មន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា លិខិតឆ្លងដែនរយៈពេលវែង គឺមានសុពលភាពរយៈពេល ១០ឆ្នាំនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលខាងមុខ នៅបន្ទាប់ពីលិខិតឆ្លងដែនចាស់ប្រើប្រាស់អស់ពីក្នុងឃ្លាំងជាមុនសិន។ ចំណែកអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលអំពើពុករលួយ ចាត់ទុកថា ការពន្យារពេលលិខិតឆ្លងដែនរយៈពេលវែងនេះ ទំនងរដ្ឋាភិបាលមានចេតនាមិនល្អក្នុងរឿងអ្វីមួយផ្សេងពីនេះ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ អះអាងនៅពេលនេះថា លិខិតឆ្លងដែនដែលអាចប្រើប្រាស់ ហើយមានសុពលភាពរហូតបាន ១០ឆ្នាំ ដែលរដ្ឋាភិបាលគ្រោងថានឹងបញ្ចេញក្នុងពេលឆាប់ៗនេះ នឹងមិនអាចទាន់ដំណើរការបាននៅឡើយទេ ព្រោះថា លិខិតឆ្លងដែនប្រភេទចាស់មាននៅក្នុងស្តុក ប្រើប្រាស់មិនទាន់អស់នៅឡើយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឲ្យដឹងនៅថ្ងៃទី២៧ មិថុនា ថា គិតមកដល់ពេលនេះ កម្ពុជា កំពុងពិចារណាពីលទ្ធភាពក្នុងការដាក់ឲ្យដំណើរការលិខិតឆ្លងដែនរយៈពេលវែង ដែលអាចប្រើបានរហូតដល់ ១០ឆ្នាំនោះនៅឡើយ។ លោកបន្តថា ការដែលរដ្ឋាភិបាលខកខានក្នុងការអនុវត្តដាក់ឲ្យដំណើរនេះ ព្រោះថា លិខិតឆ្លងដែនចាស់ដែលមានសុពលភាពត្រឹម ៣ឆ្នាំនេះ មិនទាន់ប្រើប្រាស់អស់ពីឃ្លាំងនៅឡើយទេ។ ហេតុនេះ កម្ពុជា មិនអាចបញ្ចេញលិខិតឆ្លងដែនថ្មីបានឡើយនៅពេលនេះ។
លោក ខៀវ សុភ័គ បញ្ជាក់ថា តាមការប៉ាន់ស្មានក្រៅផ្លូវការ ប្រហែលជាអាចត្រូវរង់ចាំចន្លោះពី ១ឆ្នាំ ឬ ២ឆ្នាំទៀត បើធៀបនឹងលិខិតឆ្លងដែនចាស់នៅសល់ប្រមាណ ២០ម៉ឺនក្បាលទៀត នៅក្នុងស្តុកនៅឡើយនោះនៅពេលនេះ៖ «បើយើងប្រើអាថ្មីអ៊ីចឹងទៅ វាមិនសល់អាចាស់។ ដូច្នេះដល់ពេលថាហូបស្រូវចាស់អស់ពីឃ្លាំងសិន អស់ពីជង្រុកសិន បានយើងហូបស្រូវថ្មី។ ក្នុងន័យហ្នឹង យើងហូបស្រូវចាស់អស់សិន បានប្រើប្រាស់។ លិខិតឆ្លងដែនចាស់អស់ពីឃ្លាំង បានយើងប្រើប្រាស់លិខិតឆ្លងដែនថ្មីហ្នឹងបាន។ ដែលនៅសល់ប្រហែលជាង ២០ម៉ឺនក្បាលទៀតនៅក្នុងឃ្លាំង ហើយបើតាមសន្ទស្សន៍ទៅមិនជាយូរប៉ុន្មានទេ»។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងពេលកន្លងទៅ រដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា លិខិតឆ្លងដែនដែលមានរយៈពេលច្រើនឆ្នាំនេះ នឹងដាក់ឲ្យអនុវត្តស្របពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក្នុងឆ្នាំ២០១៥ ខាងមុខនេះ។
លោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញរួបរួមគណនេយ្យសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចាត់ទុកថា ការពន្យារពេលលិខិតឆ្លងដែនរយៈពេល ១០ឆ្នាំនេះ ទំនងជារដ្ឋាភិបាលមានចេតនាមិនល្អនៅពីក្រោយ ជាជាងហេតុផលលិខិតឆ្លងដែនចាស់ប្រើប្រាស់មិនទាន់អស់ពីស្តុក។ ជាងនេះទៀត គួបផ្សំលិខិតឆ្លងដែនរបស់កម្ពុជា ធ្វើក្នុងតម្លៃមួយដែលថ្លៃកប់ពពកផង ហេតុនេះជាចំណុចដែលធ្វើឲ្យមន្ត្រីទទួលបន្ទុកលើលិខិតឆ្លងដែននេះ អាចនៅមានឱកាសរកកម្រៃជើងសាក្រៅបាន។
លោក សន ជ័យ៖ «ខ្ញុំគិតថា លិខិតឆ្លងដែនហ្នឹងវាជាចំណុចរសើបមួយ ខណៈដែលបណ្ដាប្រទេសជិតខាងតម្លៃលិខិតមួយៗហ្នឹង គឺទាប។ មានតែប្រទេសកម្ពុជា ទេ ដែលជាប្រទេសកំពុងអភិវឌ្ឍ ដែលមានតម្លៃលិខិតឆ្លងដែនហ្នឹងថ្លៃជាងគេ ហើយវាមានបាតុភាពច្រើន ហើយថ្មីៗនេះឃើញថា រដ្ឋាភិបាលចាប់ផ្ដើមឲ្យអត្ថិភាពទៅពលករ និងនិស្សិតអាហារូបករណ៍គិតត្រឹមតម្លៃ ៤ដុល្លារ ហើយតម្លៃ ៤ដុល្លារនេះ គឺនៅមានស្មុគស្មាញនៅឡើយ។ នៅមានព័ត៌មានបញ្ច្រាសទិសគ្នា»។
កម្ពុជា បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ថ្លៃលិខិតឆ្លងដែនមានតម្លៃគុណនឹងពីរ ហើយនីតិវិធីនោះទៀតសោត ថែមទាំងមានភាពស្មុគស្មាញផង។ តម្លៃលិខិតឆ្លងដែន បើធ្វើមិនប្រញាប់ទេ គឺថ្លៃ ១៣៥ដុល្លារក្នុងរយៈពេល ១ខែកន្លះ។ ប៉ុន្តែ បើអ្នកធ្វើចង់ប្រញាប់ តម្លៃអាចលើសពីនេះ ដែលអាចមានតម្លៃដល់ ៣០០ដុល្លារ។
ក្រៅពីនេះ នៅឯការិយាល័យធ្វើលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃ ឯណេះវិញ មានអ្នកកួកជេមុខក្រោយជាលក្ខណៈឯកជនសម្រាប់រត់ការសេវាធ្វើលិខិតឆ្លងដែនក្រៅផ្លូវការជាហូរហែ ចាប់ពីខាងមុខរបងខ្លោងទ្វារចូល រហូតដល់ផ្នែកខាងក្នុងថែមទៀត។ ប្រសិនបើអ្នកធ្វើលិខិតឆ្លងដែន ចង់ធ្វើតាមរយៈអ្នករត់ការក្រៅនេះ តម្លៃអាចលើសពី ១៣៥ដុល្លារអាមេរិក។ ដោយហេតុថា គេត្រូវចំណាយលើសេវាក្រៅផ្លូវការបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
