រមណីយដ្ឋានថ្មីមួយឈ្មោះថា រមណីយដ្ឋានកោះខ្សាច់សេកុង ដែលផុសនៅកណ្ដាលទន្លេសេកុងក្រុងស្ទឹងត្រែង កំពុងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំឡុងពិធីបុណ្យចូលឆ្នាំចិន។ ពលរដ្ឋខេត្តស្ទឹងត្រែង សម្ដែងមោទនភាពចំពោះរមណីយដ្ឋាននោះ ដែលបដិសន្ធិក្រោមការជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។
ភ្ញៀវទេសចរដ៏ច្រើនលើសលប់ បានសម្រុកមកកម្សាន្តនៅរមណីយដ្ឋានធម្មជាតិកោះខ្សាច់សេកុង ក្រុងស្ទឹងត្រែង ឋិតនៅចំកណ្ដាលទន្លេសេកុង ឆ្ងាយពីទីរួមខេត្តប្រមាណជាង ៤គីឡូម៉ែត្រ។ កោះនោះមានទំហំប្រហែល ៤ហិកតារ អមដោយទឹកព័ទ្ធជុំវិញថ្លាឈ្វេង និងមានកន្លែងអង្គុយជាង ១០០រោងដាក់ត្រៀមសម្រាប់ភ្ញៀវមកកម្សាន្ត។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង កញ្ញា រស់ ផល្លី ចាត់ទុករមណីយដ្ឋានដ៏ថ្មីស្រឡាងនោះ ថាមិនត្រឹមតែបង្កើតបរិយាកាសរីករាយដល់ពលរដ្ឋទេ តែថែមទាំងបង្កើននូវប្រាក់ចំណូលដល់ប្រជាជននៅមូលដ្ឋានតាមរយៈការលក់សម្ភារៈ និងអាហារហូបចុក ជាដើម។ ទោះយ៉ាងណាក៏ដោយ កញ្ញាចង់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមថែរក្សាបរិស្ថានអនាម័យ ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថានទន្លេ៖ « សម្រាប់អ្នកចង់មកទស្សនានៅកោះខ្សាច់ហ្នឹង វាមានច្រើនយ៉ាង។ ផ្លូវធ្វើចុះតាំងពីដើមរហូតចុះមកដល់កោះខ្សាច់ហ្នឹង។ យើងអាចធ្វើដំណើរមិនថាជិះម៉ូតូ មិនថាជិះឡាន គឺមកបានទាំងអស់ »។
បុរសជនជាតិវៀតណាម លោក តួ ធី ដែលកំពុងញ៉ាំអាហារនៅកោះខ្សាច់សេកុង ស្នើឲ្យមន្ទីរទេសចរណ៍ បង្កើតឲ្យមានរមណីយដ្ឋាននេះនៅឆ្នាំក្រោយទៀត បន្ទាប់ពីកោះខ្សាច់នេះមិនអាចធានាបាននូវទឹកខែវស្សាទេ៖ « ទេសចរណ៍នៅនេះ គឺស្អាត នាំកូនចៅដើរលេងមិនកន្លែងនេះ។ សូមឆ្នាំក្រោយឲ្យវាអ៊ូអរថែមទៀត »។
រមណីយដ្ឋានកោះខ្សាច់សេកុង ឋិតនៅភូមិស្រះឫស្សី សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ដែលបដិសន្ធិឡើងដោយមានការចង្អុលបង្ហាញពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងពលរដ្ឋនៅមូលដ្ឋាន បានចំណាយថវិកាប្រមាណជាង ៤ម៉ឺនដុល្លារ ហើយបានចាប់ផ្ដើមបើកឲ្យដំណើរការកាលពីខែមករា ឆ្នាំ២០១៦ គោលបំណងដើម្បីផ្តល់ឱកាសការងារដល់យុវជន និងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋខេត្តស្ទឹងត្រែង។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ដែលជាអ្នកផ្ដើមគំនិតរៀបចំឲ្យមានរមណីយដ្ឋានកោះខ្សាច់សេកុងនោះ ឲ្យដឹងថា ភ្ញៀវទេសចរមកទស្សនាខេត្តស្ទឹងត្រែង នៅឆ្នាំនេះកើនជាងឆ្នាំមុនទ្វេដង។ លោកថា ក្នុងរយៈពេល ១ថ្ងៃដំបូងនៃបុណ្យចូលឆ្នាំចិន មានភ្ញៀវមកកម្សាន្តទីនេះជាង ៥ពាន់នាក់។ លោកបន្តថា មន្ទីរបានរៀបចំវិធានការគោលដៅសំខាន់ ៤ចំណុចរួមមាន រៀបចំសណ្ដាប់ធ្នាប់ ពង្រឹងគុណភាពសេវាកម្ម ការពារផលប៉ះពាល់បរិស្ថាន សុវត្ថិភាពភ្ញៀវទេសចរ និងកំណត់តម្លៃនៃម្ហូបអាហារ៖ « គឺយើងគិតគូរពីតម្លៃនៃម្ហូបអាហារ ព្រោះយើងអត់ចង់ឲ្យពលរដ្ឋនៅទីនេះ យើងផ្តល់ឱកាសមុខរបរជូនគាត់ មិនចង់ឲ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវ។ គឺកំណត់តម្លៃមួយសមរម្យអាចទទួលយកបាន នេះជាគោលដៅ។ មន្ទីរទេសចរណ៍បានណែនាំឲ្យអ្នកលក់ដូរទាំងអស់ ជាពិសេសគឺចេញមកពីពលរដ្ឋតែម្តង »។
លោក លោក អ៊ន់ ប៉ោសឿន ចាត់ទុកការបង្កើតរមណីយដ្ឋានថ្មីនោះ ថាជាជំហានជោគជ័យថ្មីមួយទៀតសម្រាប់មន្ទីរទេសចរណ៍ និងដៃគូអភិវឌ្ឍន៍នៅមូលដ្ឋាន ដែលជាផ្នែកមួយចូលរួមបម្រើផលប្រយោជន៍ឯកជន ឬពលរដ្ឋនៅខេត្តស្ទឹងត្រែង។ លោក អ៊ន់ ប៉ោសឿន នៅមិនទាន់កំណត់ទិន្នន័យជាក់លាក់នៅឡើយទេចំពោះចំនួនភ្ញៀវទេសចរមកកម្សាន្តនៅអំឡុងបុណ្យចូលឆ្នាំចិន នេះនៅទូទាំងខេត្តស្ទឹងត្រែង៖ « ការបង្កើតរមណីយដ្ឋានក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍អ្នកភូមិ។ ពលរដ្ឋនៅទីនេះផ្ទាល់ គាត់មានឱកាសបង្កើតការងារជូនពួកគាត់។ ភ្ញៀវទេសចរគេមកលេងគាត់អាចរកចំណូលបាន »។
តួលេខរបស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ឆ្នាំ២០១៥ បង្ហាញថា ភ្ញៀវទេសចរមកទស្សនានៅខេត្តស្ទឹងត្រែង ឆ្នាំ២០១៥ មានចំនួនជាង ១០ម៉ឺននាក់ គឺកើនឡើងជាងឆ្នាំ២០១៤ ជាង ២០ភាគរយ។ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង រំពឹងថា នៅឆ្នាំ២០១៦ នេះ ចំនួនភ្ញៀវទេសចរនឹងកើនឡើង ខណៈសក្ដានុពលរមណីយដ្ឋានធម្មជាតិខេត្តនេះ កំពុងកើនឡើងជាបន្តបន្ទាប់។
ខេត្តស្ទឹងត្រែង មានរមណីយដ្ឋានអេកូទេសចរណ៍ចំនួន ២៧កន្លែង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន ៧កន្លែង ដែលផ្តល់សក្ដានុពលខ្លាំង គឺរមណីយដ្ឋានធម្មជាតិបុប្ផាភ្លុក រមណីយដ្ឋានអូរឫស្សីកណ្ដាល រមណីយដ្ឋានអន្លង់ផ្សោតឈើទាល រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ រមណីយដ្ឋានកោះខ្សាច់សេកុង សហគមន៍អេកូទេសចរណ៍វើនសៀន និងសហគមន៍អេកូទេសចរណ៍អាហារត្មាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
