើពីភាគីថៅកែរោងចក្រ ទើបពួកគាត់មិនអាចរង់ចាំតទៅទៅទៀតបាន ទើបនាំគ្នាចេញមកខាងក្រៅរោងចក្រ៖ «ទ្រាំយូរហើយ។ នៅក្នុងរោងចក្រអត់ធ្វើការទេ ហើយក្រុមហ៊ុនអត់មានគិតអ្វីឱ្យទាំងអស់។ អ៊ីចឹងពួកខ្ញុំសុំទាមទារបើមិនបានទាំងអស់ ក៏បានខ្លះដែលពួកខ្ញុំអាចទទួលយកបាន»។
កម្មការិនីមួយរូបទៀតឈ្មោះ គឹម សិរីវឌ្ឍន៍ កម្មករទាមទារឱ្យខាងភាគីថៅកែរោងចក្រ កែលម្អលក្ខខណ្ឌទាក់ទងនឹងការងារចំនួន ១១ចំណុច៖ «ក្នុងរោងចក្រពួកយើងទាមទារហ្នឹង ថែមម៉ោងហ្នឹង គឺវាអត់សមស្របនឹងការដែលពួកខ្ញុំធ្វើទេ។ ទាំងការសុំច្បាប់អីហ្នឹងវាពិបាក ដូចថា ចូលម៉ោងធ្វើការហ្នឹងលើសតែមួយនាទីក៏ដាច់លុយ ១០ដុល្លារដែរ។ ពួកខ្ញុំចង់ឱ្យកាត់ថា មកលើសម៉ោងតិចតួច ឱ្យកាត់តាមសមាមាត្រវិញ។ កុំឱ្យកាត់ដល់ ១០ដុល្លារវាច្រើនពេក»។
នៅក្នុងញត្តិតវ៉ារបស់កម្មករទាមទារ ១១ចំណុច មានជាអាទិ គឺផ្ដល់ប្រាក់តម្លៃឡូឱ្យបានសមរម្យ ផ្ដល់ប្រាក់ទ្រទ្រង់ជីវភាព ៥ដុល្លារ ប្រាក់ថ្លៃអាហារពេលថែមម៉ោងចំនួនពី ៤ពាន់ ទៅ ៦ពាន់រៀល ប្រាក់លើកទឹកចិត្ត ៣ដុល្លារ ដែលធ្វើការថ្ងៃបុណ្យ ប្រាក់ថ្លៃធ្វើដំណើរ ១២ដុល្លារ មិនត្រូវបញ្ចប់កិច្ចសន្យាកម្មករសម្រាលកូន ផ្ដល់ប្រាក់លើកទឹកចិត្តកម្មករស៊ីឡូ ៨ដុល្លារ ពេលធ្វើការបានលើសប្រាក់ខែគោល ផ្ដល់កន្លែងហូបបាយ និងដាក់ម៉ូតូឱ្យបានត្រឹមត្រូវ និងទាមទារឱ្យចាត់វិធានការចំពោះប្រធានអាគារ ដែលប្រើអាកប្បកិរិយាមិនសមរម្យលើកម្មករ។
ក្រុមកម្មករដែលបិទផ្លូវជិតចាប់តាំងពីម៉ោង ៧ព្រឹក បានសម្រេចបើកឱ្យអ្នកធ្វើដំណើរធ្វើចរាចរណ៍ជាធម្មតាឡើងវិញ នៅម៉ោង ៩ និង ៣០នាទី នៅពេលដែលខាងភាគីរោងចក្របើកឱ្យតំណាងកម្មករចូលជួបចរចាគ្នា។
មន្ត្រីច្បាប់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ឬហៅថា ស៊ីខាវឌូ (C-CAWDU) ដែលជាសហជីពកម្មករនៅរោងចក្រ អឹមវ៉េ លោក ស៊ាង យ៉ូត ថ្លែងនៅល្ងាចថ្ងៃទី ១៩ មិថុនា ថា ក្រុមកម្មករនៅតែបន្តកូដកម្ម ព្រោះការចរចានោះមិនទទួលបានលទ្ធផលទេ៖ «អត់ត្រូវគ្នា។ ថៅកែគេអត់ព្រមអីផង។ ក្រុមហ៊ុនគេថា អត់មានលទ្ធភាពផ្ដល់ឱ្យ។ គេអត់ព្រម សូម្បីតែរោងបាយ រោងដាក់កង់ ដាក់ម៉ូតូក៏អត់ប្រក់តង់ឱ្យដែរ»។
លោកឱ្យដឹងថា នៅក្នុងជំនួបចរចាគ្នាកាលពីពេលព្រឹក ក្រុមអាជ្ញាកណ្ដាលបានបង្គាប់ឱ្យកម្មករចូលធ្វើការវិញ ក៏ប៉ុន្តែកម្មករមិនព្រម ព្រោះតែមិនមានដំណោះស្រាយ។ ការតវ៉ាបិទផ្លូវរបស់កម្មករមិនបានប៉ះទង្គិច ឬបង្ក្រាបដោយនគរបាលទេ។
វិទ្យុអាស៊ីសេរីមិនទាន់ទទួលបានការបញ្ជាក់ពីភាគីរោងចក្រ និងមន្ត្រីការងាររាជធានីភ្នំពេញ បានទេ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
