ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​សង់​រូប​សំណាក​នៅ​រង្វង់​មូល​ចម្ការ​ចេក​ខេត្ត​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2014.09.30
រូប​សំណាក​យាយ​ទេព បាត់ដំបង ៦២០ រូប​សំណាក​លោក​យាយ​ទេព កំពុង​សាងសង់​នៅ​រង្វង់​មូល​ចម្ការ​ចេក តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៤
RFA/Morm Moniroth

អាជ្ញាធរ​ខេត្ត​បាត់ដំបង កំពុង​សាងសង់​រូប​សំណាក​មួយ​នៅ​រង្វង់​មូល​ចម្ការ​ចេក ខេត្ត​បាត់ដំបង បន្ទាប់​ពី​ការ​រុះរើ​រូប​ហនុមាន​ចាស់​ចេញ។ រហូត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ជាច្រើន រួម​និង​អង្គការ​សង្គម​ស៊ីវិល​ផង ពុំ​ដឹង​ថា រូប​សំណាក​នោះ​ជា​អ្វី​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​មួយ​ចំនួន មាន​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​នេះ ហើយ​លើក​ឡើង​ថា ការ​ប្ដូរ​រូប​ថ្មី​នេះ ជា​ការ​ចំណាយ​ថវិកា​តាម​អំពើ​ចិត្ត។

បន្ទាប់​ពី​ការ​ដក​រូប​សំណាក​ចាស់​ចេញ ដែល​ទើប​សាងសង់​មិន​ទាន់​រួច​រាល់​ផង ប្រជាពលរដ្ឋ​ចំនួន​មាន​ប្រតិកម្ម​ចំពោះ​រូប​សំណាក​នោះ​ជា​បន្តបន្ទាប់។ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​រូប​សំណាក​នោះ មាន​មតិ​ស្រដៀង​គ្នា​ថា ពួក​គាត់​មាន​ការ​សោកស្ដាយ​ចំពោះ​រូប​សំណាក​ចាស់ ពីព្រោះ​សាងសង់​ជិត​រួច​ទៅ​ហើយ។ ម្យ៉ាង​ទៀត រូប​សំណាក​ចាស់​ថែម​ទាំង​មាន​ក្បាច់ក្បូរ​ស្រស់​ស្អាត សម​នឹង​ទិដ្ឋភាព​ទឹក​ដី​ខេត្ត​បាត់ដំបង។

ប្រជាពលរដ្ឋ​អ្នក​រត់​ម៉ូតូ​ឌុប​ក្បែរ​រូប​សំណាក​រង្វង់​មូល​ចម្ការ​ចេក​ម្នាក់ គឺ​លោក សុខ មុនី អង្គុយ​លើ​ម៉ូតូ​រង់ចាំ​ដឹក​ម៉ូយ​បណ្ដើរ និយាយ​រៀបរាប់​បណ្ដើរ​ថា លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​រូប​សំណាក​ហនុមាន ដែល​អាជ្ញាធរ​ដក​ចេញ​ពី​រង្វង់​មូល ហើយ​បែរ​ជា​សាងសង់​រូប​សំណាក​ថ្មី​ស្រដៀង​រូប​ជ័យ​វរ្ម័ន​ទី​៧ ដែល​មាន​ពណ៌​ខ្មៅ​សក់​វែង​បន្តិច​ទៅ​វិញ។

លោក​បន្ត​ថា រូប​សំណាក​ថ្មី​នេះ ពុំ​ដឹង​ថា​ជា​រូប​អ្វី​ពិត​ប្រាកដ​នោះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា ការ​សាងសង់​នេះ​ដើម្បី​ចង់​បង្ហាញ​អំពី​អ្វី​ច្បាស់​លាស់​នៅ​ឡើយ៖ «អា​រូប​សំណាក​លើក​មុន​នោះ ខ្ញុំ​ស្ដាយ​បណ្ដោយ និយាយ​ស្អាត​ផ្ចិតផ្ចង់​ជាង​គេ ផ្ចិតផ្ចង់​ឲ្យ​ល្អ​ហើយ មើល​ទៅ​ទំនង ភាគ​ច្រើន​អ្នក​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នេះ ហើយ​ឈប់​ហ្នឹង​ថា ស្ដាយ​ណាស់​រូប​ហនុមាន ស្អាត​មិន​គួរ​ដក​រូប​ហនុមាន​ចេញ។ គេ​រាល់​ថ្ងៃ​គេ​ចាំ​ពាក្យ​រង្វង់​មូល​ហនុមាន រង្វង់​មូល​យាយ​ទេព មាន​នរណា​គេ​ស្គាល់​ទេ។ ហើយ​ហនុមាន​ហ្នឹង វា​និយាយ​ទៅ​ស្អាត ហើយ​និយាយ​ឲ្យ​ចំ​ទៅ​វា​ធ្វើ​ដូច​ទំនង​ណាស់ មក​វា​ស្អាត​បណ្ដោយ»

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជាច្រើន​តែង​និយាយ​ស្រដៀង​គ្នា​ថា ការ​សាងសង់​រូប​សំណាក​ថ្មី​ម្ដង​ជា​ពីរ​ដង​នេះ ជា​ការ​ចំណាយ​ថវិកា​ខ្ជះខ្ជាយ ពីព្រោះ​ប្រទេស​ខ្មែរ​ជា​ប្រទេស​ក្រីក្រ ហើយ​បើ​យក​ថវិកា​ពី​ការ​ចំណាយ​ដក​រូប​សំណាក ទៅ​អភិវឌ្ឍ​ផ្នែក​ផ្សេង ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន​បាន​ប្រសើរ​ជាង។

បុរស​វ័យ ៤០​ឆ្នាំ​ប្លាយ​ម្នាក់​ទៀត គឺ​លោក ឈិន ថាត ជាង​ក្រឡឹង​ក្បែរ​រូប​ចំណាក់​រង្វង់​មូល​ចម្ការ​ចេក ដៃ​ម្ខាង​កាន់​ឧបករណ៍​ក្រឡឹង​បណ្ដើរ និយាយ​រៀបរាប់​ថា ប្រជាពលរដ្ឋ​ជាច្រើន រួម​ទាំង​លោក​ផង ក៏​មាន​មន្ទិល​សង្ស័យ​ចំពោះ​រូប​សំណាក​ថ្មី​នេះ​ដែរ។ លោក​ថា រូប​សំណាក​ថ្មី​នេះ ថ្វី​ត្បិត​តែ​មាន​លក្ខណៈ​ស្រដៀង​ជ័យវរ្ម័ន​ទី​៧ ក៏​ពិត​មែន ប៉ុន្តែ​រូប​សំណាក​នេះ​មិន​ស៊ី​ចង្វាក់​គ្នា​ទៅ​នឹង​រឿងរ៉ាវ​ទឹក​ដី​ខេត្ត​បាត់ដំបង នោះ​ទេ។ លោក​មាន​មតិ​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ​ធ្វើ​ជា​រូប​សំណាក​ដាក់​រូប​ទង់ជាតិ​របស់​ខ្មែរ​ដ៏​ធំ​មួយ​នៅ​ត្រង់​ចំណុច​កណ្ដាល​រង្វង់​មូល ប្រហែល​ជា​ទំនង​ជាង​រូប​សំណាក​ថ្មី​នេះ។

លោក ឈិន ថាត៖ «គេ​ថា​ដល់​ពេល​ដាក់​ហនុមាន អឺ! អ្នក​ខ្លះ​គេ​ថា​ឆ្គងៗ អា​រៀប​កាន់​ព្រះគណ្ឌៈ​អី​អ៊ីចឹង​ណាស់។ ខាង​ស្ដាំ​ដៃ​កាន់​ដាវ​អី​អ៊ីចឹង ខាង​ឆ្វេង អ! ខាង​ឆ្វេង​កាន់​ដាវ ខាង​ស្ដាំ​លើក​ចង្អុល​ឡើង​លើ​អ៊ីចឹង​គេ​ថា​ខុស ហើយ​គេ​ថា​បែរ​មុខ​ក៏​បែរ​ទៅ​ណោះ​ដែរ វា​អត់​បែរ​មុខ​ទៅ​លិច​អ៊ីចឹង​ណាស់។ អា​ហ្នឹង​ចំពោះ​ភាគ​តិច​ទេ​ណាស់ ភាគ​តិច​គេ​ថា​អ៊ីចឹង​ទៅ ភាគ​ច្រើន​គេ​ថា​មើល​ទៅ​វា​ស្អាត​ដែរ។ ដល់​ពេល​យើង​អត់​ដឹង​មូលហេតុ​អី ដល់​គេ​ដក​ចេញ​យើង​អត់​ដឹង​អ៊ីចឹង»

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ចាន់ សុផល មាន​ប្រសាសន៍​បញ្ជាក់​ថា ហេតុ​ដែល​សាង​រូប​សំណាក​ថ្មី​នេះ​ឡើង ដើម្បី​ជា​ដៃគូ​នៃ​រូប​សំណាក​លោកតា​ដំបង​ក្រញូង។ លោក​បន្ត​ថា រូប​សំណាក​ថ្មី​នេះ​ឈ្មោះ លោក​យាយ​ទេព ដែល​ជា​មិត្ត​របស់​លោកតា​ដំបង​ក្រញូង ហើយ​សាងសង់​ឡើង​ដើម្បី​ការពារ​ទឹក​ដី​ខេត្ត​បាត់ដំបង ទាំង​មូល ឲ្យ​ឈ្នះ​អស់​មារ​សត្រូវ​ផង និង​ដើម្បី​ភាព​ចម្រើន​រុងរឿង​របស់​ប្រជាពលរដ្ឋ​ផង។ លោក​បន្ត​ថា ហេតុ​ដែល​ដក​រូប​សំណាក​ចាស់​ចេញ ដោយ​យល់​ឃើញ​រូប​សំណាក​លោក​យាយ​ទេព មាន​ប្រវត្តិ​ទាក់ទង​ខេត្ត​បាត់ដំបង ច្រើន​ជាង​រូប​ហនុមាន៖ «ការ​ផ្ដល់​ជា​មតិ​យោបល់​ពី​ឯកឧត្ដម​ឧប ស ខេង លោក​បាន​រៀបចំ​ឲ្យ​ប្ដូរ​យក​រូប​ហនុមាន​ហ្នឹង​ចេញ យើង​រៀបចំ​ដើម្បី​ដូច​ថា​សមស្រប​ឲ្យ​ស្រប​គ្នា​ទៅ។ ហើយ​ស្រប​គ្នា​ទៅ ហើយ​គ្នា​ជាមួយ​នឹង​ប្រវត្តិ​ភូមិសាស្ត្រ​ត្រង់​ណោះ​ផង ហើយ​មិន​ស្រប​គ្នា​នឹង​រូប​សំណាក​លោកតា​ដំបង​ក្រញូង​ផង​ទៅ ក៏​ឯកឧត្ដម​ឧប លោក​បាន​ឲ្យ​រៀបចំ​ប្ដូរ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ការ​ដក​រូប​សំណាក​ចាស់​ចេញ ហើយ​សាងសង់​រូប​សំណាក​ជា​ថ្មី​នេះ ហាក់​ពុំ​មាន​ផល​ចំណេញ​អ្វី​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ។ មួយ​វិញ​ទៀត រូប​សំណាក​ថ្មី​នេះ ក៏​ពុំ​មាន​ពាក់ព័ន្ធ​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​បាត់ដំបង ហើយ​ពុំ​ដឹង​ថា ជា​រូប​សំណាក​អ្វី​ឡើយ៖ «បើ​យើង​និយាយ​ទៅ គិត​ហើយ​ចាំ​គូរ បាន​វា​មិន​ខាត​ដល់​ពេល​រូប​សំណាក​មួយៗ ស្មាន​តែ​ថោក​ណាស់​ព្រះ​ម្ចាស់​ថ្លៃ​ហើយ។ អា​ពេល​យើង​ដាក់​ទៅ​អ្នក​ក្រោយ​មក​កាន់​តំណែង​ទៅ​មិន​ល្អ​ទៅ អ្នក​បន្ត​ទៀត​មើល​ទៅ​មិន​ល្អ​ទៅ ចេះ​តែ​ឆាយ​ក្រវាត់​ចោលៗ ស្មាន​តែ​អស់​ថវិកា​តិច​ណាស់​រូប​សំណាក​មួយៗ។ អ៊ីចឹង​យើង​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​គូរ មុន​នឹង​ធ្វើ»

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក វង់ សុធារ៉ា ពន្យល់​ថា រឿងរ៉ាវ​របស់​លោក​យាយ​ទេព ពុំ​មែន​ជា​រឿង​ប្រវត្តិសាស្ត្រ​មាន​ពាក់ព័ន្ធ​ទឹក​ដី​ខេត្ត​បាត់ដំបង នោះ​ទេ។ លោក​បន្ត​ថា លោក​យាយ​ទេព និង​លោកតា​ដំបង​ក្រញូង ជា​រឿង​និទាន​តៗ​គ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នា​សម័យ​សតវត្ស​ទី​១៩ រហូត​មក​ទល់​សព្វថ្ងៃ៖ «ខ្ញុំ​សង្ស័យ​ជា​រឿង​និទាន​ទេ មិន​មែន​ជា​រឿង​ពិត​អី​ទេ គ្រាន់​តែ​ប្រហែល​ជា​មាន​អ្នក​ណា​ជឿ​លើ អើ! អ្នក​យាយ​ទេព​អី​ហ្នឹង​ទៅ ហើយ​ដល់​ក្រោយ​មក​ចេះ​តែ​ប្រឌិត​រឿង​ភ្ជាប់​គ្នា​ជាមួយ​តួអង្គ​រឿង​ព្រេងៗ​អ៊ីចឹង​ណាស់។ អឺ! មាន​មនុស្ស​ខ្លះ​យក​មក​ធ្វើ​ជា​រឿង​ពិត​អ៊ីចឹង​ទៅ គាត់​អត់​ចេះ​ប្រវត្តិសាស្ត្រ​អត់​ចេះ​អី​ពិត​ប្រាកដ ចេះ​តែ​ថា​ទៅ»

រូប​សំណាក​លោក​យាយ​ទេព សង់​ឡើង​នៅ​ចំណុច​រង្វង់​មូល​ចម្ការ​ចេក តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ខាង​លិច​ក្រុង​បាត់ដំបង ប្រមាណ ៥​គីឡូ​ម៉ែត្រ ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​អូរចារ ក្រុង​បាត់ដំបង។ បើ​តាម​អភិបាល​ខេត្ត​ឲ្យ​ដឹង​ថា រូប​សំណាក​លោក​យាយ​ទេព ជា​រូប​អង្គុយ​លើ​បល្ល័ង្ក​ពណ៌​ខ្មៅ​ស្រដៀង​លោក​តា​ដំបង​ក្រញូង មាន​កម្ពស់ ៣​ម៉ែត្រ និង​ទំហំ​ប្រមាណ ២​ម៉ែត្រ​កន្លះ។ រូប​សំណាក​នេះ​សង់​ឡើង​ក្រោម​ប្រាក់​ជំនួយ​របស់​សប្បុរសជន​ខ្មែរ​ក្នុង​ស្រុក ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជិត ៦​ពាន់​ដុល្លារ​អាមេរិក។ បើ​តាម​គ្រោង​របស់​សាលា​ខេត្ត​ឲ្យ​ដឹង​ថា រូប​សំណាក​ថ្មី​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។