សង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងចរាចរណ៍ផ្លូវគោក សាទរចំពោះចំណាត់ការថ្មីរបស់អគ្គស្នងការនគរបាលជាតិ ដែលតម្រូវដល់អ្នករងការពិន័យ ដោយសារជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឲ្យរកមួកសុវត្ថិភាពពាក់ត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យបន្តដំណើរទៅមុខបាន។
លិខិតរបស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី៩ កុម្ភៈ ចេញនូវបទបញ្ជាថ្មី តម្រូវឲ្យគ្រប់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តឲ្យម៉ឺងម៉ាត់ជាប់ជាប្រចាំ ផាកពិន័យអ្នកជិះម៉ូតូ និងអ្នកបើកបរម៉ូតូកង់បីមិនពាក់មួកសុវត្ថិភាព ដោយតម្រូវរកមួកសុវត្ថិភាពពាក់ឲ្យត្រឹមត្រូវ ទើបអាចបន្តដំណើរបាន។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា ឲ្យអាស៊ីសេរីដឹងថា ចំណាត់ការថ្មីរបស់អគ្គស្នងការនគរបាលជាតិនេះ ជារឿងល្អប្រសើរ ដើម្បីឲ្យនគរបាលចរាចរណ៍គ្រប់ជាន់ថ្នាក់ រឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅតាមមូលដ្ឋាន។ ប៉ុន្តែអ្វីដែលលោកចង់បានបន្ថែមលើសពីការអប់រំ ផ្សព្វផ្សាយ និងពង្រឹងច្បាប់ចរាចរណ៍នេះ គឺគួរពង្រីកទៅដល់មូលហេតុសំខាន់ពីរទៀតដែលធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបើកបរលើសល្បឿនកំណត់ និងការបើកបរក្នុងស្ថានភាពស្រវឹង៕
របាយការណ៍របស់មន្ត្រីជំនាញខាងចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងជិះម៉ូតូ ភាគច្រើនដោយសារពួកគេមិនពាក់មួកសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
