សារព័ត៌មាន​យុវវ័យ​ថ្មី​ប្រកាស​ផ្សាយ​ព័ត៌មាន​ពិត​ឯករាជ្យ

សមាជិក​គណៈកម្មការ​នាយក​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា មួយ​រូប បាន​ធ្វើ​ពិធី​សម្ពោធ​សារព័ត៌មាន​បោះ​ពុម្ព និង​គេហទំព័រ​មួយ​ឈ្មោះ​ថា យុវវ័យ​ថ្មី។ សារព័ត៌មាន​ថ្មី​នេះ បាន​បង្កើត​ឡើង​ដើម្បី​ទាញ​យក​យុវជន​ជា​គោលដៅ ទទួល​បាន​នូវ​បទ​ពិសោធន៍ ចំណេះ​ដឹង​នានា ទាក់ទង​បញ្ហា​សង្គម តាម​ដាន​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល និង​អំពើ​ពុក​រលួយ​ជា​ដើម។

0:00 / 0:00

និពន្ធ​នាយក​សារព័ត៌មាន​បោះ​ពុម្ព និង​គេហទំព័រ ដែល​មាន​ឈ្មោះ​ថា យុវវ័យ​ថ្មី ទើប​បាន​បោះ​ពុម្ព​ផ្សាយ​ចំនួន ២​លើក បាន​ប្រកាស​ថា នឹង​ផ្សាយ​ព័ត៌មាន​ពិត ឯករាជ្យ មិន​ចំណុះ​ឲ្យ​បក្ស​នយោបាយ ក្នុង​បំណង​អូស​ទាញ​ឲ្យ​យុវជន​ទទួល​បាន​ចំណេះ​ដឹង និង​បទ​ពិសោធន៍។

នៅ​ក្នុង​ពិធី​សម្ពោធន៍​សារព័ត៌មាន​បោះ​ពុម្ព និង​គេហទំព័រ យុវវ័យ​ថ្មី នៅ​ទីស្នាក់ការ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ឆាយ សុផល ដែល​ជា​និពន្ធ​នាយក និង​ជា​សមាជិក​គណៈកម្មការ​នាយក​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៩ សីហា ថា ការ​បង្កើត​សារព័ត៌មាន​នេះ មាន​បំណង​ផ្ដល់​សំឡេង​ដល់​យុវជន​កម្ពុជា និង​យុវជន​អាស៊ាន ព្រម​ទាំង​យុវជន​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​អាស៊ី និង​ពិភពលោក។ លោក​ថា អ្វី​ដែល​សំខាន់​នោះ គឺ​កាសែត​នេះ​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​យុវជន ដែល​ជា​កម្លាំង​ស្នូល​នៃ​ប្រទេស​ជាតិ ក្នុង​ការ​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ជាតិ។

លោក ឆាយ សុផល៖ «ពេល​នេះ គឺ​ជា​ការ​បោះ​ឆ្នោត​ហើយ អ៊ីចឹង​ខ្ញុំ​គិត​ថា​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​យុវជន​យើង​បញ្ចេញ​យោបល់ ឲ្យ​យុវជន​យើង​ទទួល​យក​ចំណេះ​ដឹង​ថ្មីៗ។ ២០១៥ គឺ​២​ឆ្នាំ​ទៀត​ទេ គឺ​យុវជន​គួរ​តែ​ចាប់​ផ្ដើម​ពី​ឥឡូវ​នេះ​ទៅ តាម​រយៈ​ការ​អាន​ព័ត៌មាន ទោះ​បី​មិន​អាន​ព័ត៌មាន​របស់​ខ្ញុំ​ក៏ដោយ អាច​អាន​ព័ត៌មាន​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ការងារ​យុវជន ដើម្បី​ត្រៀម​ខ្លួន​ឯង​អភិវឌ្ឍ​ខ្លួន​ឯង​ផង អភិវឌ្ឍ​គ្រួសារ​ផង និង​អភិវឌ្ឍ​សង្គម​ជាតិ​ផង»

លោក ឆាយ សុផល បន្ត​ទៀត​ថា សារព័ត៌មាន​នេះ​បាន​បោះ​ពុម្ព​ក្នុង ១​ខែ ២​លើក។ បោះ​ពុម្ព​ម្ដង​ចំនួន ៥​ពាន់​ច្បាប់ មាន​បុគ្គលិក​ជា​យុវជន​ចំនួន ១៥​នាក់។ ក្នុង ១​ច្បាប់ មាន ១២​ទំព័រ លក់​តម្លៃ ១.៥០០​រៀល ដែល​មាន​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ផង បោះពុម្ព​ពណ៌ និង​លាយ​ស​ខ្មៅ។

យុវជន លី បេឡា អាយុ ២១​ឆ្នាំ ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ផ្សាយ​ឲ្យ​សារព័ត៌មាន​នេះ បាន​ចាប់​អារម្មណ៍​ថា នេះ​ជា​ឱកាស​ដែល​គាត់​អាច​ផ្ដល់​ឲ្យ​យុវជន​មាន​សំឡេង​តាម​រយៈ​អត្ថបទ​របស់​គាត់៖ «លេខ​ទី​១ គឺ​ខ្ញុំ​សរសេរ​នេះ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ត្រូវ​ស្លាប់​សំឡេង​ពី​យុវជន។ ហើយ​អត្ថបទ​នេះ គឺ​វា​ចេញ​មុន​បោះ​ឆ្នោត កំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត ហើយ​អីចឹង រយៈពេល​ប្រមាណ ១០ ទៅ ២០​ថ្ងៃ​ក្រោយ យើង​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​តំណាង​រាស្ត្រ​នាយករដ្ឋមន្ត្រី​ថ្មី យើង​ត្រូវ​តែ​សួរ​ទៅ​កាន់​យុវជន​ទាំងអស់​នោះ តើ​គាត់​ចង់​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​ហ្នឹង គាត់​ធ្វើ​អី​ខ្លះ​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​អភិវឌ្ឍ អីចឹង​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​ត្រូវ​តែ​ផ្គាប់ផ្គុន និង​យក​ចិត្ត​ទុក​ដាក់​ខ្លះ​ទៅ​លើ​យុវជន​ហ្នឹង​ឯង»

អ្នក​សរសេរ​អត្ថបទ​ម្នាក់​ទៀត គឺ​កញ្ញា ស៊ុន ដាលីន បាន​ថ្លែង​ថា តាម​រយៈ​អត្ថបទ​នេះ នឹង​ផ្ដល់​ឲ្យ​យុវជន​ទទួល​បាន​បទ​ពិសោធន៍​ចំណេះ​ដឹង មេរៀន​ដែល​ទទួល​បាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ទាក់ទិន​នឹង​បញ្ហា​សង្គម​ជូន​ដល់​យុវជន​កម្ពុជា៖ «ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​យើង​សរសេរ​ទាក់ទង​យុវជន​ទៅ គិត​ថា​វា​មាន​ប្រយោជន៍​មែន​ទែន​សម្រាប់​យុវជន​ដទៃ​ទៀត​មើល»

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សារព័ត៌មាន​យុវវ័យ បាន​សរសេរ​ថា សារព័ត៌មាន​យុវវ័យ​ថ្មី ជា​សមាជិក​នៃ​សមាគម​អ្នក​កាសែត​អាស៊ី ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ក៏​នឹង​តាម​ដាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល ការ​លួច និង​កិបកេង​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​របស់​មន្ត្រី​ពុក​រលួយ ដែល​តែង​តែ​ធ្វើ​ទុក្ខបុកម្នេញ​មន្ត្រី​រាជការ​ក្រោម​ឱវាទ បក្ខពួក គ្រួសារ​និយម យក​ថវិកា​ជាតិ​ទិញ​ដី​រាប់​សិប​ហិកតារ សង់​អគារ​ជួល​ស្នាក់នៅ​ជា​ដើម។ ក្នុង​សេចក្ដី​ប្រកាស​សរសេរ​ថា សារព័ត៌មាន​នេះ ក៏​នឹង​តាម​ដាន​ពិនិត្យ​មើល​ផលិតផល​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ប្រយោជន៍ និង​សុខភាព​យុវជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។