ភ្នំពេញ​នឹង​បង្កើត​ក្រុម​ចល័ត​ពិសេស​ត្រួត​ពិនិត្យ​សកម្មភាព​ប៉ូលិស​ចរាចរណ៍

0:00 / 0:00

ប៉ូលិស​ចរាចរណ៍​ជើង​គោក​នៅ​រាជធានី​ភ្នំពេញ នឹង​រៀប​ចំ​ឲ្យ​មាន​ក្រុម​ចល័ត​ពិសេស ចាំ​ត្រួត​ពិនិត្យ​សកម្មភាព​របស់​ប៉ូលិស​នៅ​តាម​ទី​សាធារណៈ ដែល​ទទួល​សំណូក និង​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។

ស្នងការ​រង​រាជធានី​ភ្នំពេញ និង​ជា​អតីត​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក លោក ហេង ចាន់ធារី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ថា អគ្គស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ តាម​រយៈ​បង្កើត​អង្គភាព​ពិសេស ឲ្យ​តាម​ដាន​មន្ត្រី​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ប្រចាំ​ការ​នៅ​តាម​ផ្លូវ​សាធារណៈ ឲ្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើង​គោក​ឲ្យ​បាន​ត្រឹមត្រូវ។

លោក ហេង ចាន់ធារី បន្ត​ថា អង្គភាព​ពិសេស​នេះ​បង្កើត​ដោយ​ស្ថាប័ន​នគរបាល​ចំនួន ៥​ការិយាល័យ និង​អធិការដ្ឋាន​នគរបាល​គ្រប់​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កែ​ទម្រង់​អ្នក​អនុវត្តន៍​ច្បាប់​មិន​ឲ្យ​ពុក​រលួយ និង​មិន​ឲ្យ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អានាធិបតេយ្យ គឺ​ឲ្យ​អប់រំ​អ្នក​ធ្វើ​ចរាចរ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​គោរព​ជីវិត​អ្នក​ដទៃ៖ «ក្នុង​នេះ​យើង​មាន​កម្លាំង​ចម្រុះ ដែល​យើង​បង្កើត​បាន​ជា​ក្រុម​ចល័ត​នេះ គឺ​យើង​មាន​ការិយាល័យ​រហូត​ទៅ​ដល់​៥ អធិការដ្ឋាន ខណ្ឌ​ទាំង​៩ មក​ចូល​រួម គឺ​ធ្វើ​នេះ​ក្នុង​ខណ្ឌ​ទាំង ៩​សិន។ កន្លង​មក គឺ​យើង​មាន​ការ​រឹត​បណ្ដឹង​ច្បាប់​ហើយ ប៉ុន្តែ​គ្រាន់​ថា​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង លោក​ភ្ញាក់​រលឹក​ចូល​រួម​ដោយ​ខ្លួន​ឯង អ្នក​ដែល​ប្រើប្រាស់​យាន​ហ្នឹង។ អ៊ីចឹង ពាក់​មួក​ហ្នឹង​មិន​មែន​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​ស្លាប់​ប៉ូលិស​ឯណា គឺ​គ្រោះថ្នាក់​ខ្លួន​ឯង»

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​កោត​សរសើរ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​បង្កើត​អង្គភាព​ថ្មី​នេះ ដើម្បី​ត្រួត​ពិនិត្យ​មន្ត្រី​របស់​ខ្លួន​ឲ្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ត្រឹមត្រូវ មិន​លម្អៀង​តាម​ទឹក​ប្រាក់​សូកប៉ាន់។ លោក​ថា ការ​បង្កើត​អង្គភាព​ពិសេស​នេះ គឺ​រួម​ចំណែក​ឲ្យ​មន្ត្រី​ចរាចរណ៍​កាន់​តែ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន ហើយ​អប់រំ​អ្នក​បើកបរ​ឲ្យ​កាត់​បន្ថយ​ភាព​អានាធិបតេយ្យ​នៃ​ការ​ដឹក​ទំនិញ​លើស​ចំណុះ និង​ត​កន្ទុយ​សណ្ដោង នាំ​ឲ្យ​ការ​ដឹក​ធ្ងន់ ធ្វើ​ឲ្យ​ខូច​ផ្លូវ​ជាតិ។ ឯ​អ្នក​បើក​តាក់ស៊ី​ដឹក​មនុស្ស​លើស​ចំនួន​កៅអី ធ្វើ​ឲ្យ​អ្នក​ជិះ​អង្គុយ​ពី​លើ​ក្បាល​ឡាន និង​អង្គុយ​ពី​លើ​ដំបូល ដែល​ជា​ហេតុ​ឆាប់​បង្ក​គ្រោះថ្នាក់​ផង និង​ខូច​សណ្ដាប់ធ្នាប់​ក្នុង​ទីក្រុង​ផង។

លោក ព្រាប កុល៖ «ប្រសិន​បើ​យន្តការ​នេះ​យើង​រៀប​ចំ​ជា​លក្ខណៈ​សម្ងាត់ ឲ្យ​មាន​ក្រុម​មន្ត្រី​ចល័ត ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ ហើយ​មាន​វិធាន​ការ​ក្នុង​ការ​ឃ្លាំ​មើល​ឲ្យ​មាន​ភាគី​ទី​៣ ដើម្បី​ត្រួត​ពិនិត្យ​ពី​លើ​ទៀត អា​ហ្នឹង​យើង​អាច​យល់​ថា មាន​ប្រសិទ្ធភាព​ខ្លះ តែ​ប្រសិន​បើ​ក្រុម​មន្ត្រី​ដែល​ត្រួត​ពិនិត្យ​ដែល​ចល័ត​ហ្នឹង ត្រូវ​បាន​គេ​ស្គាល់ ថា​គាត់​មាន​តួនាទី​ក្នុង​ការ​ចល័ត ខ្ញុំ​ជឿ​ថា ពួក​គាត់​អាច​នឹង​មាន​លេស ឬ​ក៏​មាន​មធ្យោបាយ​លាក់​បាំង ឬ​ក៏​ចែក​លុយ​ដែល​ជា​លុយ​ទទួល​បាន​ពី​ប្រាក់​សំណូក ហើយ​លាក់​បាំង​ព័ត៌មាន។ ដូច្នេះ យើង​មិន​ទាន់​ដឹង​ថា​ល្អ ឬ​ក៏​មិន​ល្អ ត្រូវ​រង់ចាំ​មើល​ប្រសិទ្ធភាព​វា​យ៉ាង​ម៉េច​សិន»

កន្លង​មក​មាន​ការ​បង្ហោះ​រូបភាព​សកម្មភាព​ប៉ូលិស​ចរាចរណ៍ វាយ​ដំ​លើ​អ្នក​បើកបរ តាម​រយៈ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) និង​យូធូប (YouTube) ជាដើម ដែល​នាំ​ឲ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ធ្វើ​ការ​កែលំអ​មន្ត្រី​របស់​ខ្លួន។

អ្នក​ធ្វើ​ដំណើរ​ក្នុង​រាជធានី​ភ្នំពេញ អះអាង​ថា ក្រោយ​ពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រហូត​មក​ដល់​បច្ចុប្បន្ន ប៉ូលិស​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហាក់​បន្ថយ​ការ​ផាក​ពិន័យ​លើ​អ្នក​បើកបរ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព មិន​ពាក់​ខ្សែ​ក្រវាត់ យានយន្ត​មិន​ដាក់​កញ្ចក់ មិន​មាន​ភ្លើងស៊ីញ៉ូ​មុខ​ក្រោយ រថយន្ត​គ្មាន​ស្លាក​លេខ ប្រើ​ស្លាក​លេខ​នគរបាល និង​កង​ខេមរភូមិន្ទ​មិន​ត្រូវ​តាម​អង្គភាព រថយន្ត​តាក់ស៊ី​ចត​គ្មាន​របៀប និង​ដឹក​ឥវ៉ាន់​សំពីងសំពោង ជាដើម ដែល​មន្ត្រី​អនុវត្តន៍​ច្បាប់​ត្រូវ​អប់រំ​ណែនាំ​ដោយ​ផាក​ពិន័យ មាន​ផ្តល់​លិខិត​ទទួល​ប្រាក់​ត្រឹមត្រូវ​តាម​តារាង​ទារ​ប្រាក់​របស់​រដ្ឋាភិបាល។

លោក ហេង ចាន់ធារី បាន​ឲ្យ​ដឹង​ថា អង្គភាព​ពិសេស​បង្កើត​ដោយ​កម្លាំង​ចម្រុះ មាន​ការិយាល័យ​សណ្ដាប់ធ្នាប់ ការិយាល័យ​ការពារ និង​អន្តរាគមន៍ ការិយាល័យ​នគរបាល​ចរាចរណ៍ អធិការដ្ឋាន​ខណ្ឌ​គ្រប់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ គឺ​អនុវត្ត​ច្បាប់​ចរាចរណ៍ រឹត​បន្តឹង​តែ​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​សិន មិន​ទាន់​បាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។