ស្ពាន​អ្នក​លឿង​នឹង​បើក​ឲ្យ​ប្រើប្រាស់​នៅ​ដើម​ខែ​មេសា​ឆ្នាំ​២០១៥

0:00 / 0:00

ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១ ដែល​ត្រូវ​ឆ្លង​កាត់​ទន្លេ​មេគង្គ​នៅ​ចំណុច​អ្នក​លឿង​នោះ នឹង​បាន​ប្រើប្រាស់​ស្ពាន​ឆ្លង​ជំនួស​ឆ្លង​សាឡាង នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

មន្ត្រី​នៃ​ក្រសួង​សាធារណការ ឲ្យ​ដឹង​ថា ក្រុម​វិស្វករ​សាងសង់​ស្ពាន នឹង​ខិតខំ​ប្រឹងប្រែង​បញ្ចប់​ការងារ ដើម្បី​បើក​ស្ពាន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់។

មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ថា ស្ពាន​អ្នក​លឿង​ឆ្លង​កាត់​ទន្លេ​មេគង្គ នឹង​ត្រូវ​បើក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​នៅ​សប្ដាហ៍​ទី​១ នៃ​ខែ​មេសា ឆ្នាំ​២០១៥ ខាង​មុខ។

ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គឺ​លោក ឈឹម ផល្លា មាន​ប្រសាសន៍​ថា ប្រមុខ​រដ្ឋាភិបាល និង​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ជប៉ុន តំណាង​ឲ្យ​រដ្ឋាភិបាល​ជប៉ុន នឹង​ធ្វើ​ពិធី​ចាក់​បេតុង​ដើម្បី​ត​ភ្ជាប់​តំណ​ស្ពាន​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥៖ «រដ្ឋាភិបាល​នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ បើ​ទោះ​ជា​សល់​ការងារ​ខ្លះ​មិន​ទាន់​ហើយ​ក៏ដោយ ពួក​គាត់​នឹង​ធ្វើ​ឲ្យ​រួច​រាល់។ ប្រមុខ​រដ្ឋាភិបាល​នឹង​មក​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥ ហើយ​បើក​ឲ្យ​ប្រើ​ដើម​ខែ​មេសា»

ស្ពាន​អ្នក​លឿង​ជា​ស្ពាន​មួយ​ត​ភ្ជាប់​ស្រុក​ពីរ ឋិត​នៅ​ត្រើយ​ម្ខាង​ម្នាក់​នៃ​ទន្លេ​មេគង្គ​ក្រោម នៃ​ស្រុក​លើកដែក ខេត្ត​កណ្ដាល និង​ស្រុក​ពាមរ ខេត្ត​ព្រៃវែង។ ស្ពាន​នេះ​មាន​ប្រវែង​បណ្ដោយ ២.២១៥​ម៉ែត្រ ទទឹង ១៣​ម៉ែត្រ​កន្លះ ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ៩៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រធាន​ក្រុមហ៊ុន​សាងសង់​ស្ពាន​អ្នក​លឿង លោក អ៊ីកូ គិតាដា (Ikoo Kitada) មាន​ប្រសាសន៍​ថា ស្ពាន​អ្នក​លឿង​ដែល​មាន​កម្ពស់​សសរ​បេតុង​ប្រវែង ៣០០​ម៉ែត្រ​នេះ ជា​ប្រភេទ​ស្ពាន​ដែល​វែង​បើ​ធៀប​ទៅ​ប្រទេស​ជប៉ុន ឬ​ទៅ​ពិភពលោក​នោះ៖ «វា​ពិបាក​ក្នុង​ការ​ប្រៀបធៀប​រវាង​ស្ពាន​គីសូណា ខេត្ត​កំពង់ចាម និង​ស្ពាន​អ្នក​លឿង ព្រោះ​ថា ស្ពាន​គីសូណា ធ្វើ​ដោយ​បេតុង​ប្រអប់ ហើយ​ស្ពាន​អ្នក​លឿង​បេតុង​ស្ដើង ហើយ​មាន​យោង ដោយ​មើល​ទៅ​មាន​សោភណភាព​ជាង។ ស្ពាន​ដែល​មាន​សសរ​ស្ពាន​កម្ពស់ ៣០០​ម៉ែត្រ​នេះ​ជា​ស្ពាន​ដែល​មាន​កម្ពស់​វែង​ក្នុង​ចំណោម​ស្ពាន​នានា​នៅ​ពិភពលោក»

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​អ្នក​លឿង សម្ដែង​ក្ដី​រីករាយ​នៅ​ពេល​ដែល​ឮ​ដំណឹង​ថា ស្ពាន​អាច​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ។

អ្នក​បើក​រថយន្ត​ឈ្នួល​ម្នាក់​ឈ្មោះ ស្រស់ បាន​ថ្លែង​ថា លោក​នឹង​បាន​ធ្វើ​ដំណើរ​ទៅ​មក​ទីក្រុង​ភ្នំពេញ​បាន​លឿន ហើយ​ម្យ៉ាង​ទៀត​មិន​ចំណាយ​ប្រាក់​ដើម្បី​ឆ្លង​សាឡាង​ផង៖ «ខ្ញុំ​ទិញ​សំបុត្រ​ឡាន​ឆ្លង ៩​ពាន់ សំបុត្រ​សម្រាប់​មនុស្ស​ជិះ ១​ពាន់ ហើយ​ថ្លៃ​ហែក​សំបុត្រ ៥​ពាន់ សរុប​គឺ ១​ម៉ឺន ៥​ពាន់។ ខ្ញុំ​គិត​ថា ប្រសិន​បើ​ស្ពាន​ធ្វើ​ហើយ គឺ​បើកបរ​លឿន ហើយ​ងាយ​ស្រួល​ទៀត»

ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គឺ​លោក ឈឹម ផល្លា មាន​ប្រសាសន៍​ថា ស្ពាន​អ្នក​លឿង​នេះ ក្រៅ​ពី​ត​ភ្ជាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស វា​ជា​ស្ពាន​មួយ​ដែល​ត​ភ្ជាប់​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​ក្នុង​តំបន់​ទាំង​មូល ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។