អាជ្ញាធរ​ខេត្ត​បាត់ដំបង​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​៤​យប់​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

0:00 / 0:00

អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ការ​ប្រគំ​តន្ត្រី​ឲ្យ​ប្រជាពលរដ្ឋ​រាំ​លេង​កម្សាន្ត​សប្បាយ​ចំនួន ៤​រាត្រី ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នៅ​មាត់​ស្ទឹង​សង្កែ ត្រើយ​ខាង​លិច​មុខ​ផ្សារ​ណាត់ ក្រុង​បាត់ដំបង។ កម្មវិធី​នេះ ក៏​មាន​ការ​សម្ដែង​សិល្បៈ និង​មាន​លេង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន​ផង​ដែរ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង ភាគ​ច្រើន​សាទរ​នឹង​ការ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់​អាជ្ញាធរ​ខេត្ត​បាត់ដំបង ក៏ប៉ុន្តែ​ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​រក្សា​សន្តិសុខ​ឲ្យ​បាន​ល្អ​ក្នុង​ការ​លេង​សប្បាយ​នេះ។

ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង មួយ​ចំនួន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​ផ្សារ​ណាត់​មាត់​ស្ទឹង​សង្កែ នៅ​ថ្ងៃ​ទី​១៣ មេសា ថា ពួក​គាត់​មាន​ក្ដី​រំភើប​ក្នុង​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ដែល​ទទួល​ដំណឹង​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ឲ្យ​មាន​ការ​ប្រគំ​តន្ត្រី​អបអរ​សាទរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​បាន​ចូល​រាំ​លេង​កម្សាន្ត​នោះ។ អ្នក​ស្រុក​បន្ថែម​ថា ការ​ប្រគំ​តន្ត្រី​នេះ នឹង​រឹត​តែ​ធ្វើ​ឲ្យ​ក្រុង​បាត់ដំបង មាន​ភាព​អ៊ូអរ​មួយ​កម្រិត​ថែម​ទៀត៖ « ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​បង្កើត​កម្មវិធី​បែប​នេះ​ឲ្យ​បាន​រៀង​រាល់​ពិធី​បុណ្យ​សំខាន់ៗ​របស់​ជាតិ ដើម្បី​ឲ្យ​ខេត្ត​បាត់ដំបង មាន​ភាព​អ៊ូអរ »

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង លោក ធី ស្សារ៉ា មាន​ប្រសាសន៍​ថា នៅ​រាត្រី​ដំបូង គឺ​ថ្ងៃ​ទី​១៣ មេសា មាន​ការ​ប្រគំ​តន្ត្រី​ឲ្យ​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​រាំ​លេង​កម្សាន្ត។ ចំណែក​នៅ​យប់​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា មាន​ការ​ប្រគំ​តន្ត្រី​ផង និង​មាន​ការ​សម្ដែង​សិល្បៈ និង​លេង​ល្បែង​ប្រជាប្រិយ​ប្រពៃណី​ជាតិ​ផង មាន​ជាអាទិ៍ វាយ​ក្អម និង​លេង​លាក់​កន្សែង ជាដើម។ លោក​បន្ថែម​ថា កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ខេត្ត​បាត់ដំបង ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត៖ « បាទ ! កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឲ្យ​មាន​ភាព​អ៊ូអរ​នៅ​ក្នុង​ខេត្ត​បាត់ដំបង »

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ និង​សម្ដែង​សិល្បៈ​ប្រពៃណី ចែក​ជូន​ប្រជាពលរដ្ឋ​ទស្សនា ក៏ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ត្រូវ​ដាក់​ពង្រាយ​កង​កម្លាំង​តាម​ដង​ផ្លូវ ដើម្បី​ជួយ​ធ្វើ​ចរាចរ និង​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​ឲ្យ​បាន​រៀង​រាល់​រាត្រី៖ « ពីព្រោះ​ពេល​នេះ​វា​ជា​ពេល​ដែល​ជន​ខិល​ខូច​ឆ្លៀត​ឱកាស ដើម្បី​ធ្វើ​សកម្មភាព​របស់​ខ្លួន។ ដូច្នេះ សមត្ថកិច្ច​ត្រូវ​តែ​រឹត​បន្តឹង​សន្តិសុខ​ឲ្យ​បាន​ល្អ »

លោក យិន ម៉េងលី ក៏​ផ្ដល់​ទស្សនៈ​ដែរ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ការពារ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យក​ទឹក​ច្រក​ថង់ ហើយ​គប់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ដើម្បី​ជៀសវាង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ។ នៅ​តាម​គេហដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង មាន​ដាក់​ទង់ជាតិ​ខាង​មុខ និង​រៀបចំ​រាន​ទេវតា ដើម្បី​អបអរ​សាទរ​ឆ្នាំ​ថ្មី​រៀងៗ​ខ្លួន។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង រំពឹង​ថា បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ នឹង​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​បាត់ដំបង ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។