អភិបាល​ខេត្ត​ព្រះសីហនុ​បង្កើត​កម្មវិធី​អបអរ​សាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥

0:00 / 0:00

ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បាន​បង្កើត​កម្មវិធី​ប្រគំ​តន្ត្រី និង​លក់​ទំនិញ​ផ្សេងៗ​នៅ​មាត់​សមុទ្រ​ឆ្នេរ​អូរឈើទាល ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ឲ្យ​បាន​ច្រើន​កុះករ នៅ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥។

ពិធី​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជំនាញ ក៏​បាន​ត្រៀម​វិធានការ​ការពារ​សន្តិសុខ និង​ចរាចរណ៍ ដើម្បី​រក្សា​សុវត្ថិភាព ព្រម​ទាំង​បញ្ចៀស​រាល់​ការ​កកស្ទះ​ជូន​ភ្ញៀវ​ដែល​មក​កម្សាន្ត​តំបន់​ឆ្នេរ។

មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រៀម​រៀបចំ​ប្រគំ​តន្ត្រី និង​ស្តង់​តាំង​ពិព័រណ៍​លក់​ផលិតផល​ទំនិញ​ចម្រុះ​គ្រប់​ប្រភេទ​ជិត ១០០​ស្តង់ ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៥ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន មាន​ប្រសាសន៍​ថា ស្តង់​លក់​ទំនិញ ឆាក​ប្រគំ​តន្ត្រី​សម័យ និង​ទីកន្លែង​ប្រកួត​កីឡា​ជាដើម កំពុង​រៀបចំ​នៅ​តាម​ប្រប​មាត់​ឆ្នេរ​អូរឈើទាល មាន​ទីតាំង​ទល់​មុខ​វិមាន​លំហែ​កាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ជាង​នេះ ក៏​នឹង​ត្រៀម​បង្ហោះ​គោម​ភ្លើង​ចម្រុះ​ព័ណ៌​ចំនួន​ជាង ២​ពាន់​គោម និង​បាញ់​កាំជ្រួច​រាប់​រយ​ដើម ដើម្បី​សាទរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥។

លោក​បន្ថែម​ថា ចំពោះ​ការ​ថែ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​វិញ គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ​នានា បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ទៅ​តាម​ជំនាញ និង​តាម​គោលដៅ​ចេញ​ចូល​មក​ខេត្ត​ព្រះសីហនុ រៀងៗ​ខ្លួន៖ «ហេតុផល​សំខាន់ គឺ​យើង​ចង់​បាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន។ ហើយ​បើ​កាល​ណា​មាន​ភ្ញៀវ​ទេសចរ​មក​ច្រើន ក៏​បាន​ចម្រើន​ដល់​អាជីវករ​លក់​ដូរ​ទំនិញ ឬ​បម្រើ​សេវា​លក់​ដូរ​ផ្សេងៗ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បាន​ចំណូល​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ»

នៅ​ក្នុង​ឱកាស​ពិធី​ឆ្លង​ឆ្នាំ​សកល​នេះ​ដែរ លោក ឈិត សុខុន ក៏​បាន​អំពាវនាវ​ទៅ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ពិសេស​ត្រូវ​វេច​ខ្ចប់​សំរាម ឬ​កាក​សំណល់​ផ្សេងៗ​ចូល​ក្នុង​ថង់ ហើយ​ទុក​ដាក់​ឲ្យ​មាន​របៀប​រៀបរយ។ ចំណែក​បញ្ហា​ចរាចរណ៍​វិញ លោក ឈិត សុខុន បាន​ឲ្យ​ដឹង​ដែរ​ថា នគរបាល​ជំនាញ​ពាក់ព័ន្ធ​ក៏​បាន​ត្រៀម​លក្ខណៈ ដើម្បី​បញ្ចៀស​រាល់​ការ​កកស្ទះ​នានា​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត។

លោក​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​បង្កើត​ឲ្យ​មាន​ពិធី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៥ នេះ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែម​ទៀត។ លោក​ព្យាករ​ថា អាច​មាន​ភ្ញៀវ​ចូល​មក​ទស្សនា​នៅ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥ មាន​ចំនួន​រហូត​ដល់​ជិត ១០​ម៉ឺន​នាក់ ព្រោះ​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​ជាដើម បាន​ឲ្យ​ដឹង​ថា បន្ទប់​ស្នាក់នៅ​ភាគ​ច្រើន​ត្រូវ​ភ្ញៀវ​កក់​ស្ទើរ​គ្មាន​សល់​បន្ទប់៖ «យើង​បាន​ធ្វើ​ផែនការ​លម្អិត​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព និង​បញ្ចៀស​រាល់​ការ​កកស្ទះ​ចរាចរណ៍ កម្លាំង​ជំនាញ​បាន​ត្រៀម​លក្ខណៈ​ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​ថា រថយន្ត​គ្រប់​ប្រភេទ គឺ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​រហូត គឺ​មួយ​ទិស ហើយ​ឲ្យ​បក​ក្រោយ​តាម​ផ្លូវ​ផ្សេង ដើម្បី​ជៀសវាង​ការ​កកស្ទះ»

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក សុខ សុង ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ញាំង​ឲ្យ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ឆ្នាំ​២០១៥ មាន​ភាព​រីករាយ សភា​ពាណិជ្ជកម្ម​ខេត្ត​បាន​សហការ និង​បង្កើត​ឲ្យ​មាន​ការ​ប្រគំ​តន្ត្រីសម័យ ការ​ប្រកួត​កីឡា និង​ស្តង់​លក់​ទំនិញ​ជាច្រើន​ស្តង់​ជូន​ភ្ញៀវ​ទស្សនា។ លោក​បន្ត​ថា អ្នក​ចម្រៀង និង​ក្រុម​តារា​កំប្លែង​ល្បីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មក​បង្ហាញ​ទេព​កោសល្យ ឬ​សម្ដែង​ជូន​ភ្ញៀវ​ទស្សនា​ក្នុង​រយៈពេល ៣​ថ្ងៃ៖ «គោល​បំណង​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​នេះ គឺ​មាន​គោល​បំណង​បង្ក​ភាព​សប្បាយ និង​ផ្សព្វផ្សាយ​ទំនិញ​ផ្សេងៗ​ទាំង​ទំនិញ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ ពិធី​នេះ​ក៏​មាន​សម្ដែង​សិល្បៈ​សម័យ កំប្លែង និង​មាន​តារា​ចម្រៀង និង​ពិធីករ​ល្បីៗ​នឹង​មក​ពី​ភ្នំពេញ នឹង​មក​ចូលរួម​សម្ដែង​ជូន​ភ្ញៀវ​ទស្សនា និង​កម្សាន្ត​សប្បាយ​ក្នុង​រយៈពេល ៣​ថ្ងៃ»

យ៉ាង​ណា​ក៏ដោយ អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន បាន​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​ចូលរួម​ទស្សនា ឬ​កម្សាន្ត​តាម​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ នា​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥ ឲ្យ​បាន​ច្រើន​កុះករ ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។