ករណីប្លន់នៅខេត្តកំពង់ស្ពឺ បានកើតឡើងផ្ទួនៗ នៅក្នុងខែធ្នូ ឆ្នាំ២០១៥ នេះ។ បន្ទាប់ពីករណីនេះកើតឡើងម្ដងៗ ក្រុមចោរប្លន់ទាំងនោះ តែងគេចខ្លួនរួចពីការតាមចាប់របស់កងកម្លាំងអាជ្ញាធរខេត្ត។ ប្រជាពលរដ្ឋកំពុងរស់នៅដោយការភ័យខ្លាចអំពីក្រុមចោរទាំងនេះ។
មន្ត្រីសមាគមសិទ្ធិមនុស្សប្រចាំខេត្តកំពង់ស្ពឺ ព្រួយបារម្ភបញ្ហាអសន្តិសុខរបស់ប្រជាពលរដ្ឋដោយសារការកើនឡើងចោរកម្ម និងប្លន់ប្រដាប់អាវុធនៅឆ្នាំ២០១៥។
ការព្រួយបារម្ភនេះ គឺបន្ទាប់ពីការកើតមានករណីប្លន់ប្រដាប់អាវុធបន្តបន្ទាប់នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី អំពាវនាវដល់អាជ្ញាធរនៅថ្ងៃទី២១ ខែធ្នូ ឱ្យចាត់វិធានការខ្លាំងបន្ថែមទៀតលើបញ្ហាទាំងនេះ៖ «ខ្ញុំសុំសំណូមពរយ៉ាងទទូចដល់អភិបាល ឬគណៈអភិបាលខេត្ត ជាពិសេសលោកស្នងការ កងរាជអាវុធហត្ថក្ដី ដែលកាន់កាប់ទឹកដីខេត្តកំពង់ស្ពឺ សុំឱ្យចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះបទល្មើសទាំងអស់ហ្នឹង ពីព្រោះសព្វថ្ងៃហ្នឹងប្រជាពលរដ្ឋមានការភ័យព្រួយមែនទែន ទាក់ទងនឹងស្ថានភាពសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគាត់ហ្នឹង។ យើងឃើញថា ករណីប្លន់ និងករណីលួច គឺមានការកើនឡើងច្រើនលើសពីឆ្នាំមុន។ មានន័យថា វាកើតឡើងគគ្រឹកគគ្រេង។ ករណីធំៗ តាមខ្ញុំចាំ ប្លន់ប្រដាប់អាវុធហ្នឹង វាលើសពី ៦ករណី ហើយបើនិយាយពីករណីប្លន់ និងការលួចផ្ទះស្បែងប្រជាពលរដ្ឋ សរុបទាំងអស់ច្រើន មានជាង៥០ករណី»។
កាលពីរសៀលថ្ងៃទី១៩ ធ្នូ មានករណីប្លន់មួយនៅផ្សារតាឡាត់ ក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាករណីថ្មី ក្រៅពីអំពើប្លន់ប្រដាប់អាវុធនៅខែត្រផ្សេងៗទៀត រួមទាំងនៅរាជធានីភ្នំពេញផង។ ក្នុងអំពើប្លន់នោះ គឺក្រុមចោរ ២នាក់ បានប្លន់ជាងទង និងជាអ្នកលក់មាស យកគ្រឿងអលង្ការចំនួន ២៦តម្លឹង។ ស្មៀនឃុំជាំសង្កែម្នាក់ ត្រូវចោរបាញ់ស្លាប់ក្នុងអំពើប្លន់នោះ។ កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តជាច្រើននាក់ តាមរុករកក្រុមចោរប្លន់ទាំងនោះ។ ប៉ុន្តែក្រុមចោរនៅរត់គេចខ្លួនរួចនៅឡើយ។
ទាក់ទងនឹងបញ្ហានេះ អធិការស្រុកភ្នំស្រួច លោក សាយ ប៊ុនថន ឱ្យដឹងបន្ថែមនៅថ្ងៃទី២១ ធ្នូ ថា កងកម្លាំងនគរបាលបានហ៊ុមព័ទ្ធព្រៃសង្ស័យមួយ កាលពីថ្ងៃទី២០ ខែធ្នូ ប៉ុន្តែរកមិនឃើញចោរទាំងនោះទេ។ លោកថា នគរបាលកំពុងស៊ើបអង្កេតបន្ត៖ «ឥឡូវម៉ោងនេះ យើងមានវិធីស៊ើបអង្កេតវិញហើយ។ យើងព័ទ្ធប៉ុន្មាន (កន្លែង) នេះហើយ អត់បានលទ្ធផលអី»។
មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី កត់សម្គាល់ដែរថា ការកើនឡើងនៃករណីលួចប្លន់ប្រដាប់អាវុធនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៥ មានច្រើនជាងឆ្នាំ២០១៤ គឺដោយសារតែជនល្មើសនៅរត់គេចខ្លួនបាននៅឡើយ៖ «យើងឃើញអាជ្ញាធរយកចិត្តទុកដាក់ចាត់វិធានការដែរ ប៉ុន្តែយើងមើលទៅហាក់ដូចជាមិនបានជោគជ័យគ្រប់រឿងទេ។ នេះបានន័យថា ជនល្មើសបាញ់សម្លាប់ប្លន់យកទ្រព្យសម្បត្តិពលរដ្ឋហើយ វានៅក្រៅសំណាញ់ច្បាប់ អត់ត្រូវបានផ្ដន្ទាទោសតាមច្បាប់។ អ៊ីចឹងបើសិនសមត្ថកិច្ចចាត់វិធានការបានគ្រប់ករណីទាំងអស់ ចំពោះករណីលួចប្លន់យកមកកាត់ទោសតាមច្បាប់ ខ្ញុំគិតថា វាមិនមានកើតឡើងជាបន្តបន្ទាប់បែបនេះទេ»។
ឆ្លើយតបបញ្ហា និងការអំពាវនាវនេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក កែវ ពិសី មានប្រសាសន៍នៅថ្ងៃទី២១ ធ្នូ ថា ខាងកម្លាំងនគរបាលខេត្តរបស់លោកកំពុងបន្តតាមរកក្រុមចោរប្លន់នេះ៖ «គេកំពុងតាមរកហើយ ណ៎ា!»។
ទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីអង្គការសិទ្ធិមនុស្សឱ្យដឹងថា រំលងបានមួយថ្ងៃ គឺនៅព្រលប់ថ្ងៃទី២០ ធ្នូ មានករណីចោរកាន់កាំភ្លើងអាកាពីរនាក់ បានស្ទាក់ប្លន់យកម៉ូតូមួយគ្រឿងពីប្រជាពលរដ្ឋពីរនាក់ដែលត្រឡប់ពីពិធីរៀបការមួយ នៅភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច ដដែល។ ម៉ូតូដែលចោរប្លន់យកទៅនោះ គឺម៉ាកហុងដា គុបជ្រុង សេ៥០ (CUB 50)។ ក្រុមចោរទាំងនោះក៏អាជ្ញាធរ នៅមិនទាន់បានដែរ។
ករណីប្លន់នេះ មិនមែនតែកើតឡើងតែក្នុងខែត្រកំពង់ស្ពឺប៉ុណ្ណោះទេ នៅក្នុងខែធ្នូ នេះ មានករណីប្លន់ជាច្រើនកន្លែងរួមមាននៅរាជធានីភ្នំពេញ នៅខែត្របាត់ដំបង ពោធិ៍សាត់ និងខែត្រកណ្ដាល ជាដើម។ ករណីប្លន់ទាំងនេះ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង បញ្ជាឲ្យសមត្ថកិច្ចរឹតបន្តឹងសន្តិសុខតាមចាប់ក្រុមចោរប្លន់ទាំងអស់ឲ្យបាន ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងរក្សាស្ថិរភាពក្នុងសង្គម។
ក្រៅពីនេះទៀត លោក ស ខេង បានព្រមានដកតួនាទីស្នងការនគរបាលខែត្រចំនួនបីទៀតផងដែរ គឺស្នងការនគរបាលខែត្របាត់ដំបង ស្នងការនគរបាលខែត្រពោធិ៍សាត់ និងស្នងការខែត្រកណ្ដាល។ តែរហូតមកទល់ពេលនេះ ស្នងការនគរបាលទាំងនោះមិនទាន់តាមចាប់ខ្លួនក្រុមចោរប្រដាប់អាវុធបានទាំងអស់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
