អនុសាសន៍​៩​ចំណុច​ត្រូវ​បាន​ស្នើ​ដាក់​បញ្ចូល​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

ដោយ អ៊ុក សាវបូរី
2014.10.21
មន្ត្រី​ប៉ូលិស​ចរាចរណ៍ ប្រជុំ ៦២០ មន្ត្រី​ប៉ូលិស​ចរាចរណ៍​ចូលរួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ស្ដីពី​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ពាក់ព័ន្ធ​លើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Ouk Savborey

អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ប្រមាណ ១០០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​២០ តុលា ដើម្បី​ពិភាក្សា​អំពី​ចំណុច​ខ្វះខាត​នានា​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចាស់ ហើយ​លើក​ឡើង​អំពី​ចំណុច​ថ្មី​មួយ​ចំនួន ដើម្បី​បំពេញ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។

ការ​ពិភាក្សា​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​សមាជិក​សភា នឹង​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី នៅ​ថ្ងៃ​ទី​២១ ខែ​តុលា។

គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ ហើយ​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល កំពុង​រិះរក​វិធី​ទប់ស្កាត់​កុំ​ឲ្យ​គ្រោះថ្នាក់​នេះ​កើត​មាន​ច្រើន​ពេក។ វិធី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នោះ មាន​ទាំង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចាស់ ដើម្បី​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​ចំពោះ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ផង។

នាយិកា​ប្រតិបត្តិ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា អ្នកស្រី ជា ស៊ុនដាណែត ថ្លែង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៤ កើន​ឡើង​ជាង​ឆ្នាំ​២០១៣ ចំនួន ១៣% ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ពី​មួយ​ថ្ងៃ​មាន​អ្នក​ស្លាប់​ពី ២ ទៅ ៣​នាក់ ទៅ​ដល់​មួយ​ថ្ងៃ​មាន​អ្នក​ស្លាប់​ពី ៥ ទៅ ៦​នាក់។ អ្នកស្រី​បន្ត​ថា គ្រោះថ្នាក់​នេះ​កើន​ឡើង ដោយសារ​ច្បាប់​ចរាចរណ៍​ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​មាន​ភាព​ធូរ​រលុង​ចំពោះ​ការ​ផាក​ពិន័យ និង​ទោស​បញ្ញត្តិ។ បញ្ហា​នេះ ទើប​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ពិភាក្សា ដើម្បី​យក​អនុសាសន៍​រួម​នៃ​អង្គ​ប្រជុំ ទៅ​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចាស់ ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​ថ្មី​នោះ​ប្រសើរ​ជាង​បច្ចុប្បន្ន៖ «ចំនួន​មនុស្ស​ដែល​យើង​ប៉ាន់ស្មាន​ថា មួយ​ថ្ងៃ​ស្លាប់ ៥​នាក់ ត្រូវ​លើស​វា​ឈាន​ចូល​ដល់ ៦​នាក់ ឬ ៧​នាក់»

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក អ្នកស្រី មឹង មាណវី ថ្លែង​ថា កំណើន​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ជា​លំដាប់ គឺ​វា​បំផ្លាញ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ និង​ថវិកា​ជាតិ​ច្រើន​រយ​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។ ទន្ទឹម​នោះ ច្បាប់​ចរាចរណ៍​កំពុង​អនុវត្ត​បច្ចុប្បន្ន មិន​ទាន់​គ្រប់​ជ្រុងជ្រោយ ទើប​អ្នក​បើកបរ​មាន​ជាតិ​ស្រវឹង ដឹក​ឥវ៉ាន់​លើស​ចំណុះ ប្រើ​ល្បឿន​លើស​កំណត់ មិន​គោរព​ច្បាប់​ចរាចរណ៍ និង​គ្មាន​ប័ណ្ណ​បើកបរ ជាដើម។ ឯ​ការ​ផាក​ពិន័យ​ដាក់​ទោស​វិញ​នៅ​មាន​កម្រិត​ទាប ទើប​ជន​បង្ក​មិន​គោរព​ច្បាប់ ហើយ​បន្ត​បើកបរ​បង្ក​មហន្តរាយ​ដល់​ជីវិត​អ្នក​ដទៃ៖ «ដោយសារ​ថា​ការ​រឹត​បន្តឹង​ផ្នែក​ការ​គោរព​ច្បាប់​ហ្នឹង វា​នៅ​មាន​កម្រិត ហ្នឹង​ទី​១។ ហើយ​ទី​២ គឺ​មាន​ការ​កើន​ឡើង​ទាំង​ប្រជាជន ទាំង​យានយន្ត»

អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍​ត្រី លុយ ឈីន ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​បង្ក​ឡើង​ពី​កំណើន​យានយន្ត​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ។ អ្នក​បើកបរ​មិន​ប្រកាន់​ផ្លូវ​របស់​ខ្លួន មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ មិន​ស្គាល់​សញ្ញា​ចរាចរណ៍ បើកបរ​ទាំង​ជាតិ​ស្រវឹង គ្មាន​ប័ណ្ណ​បើកបរ ជាដើម ដែល​ក្រសួង​មហាផ្ទៃ នឹង​អនុវត្ត​ច្បាប់​ថ្មី​ឲ្យ​បាន​តឹងរ៉ឹង៖ «ត្រួត​ពិនិត្យ​ដក​ជនល្មើស​ចេញ​ពី​ផ្លូវ​ឲ្យ​បាន តែ​បើ​យើង​ដក​អត់​បាន គាត់​នឹង​ទៅ​បង្ក​គ្រោះថ្នាក់»

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ចាន់ តារា ឲ្យ​ដឹង​ថា ក្រសួង​បាន​ចេញ​ស្លាក​លេខ​ដល់​យានយន្ត​ពីរ​ប្រភេទ គឺ​ទោចក្រយានយន្ត និង​រថយន្ត​ប្រមាណ ២​លាន ៥​សែន​ស្លាក​រហូត​មក​ដល់​បច្ចុប្បន្ន។ ក្នុង​នោះ មាន​ទាំង​រថយន្ត​ចង្កូត​ឆ្វេង និង​រថយន្ត​ចង្កូត​ស្តាំ៖ «តាម​មាត្រា​៧ និយាយ​ពី​គោលការណ៍​នៃ​ការ​ប្រកាន់​ស្តាំ បើកបរ​ដោយ​ចង្កូត​ឆ្វេង​ហ្នឹង​ក៏ដោយ ក៏​វា​នៅ​មាន​គ្រោះថ្នាក់​ដែរ អា​ហ្នឹង​ទី​១។ ទី​២ យានយន្ត​ខ្លះ​វា​មាន​លក្ខណៈ​បច្ចេកទេស​របស់​វា​ពិសេស អា​ចង្កូត​ឆ្វេង​ធ្វើ​អត់​បាន អា​ហ្នឹង​ទាល់​តែ​ស្តាំ​បាន​បើក​បាន​អ៊ីចឹង អា​ហ្នឹង​ក៏​អនុញ្ញាត​ដែរ។ ករណី​ដូច​យាន​ពន្លត់​អគ្គិភ័យ ដូចជា​ចង្កូត​ស្តាំ​ទេ»

តំណាង​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ ថ្លែង​ថា សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ហាក់​ដូច​ជា​ឲ្យ​អ្នក​ជួញ​ដូរ​គ្រឿងយន្ត​មិន​ស្រប​ច្បាប់ ក្លាយ​ទៅ​ជា​ស្រប​ច្បាប់ ដោយ​ក្នុង​ច្បាប់​នោះ​មាន​ចំណុច​ចែង​ឲ្យ​ភ្នាក់ងារ​លក់​គ្រឿងយន្ត អាច​ធ្វើ​ស្លាក​លេខ​ទៅ​ឲ្យ​អ្នក​ទិញ​រួច​ជា​ស្រេច ជាដើម។

ក្រោយ​ពី​ពិភាក្សា​ពេញ​មួយ​ថ្ងៃ អង្គ​ប្រជុំ​ផ្តល់​អនុសាសន៍ ៩​ចំណុច​ស្នើសុំ​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដូចជា កែ​សម្រួល​សេវា​សង្គ្រោះ​បន្ទាន់ សុំ​ពិនិត្យ​គុណភាព​ផ្លូវ​បន្ទាប់​ពី​សាងសង់​រួច ពង្រឹង​ការ​អប់រំ​តាម​សាលា​បង្រៀន​បើកបរ បង្កើន​ថវិកា​អនុវត្ត​ផែនការ​សុវត្ថិភាព​ចរាចរណ៍ ជាដើម។

សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​មាន ១២​ជំពូក និង ៩២​មាត្រា ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​បច្ចុប្បន្ន​លើ​មាត្រា​ចំនួន ៦៤​មាត្រា រក្សា​ខ្លឹមសារ​ចាស់​ចំនួន ១៣​មាត្រា បន្ថែម​មាត្រា​ថ្មី​ចំនួន ១៥​មាត្រា និង​លុប​ចេញ​ចំនួន ១៨​មាត្រា។ សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី តម្រូវ​ឲ្យ​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព រួម​ទាំង​កុមារ​អាយុ ៣​ឆ្នាំ​ឡើង​ទៅ ការ​កំណត់​ល្បឿន​បើកបរ ការ​រឹត​បន្តឹង​កម្រិត​ជាតិ​អាល់កុល​ក្នុង​ពេល​បើកបរ។ សេចក្តី​ព្រាង​ច្បាប់​នោះ ចែង​ពី​ទោស​បញ្ញត្តិ​លើ​មន្ត្រី​ប៉ូលិស​ចរាចរណ៍ ដក​ហូត​ប័ណ្ណ​បើកបរ ស្លាក​លេខ ឃាត់​ទុក​យានយន្ត​បំពាន​ច្បាប់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ថ្ងៃ ទៅ ១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ទៅ ៨០​ម៉ឺន​រៀល។ ចំពោះ​អ្នក​បើកបរ​ដែល​គ្មាន​ប័ណ្ណ​បើកបរ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ថ្ងៃ ទៅ ១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ទៅ ៨០​ម៉ឺន​រៀល ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។