សង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្សនៅខេត្តកំពង់ចាម នៅតែបង្ហាញក្តីបារម្ភ ខណៈអំពើហិង្សានៅក្នុងគ្រួសារបច្ចុប្បន្ន បានរីករាលដាលទៅជាអំពើឃាតកម្មដែលមានលក្ខណៈសាហាវ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ការលើកឡើងបែបនេះ បន្ទាប់ពីមានករណីអំពើហិង្សានៅឃុំស្ពឺ ស្រុកចម្ការលើ ខែត្រកំពង់ចាម កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា រហូតឈានទៅសម្លាប់សមាជិកគ្រួសារអស់ចំនួន ៤នាក់ និងរបួសធ្ងន់ម្នាក់។
សមត្ថកិច្ចស្រុកចម្ការលើ ឱ្យដឹងថា ពួកគេកំពុងតាមស្វែងរកជនល្មើសដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ក្រោយពេលជនដៃដល់រូបនោះសម្លាប់សមាជិកក្រុមគ្រួសាររបស់ខ្លួនរួចហើយក៏រត់គេចខ្លួនបាត់។
ករណីឃាតកម្មនេះ កើតឡើងនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចម្ការលើ ដែលចេញពីអំពើហិង្សានៅក្នុងគ្រួសារ ខណៈជនល្មើសស្រវឹង ហើយឈានទៅកាប់ប្រពន្ធ កូនពីរនាក់ ព្រមទាំងម្ដាយក្មេកបណ្ដាលឱ្យស្លាប់ និងឪពុកក្មេកម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ។
អធិការនគរបាលស្រុកចម្ការលើ លោក អ៊ិត ដារ៉ា មានប្រសាសន៍នៅថ្ងៃទី១ ខែធ្នូ ថា សមត្ថកិច្ចកំពុងចាត់ចែងកម្លាំងកសាងសំណុំរឿង ព្រមទាំងតាមស្វែងរកជនដៃដល់ដែលបានរត់គេចកាលពីយប់កើតហេតុ។ លោកបន្តថា ករណីនេះជាអំពើហិង្សា ហើយរហូតឈានទៅប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ដែលបង្កឡើងដោយជនល្មើសឈ្មោះ អេង ធី ភេទប្រុស បានសម្លាប់ប្រពន្ធកូនខ្លួនឯង ម្ដាយក្មេក ឪពុកក្មេក រងរបួសធ្ងន់៖ «ករណីហ្នឹងបើយើងពិនិត្យទៅ បើមិនមានរបួសមានអី គឺករណីហិង្សានៅក្នុងគ្រួសារទេ ប៉ុន្តែដល់ស្លាប់អ៊ីចឹង គឺជាករណីឃាតកម្ម ហើយគិតទុកជាមុនទៀត»។
ជនរងគ្រោះដែលស្លាប់ រួមមានអ្នកស្រី ចន្ទី ធានី ជាប្រពន្ធរបស់ជនដៃដល់ កុមារី ស៊ុយ ស៊ាងហ៊ី និង កុមារា ស៊ុយ ស៊ីហា ជាកូនជនដៃដល់ អ្នកស្រី ម៉ៅ យាង ត្រូវជាម្ដាយក្មេក។ ចំណែកអ្នករងរបួសធ្ងន់ គឺលោក សា្វយ សាខន ត្រូវជាឪពុកក្មេកជនល្មើស ដែលជាសមាជិកក្រុមប្រឹក្សាឃុំស្ពឺ មកពីគណបក្ស សម រង្ស៊ី ផង។

សមាជិកគ្រួសារជនរងគ្រោះម្នាក់ លោក ចន្ទី វាសនា ត្រូវជាកូនប្រុសលោក ស្វាយ សាខន ឱ្យដឹងថា បងថ្លៃរបស់ខ្លួន គឺតែងប្រព្រឹត្តអំពើហិង្សានៅក្នុងគ្រួសាររាល់ពេលផឹកស្រា តាំងពីបងស្រីរបស់ខ្លួនទើបតែបានកូនមួយមកម្ល៉េះ។ លោកឱ្យដឹងទៀតថា នៅយប់កើតហេតុ បងស្រីរបស់លោកបានព្យាយាមទៅផ្ទះឪពុកម្ដាយបង្កើត ពីព្រោះដឹងថា ពេលប្ដីមកពីផឹកវិញនឹងប្រើប្រាស់អំពើហិង្សាមិនខាន។
ប្រភពដដែលយល់ថា ប្រហែលបងថ្លៃនោះមានកំហឹងជាមួយក្រុមគ្រួសារខ្លួនផង ពីព្រោះកន្លងមក ឪពុករបស់លោកធ្លាប់ហៅសមត្ថកិច្ចទៅអប់រំ និងធ្វើកិច្ចសន្យាចំពោះករណីប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារកន្លងមក៖ «ខ្ញុំមានសំណូមពរតែមួយគឺចាប់ឃាតកឱ្យបាន ចាប់ញាត់គុកឱ្យបាន»។
ទាក់ទងអំពើឃាតកម្មនេះដែរ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មើលឃើញថា ដោយសារតែឥទ្ធិពលស្រាធ្វើឱ្យបុគ្គលម្នាក់បាត់បង់ការទទួលខុសត្រូវរហូតឈានទៅសម្លាប់សមាជិកគ្រួសាររបស់ខ្លួនយ៉ាងច្រើនបែបនេះ។ លោកបារម្ភថា អំពើឃាតកម្មធ្ងន់ធ្ងរបែបនេះ ងាយកើតឡើងម្ដងទៀត ប្រសិនបើការអនុវត្តច្បាប់របស់អាជ្ញាធរនៅមានកម្រិត ហើយប្រសិនបើសមត្ថកិច្ចមិនអាចចាប់ខ្លួនជនល្មើសបានទេ៖ «ចំពោះខ្ញុំ ខ្ញុំបារម្ភខ្លាចតែឃាតកម្មមួយដែលសាហាវអ៊ីចឹងទៅ ក្រោយមកទៀតកើតឡើងទៀត»។
បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ផ្នែកបច្ចេកទេសនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ជារឿងមួយគួរឱ្យបារម្ភ ខណៈអំពើហិង្សាក្នុងគ្រួសារកាន់តែមានភាពសាហាវ។ លោកបន្តថា មានកត្តាមួយចំនួនដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារកើតឡើង ដូចជាការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំញៀន កត្តាក្រីក្រ គ្មានចំណេះដឹង ការមិនព្រមចូលរួមទប់ស្កាត់ទាំងអស់គ្នាដោយគិតថា មិនមែនជារឿងគ្រួសាររបស់ខ្លួន រួមនឹងការអនុវត្តច្បាប់របស់អាជ្ញាធរនៅខ្វះចន្លោះផង៖ «ច្បាប់វានៅលើក្រដាសទេ ហើយអ្វីដែលមានប្រសិទ្ធភាពគឺការអនុវត្ត»។
របាយការណ៍អង្គការការពារសិទ្ធិមនុស្សលីកាដូ ទូទាំងប្រទេសសម្រាប់ឆ្នាំ២០១៥ បង្ហាញថា ករណីហិង្សានៅក្នុងគ្រួសារ ហើយឈានទៅជាអំពើឃាតកម្ម គឺមាន ៤ករណីធំៗ រួមទាំងករណីនៅស្រុកចម្ការលើ ផង ដែលបណ្ដាលឱ្យមនុស្សចំនួន ១១នាក់ស្លាប់ ក្នុងនោះជនរងគ្រោះភាគច្រើនជាកូន ប្រពន្ធ និងម្ដាយ។
ជុំវិញករណីឃាតកម្មនៅស្រុកចម្ការលើ ពេលនេះ គណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម ក៏បានចេញសេចក្ដីអំពាវនាវភ្លាមៗ ដោយសម្ដែងក្ដីក្រៀមក្រំចំពោះក្រុមគ្រួសារលោក ស្វាយ សាខន ដែលជាសមាជិកក្រុមប្រឹក្សាឃុំស្ពឺ គណបក្ស សម រង្ស៊ី។ ក្នុងលិខិតក៏បានអញ្ជើញប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមបរិច្ចាគថវិកាដើម្បីធ្វើបុណ្យសព និងសម្រាប់ព្យាបាលអ្នករងរបួសដែលកំពុងសម្រាកនៅមន្ទីរពេទ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
សមាជិកក្រុមគ្រួសារអ្នកស្លាប់បញ្ជាក់ថា សពទាំងនោះត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណី ព្រមទាំងត្រូវយកទៅបញ្ចុះនៅរសៀលថ្ងៃទី១ ខែធ្នូ ពីព្រោះតែមិនអាចរក្សាទុកនៅផ្ទះបានយូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
