មន្ត្រីសង្គមស៊ីវិលមួយចំនួន បានចាត់ទុកការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល មិនឲ្យពលរដ្ឋខ្មែរធ្វើចំណាកស្រុកខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅក្រៅប្រទេសនោះ គឺមិនមានប្រសិទ្ធភាពទេ ប៉ុន្តែពួកគេបានស្នើឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ធន សារាយ បានអះអាងថា ជនរងគ្រោះពីការធ្វើចំណាកស្រុកខុសច្បាប់ គឺមកពីពួកគេគ្មានថវិកាចំណាយទៅលើថ្លៃធ្វើលិខិតឆ្លងដែន ដែលមានតម្លៃលើសពី ១០០ដុល្លារ។ លោកថា បើប្រៀបធៀបតម្លៃធ្វើលិខិតឆ្លងដែនកម្ពុជា ទៅប្រទេសជិតខាង គឺកម្ពុជា មានតម្លៃខ្ពស់ជាងប្រទេសក្នុងតំបន់។ លោកស្នើឲ្យរាជរដ្ឋាភិបាល ពិចារណាបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ដើម្បីឲ្យពលរដ្ឋក្រីក្រមានលទ្ធភាពធ្វើលិខិតឆ្លងដែនប្រើប្រាស់បានគ្រប់គ្នា ពិសេសអាចកាត់បន្ថយចំណាកស្រុកខុសច្បាប់នាថ្ងៃអនាគត។
លោក ធន សារាយ៖ «ដើម្បីធ្វើលិខិតឆ្លងដែនធម្មតា ១២០ដុល្លារ ឬ ១៣០ដុល្លារ។ ក្នុង១ខែនេះ គាត់ត្រូវមកភ្នំពេញ មិនមែនទៅធ្វើនៅភូមិគាត់នោះទេ។ អាហ្នឹងហើយដែលយើងត្រូវតែពិចារណាឲ្យគ្រប់ជ្រុងជ្រោយ។ យើងកុំនិយាយតែពីតម្លៃថ្លៃធ្វើលិខិតឆ្លងដែន យើងត្រូវនិយាយតាំងពីការធ្វើដំណើរ ការស្នាក់នៅ រង់ចាំ ត្រូវការពេលប៉ុន្មាន ត្រូវការអស់លុយប៉ុន្មានទៀត ។ នេះហើយដែលជាបញ្ហាស្មុគស្មាញរបស់គាត់ ហើយចំពោះយើង ចំពោះយើងអ្នកធូរធារ ឬអ្នកមាន យើងថាលុយប៉ុណ្ណឹងវាមិនអីទេ។ ក៏ប៉ុន្តែ ចំពោះគាត់អ្នកខ្វះខាត លុយប៉ុណ្ណឹងច្រើនណាស់សម្រាប់គាត់»។
លោក ធន សារាយ ឲ្យដឹងដូច្នេះ បន្ទាប់ពីពលករខ្មែរចំណាកស្រុកខុសច្បាប់ជាង ២០នាក់ ដែលទើបត្រូវបានអាជ្ញាធរប្រទេសម៉ូរីស (Mauritius) ចាប់ខ្លួន និងបញ្ជូនមកកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ដោយសារពួកគេពុំមានលិខិតឆ្លងដែន។
នៅក្នុងសន្និសីទកាសែត នាទីស្នាក់ការសមាគមអាដហុក ថ្ងៃទី១១ ខែមេសា ជនរងគ្រោះចំណាកស្រុកមកពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មូលហេតុពួកគេធ្វើចំណាកស្រុកខុសច្បាប់ ព្រោះថ្លៃធ្វើលិខិតឆ្លងដែន១ ត្រូវចំណាយលុយមិនតិចជាងពី ១៥០ ទៅ ២០០ដុល្លារទេ។
ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅនេះ បានប្រតិកម្មទៅអ្នករិះគន់ថា តម្លៃធ្វើលិខិតឆ្លងដែនដែលរដ្ឋាភិបាលបានកំណត់ មិនមានតម្លៃខ្ពស់ដូចការចោទប្រកាន់ទេ។ លោកបានព្រមានចំពោះអ្នករិះគន់ថ្លៃធ្វើលិខិតឆ្លងដែនរបស់រដ្ឋាភិបាលមានតម្លៃខ្ពស់៖ «ពលករចំណាកស្រុកឆ្លងដែនច្រើន ដោយសារធ្វើលិខិតឆ្លងដែនថ្លៃពេក ក្នុងពេលលិខិតឆ្លងដែនអត់យកថ្លៃទេ។ អាតម្លៃសម្រាប់តែមស្អីៗហ្នឹង គឺត្រឹមម្ភៃដុល្លារ ម្ភៃដុល្លារ គឺវាអត់ថ្លៃទេ។ ឯកឧត្តម គាត ឈុន រាយការណ៍ឲ្យខ្ញុំហើយ គឺ ១ឆ្នាំៗ រដ្ឋត្រូវចំណាយលុយរាប់លានដុល្លារ ដើម្បីឲ្យពលករចេញទៅក្រៅប្រទេស»។
យ៉ាងនេះក្តី លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មានប្រសាសន៍ថា តម្លៃធ្វើលិខិតឆ្លងដែនរបស់កម្ពុជា ពលរដ្ឋម្នាក់ៗត្រូវចំណាយថវិកាមិនក្រោម ១៥០ដុល្លារទេ ទើបទទួលបានលិខិតឆ្លងដែនប្រើប្រាស់។ លោកថា តម្លៃនេះពលរដ្ឋក្រីក្រមិនមានលទ្ធភាពធ្វើលិខិតឆ្លងដែនប្រើប្រាស់បានទេ។ លោកចាត់ទុកការអំពាវនាវរបស់រាជរដ្ឋាភិបាល ហាមពលរដ្ឋមិនឲ្យធ្វើចំណាកស្រុករកការងារធ្វើនៅក្រៅប្រទេស គ្មានលទ្ធផលទេ។
លោក កែម ឡី បន្តថា ការកាត់បន្ថយជនរងគ្រោះធ្វើចំណាកស្រុកខុសច្បាប់ ដែលមានប្រសិទ្ធភាព គឺរដ្ឋាភិបាលត្រូវបញ្ចុះតម្លៃថ្លៃធ្វើលិខិតឆ្លងដែនមកតម្លៃទាប ឬស្មើប្រទេសជិតខាង ដែលមានតម្លៃចន្លោះពី ១៥ ទៅ ៣០ដុល្លារ៖ «មិនអាចទប់ស្កាត់បានទេ ប៉ុន្តែមានតែយើងធ្វើលិខិតធ្វើការងារជូនប្រជាពលរដ្ឋតែម្តង។ ខ្ញុំបានជួបប្រជាពលរដ្ឋម្នាក់នៅក្បែរវត្តខាងត្បូងប៉ោយប៉ែត នេះ គាត់ថាទោះបីក្រុមហ៊ុនមិនធ្វើឲ្យ គាត់ទៅធ្វើខ្លួនឯងក៏អស់លុយ ១ម៉ឺនបាតដែរ។ អ៊ីចឹងបើអស់ ១ម៉ឺនបាត គឺវាអស់ពី ២៥០ដុល្លារ ទៅ ៣០០ដុល្លារ។ អ៊ីចឹងថាធ្វើលិខិតឆ្លងដែនអត់យកលុយម៉េច ហើយក្រុមហ៊ុនទាំងអស់ដែលធ្វើលិខិតឆ្លងដែនឲ្យពលរដ្ឋទាំងអស់ សុទ្ធតែយកលុយយើងត្រូវចាំអាហ្នឹង។ ទោះបីរដ្ឋាភិបាលថា ធ្វើលិខិតឆ្លងដែនអត់យកលុយម៉េចក៏ដោយ ក៏ប្រជាជនត្រូវចំណាយលុយអស់ពី ២០០ ទៅ ៣០០ដុល្លារនៅក្នុងលិខិតឆ្លងដែនមួយ បើសិនជាធ្វើតាមក្រុមហ៊ុន»។
មន្ត្រីសង្គមស៊ីវិល បានអះអាងថា សព្វថ្ងៃនេះ ទោះប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរឈប់ធ្វើចំណាកស្រុក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ក្តី ក៏ប៉ុន្តែ សកម្មភាពនេះមិនថយចុះទេ ហើយក្នុងនោះ មានពលករចំណាកស្រុកពី ៩០% ទៅ ៩៥% មិនមានលិខិតឆ្លងដែន ឬលិខិតស្នាមត្រឹមត្រូវទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
