រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​រង​ការ​រិះគន់​ថា​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គុណភាព​វិស័យ​អប់រំ

មេ​ដឹក​នាំ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ រិះគន់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ អាណត្តិ​ថ្មី ថា​មិន​បាន​ឈឺ​ឆ្អាល​កង្វល់​របស់​ក្រុម​គ្រូ​បង្រៀន​ដូច​គ្នា​នឹង​លោក​រដ្ឋមន្ត្រី​អាណត្តិ​មុន​ដែរ។ ប្រតិកម្ម​នេះ បន្ទាប់​ពី​សំណើ​សុំ​ជួប​ពិភាក្សា​ទាក់ទង​កម្រិត​ស្ថានភាព​គ្រូ​បង្រៀន និង​ស្ថានភាព​វិស័យ​អប់រំ​នៅ​កម្ពុជា មិន​មាន​ការ​ឆ្លើយ​តប​ពី​ស្ថាប័ន​នេះ។

0:00 / 0:00

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា សមាគម​នេះ​បាន​ដាក់​លិខិត​សុំ​ជួប លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ដើម្បី​លើក​ពី​កម្រិត​ស្ថានភាព​គ្រូ​បង្រៀន និង​ស្ថានភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​ថា លិខិត​ដាក់​ជូន​ក្រសួង​អប់រំ តាំង​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា គ្មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​ក្រសួង​អប់រំ ទេ​មក​ដល់​ពេល​នេះ។

«សំឡេង»

លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា ការ​ណាត់​ជួប​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ គឺ​មាន​បំណង​ចូល​រួម​ចំណែក​កែលំអ​ស្ថានភាព​ជីវភាព​គ្រូ​បង្រៀន និង​កែលំអ​គុណភាព​អប់រំ​នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត។ របៀបវារៈ​សំខាន់​ចំនួន​៤ ដែល លោក រ៉ុង ឈុន ស្នើ​ចូល​ជួប លោក ហង់ ជួនណារ៉ុន រួម​មាន ការ​កែលំអ​ការ​រៀន ការ​បង្រៀន និង​បរិស្ថាន​អប់រំ ការ​បង្កើន​មូលនិធិ​ចំពោះ​វិស័យ​អប់រំ ការ​កែលំអ​នៃ​ការ​ចូល​រួម​នូវ​រាល់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ និង​ការ​កែលំអ​គុណភាព​គ្រូ និង​កែលំអ​គុណភាព​នៃ​ការ​អប់រំ។

ទោះ​ជា​បែប​ណា លោក សំ សេរីរ័ត្ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ មាន​ប្រសាសន៍​ថា មិន​បាន​ទទួល​លិខិត​សមាគម​គ្រូ​បង្រៀន​ស្នើ​ជួប​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ នៅ​ឡើយ​ទេ មក​ដល់​រសៀល​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

ផ្ដើម​ពី​បញ្ហា​នេះ លោក រ៉ុង ឈុន គ្មាន​ជំនឿ​ថា លោក ហង់ ជួនណារ៉ុន អាច​កែលំអ​វិស័យ​អប់រំ​បាន​ទេ ដរាប​ណា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កង្វល់ ឬ​ការ​រិះគន់​របស់​ក្រុម​គ្រូ​បង្រៀន​យក​ទៅ​ពិនិត្យ និង​កែលំអ​ឲ្យ​បាន​ច្រើន​នោះ។

យ៉ាង​ណា​ក៏ដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី បាន​អះអាង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា នឹង​ជំរុញ​កែលំអ​គុណភាព​អប់រំ និង​បញ្ហា​ប្រឈម​នានា ដែល​កើត​មាន​នៅ​ក្នុង​វិស័យ​អប់រំ​ឲ្យ​បាន​ប្រសើរ នៅ​ក្នុង​អាណត្តិ​ដឹក​នាំ​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។