មន្ត្រី​សិទ្ធិ​មនុស្ស​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ត្រួត​ពិនិត្យ​បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​រតនគិរី អះអាង​ថា ពលរដ្ឋ​វៀតណាម ជា​ក្រុមៗ បាន​ចូល​មក​ខេត្ត​នេះ​ដោយ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន មាន​ម៉ូតូ​បំពាក់​ស្លាក​លេខ​ពី​ប្រទេស​វៀតណាម។ ពលរដ្ឋ​វៀតណាម ទាំង​នោះ​ចូល​មក​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម នៅ​តាម​បណ្ដា​ស្រុក​នានា។

0:00 / 0:00

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​សីហា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រួត​ពិនិត្យ​ភាព​មិន​ស្រប​ច្បាប់​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​ចូល​មក​ក្នុង​ខេត្ត​រតនគិរី នេះ​កាន់​តែ​ច្រើន​ឡើង។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ឆាយ ធី សំដែង​ក្ដី​បារម្ភ​ថា ការ​ហូរ​ចូល​នៃ​ជនជាតិ​វៀតណាម នេះ​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​កើត​មាន​បន្ថែម​ទៀត ប្រសិន​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​លិខិត​ស្នាម​ចេញ​ចូល និង​ការ​ស្នាក់នៅ​របស់​ពួក​គេ។

លោក​បន្ត​ថា ភាគ​ច្រើន​នៃ​ជនជាតិ​វៀតណាម ចូល​មក​កាន់​ខេត្ត​រតនគិរី គឺ​ដើម្បី​មក​បម្រើ​ការ​ក្នុង​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ក្នុង​ខេត្ត​នេះ​តាំង​ពី​ខែ​កក្កដា រហូត​បច្ចុប្បន្ន៖ «កាល​ណា​បើក​ទូលាយ​ពេក ហើយ​មក​តាម​ច្រក​របៀង​ខ្វះ​ការ​ត្រួត​ពិនិត្យ​ច្បាស់លាស់ អា​ហ្នឹង​វា​អនាធិបតេយ្យ គឺ​យើង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​សន្តិសុខ អំពី​ភូមិ ឃុំ មាន​សុវត្ថិភាព​នៅ​តាម​ថ្នាក់​មូលដ្ឋាន»

សេចក្ដី​រាយការណ៍​របស់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា-​វៀតណាម ក្នុង​ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ស្រុក​ដាក់កឺ ប្រទេស​វៀតណាម ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​វៀតណាម ប្រមាណ ៥០ ទៅ ១០០​នាក់ ចេញ​ចូល​តាម​ច្រក​ទ្វារ​នេះ​ពី​ប្រទេស​វៀតណាម មក​ខេត្ត​រតនគិរី។

ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ លោក ឡុង រុក្ខា មាន​ប្រសាសន៍​បញ្ជាក់​ថា ជនជាតិ​វៀតណាម ដែល​ឆ្លង​ដែន​តាម​ច្រក​ព្រំដែន​នេះ​មួយ​ចំនួន​ជា​អ្នក​ទេសចរ មាន​រថយន្ត​ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម សុំ​ច្បាប់​អនុញ្ញាត​នាំ​ចូល​អ្នក​ទេសចរ​មក​សម្រាន្ត​នៅ​ប្រទេស​កម្ពុជា និង​មួយ​ចំណែក​ទៀត ជា​បុគ្គលិក​ជំនាញ​ដែល​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម បំពេញ​បែបបទ​ឆ្លង​ដែន​មក​ធ្វើ​ការ​ក្នុង​ចម្ការ​កៅស៊ូ។

លោក​អះអាង​ថា ប្រជាពលរដ្ឋ​វៀតណាម នៅ​ភូមិ​ឃុំ​ជាប់​គ្នា​នេះ ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ចេញ​ចូល​រយៈពេល ១២​ម៉ោង​ជាមួយ​មធ្យោបាយ​ធ្វើ​ដំណើរ​ដូច​ជា​ម៉ូតូ​ដឹក​ជញ្ជូន ក៏​ប៉ុន្តែ​ពួកគេ​អនុញ្ញាត​ឲ្យ​នៅ​ត្រឹម​ស្រុក​ជាប់​ព្រំដែន ប៉ុន្តែ​ពួកគេ​ត្រូវ​ចាកចេញ​ទៅ​វិញ​តាម​ការ​កំណត់៖ «អត់​ដែល​ស្នាក់​នៅ​យូរ​ទេ តួលេខ​ចេញ​ចូល​វា​មក​ច្រើន តែ​យ៉ាង​យូរ​បំផុត​ពីរ​អាទិត្យ។ វា​មក​បង្រៀន​បច្ចេកទេស​ហើយ​គេ​ទៅ​វិញ​ហើយ»

សេចក្ដី​រាយការណ៍​របស់​មន្ត្រី​សមាគម​អាដហុក ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៩ សីហា កន្លង​ទៅ​នេះ មាន​ជនជាតិ​វៀតណាម មួយ​ក្រុម​មាន​គ្នា​ប្រមាណ ១០​នាក់ និង​ជិះ​ម៉ូតូ​មាន​ស្លាក​លេខ​ប្រទេស​វៀតណាម គ្រប់​គ្នា​ចូល​មក​ក្រុមហ៊ុន​សម្បទាន​វៀតណាម ឈ្មោះ ហ័ងអាញ់ អណ្ដូងមាស ក្នុង​ភូមិសាស្ត្រ​ស្រុក​កូនមុំ ខេត្ត​រតនគិរី។

ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​រតនគិរី លោក ជួប ចំរើន មាន​ប្រសាសន៍​ថា តាម​គោលការណ៍ មន្ត្រី​គយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម នាំ​យក​មធ្យោបាយ​ធ្វើ​ដំណើរ​ចូល​ឆ្ងាយ​ពី​ទីប្រជុំជន​ឃុំ​ប៉ក់ញ៉ៃ ជាប់​នឹង​ព្រំដែន​នោះ​ទេ។ លោក​បន្ត​ថា មិន​ដឹង​ថា តើ​ពលរដ្ឋ​វៀតណាម ដែល​ជិះ​ម៉ូតូ​ចូល​មក​ដល់​ទី​រួម​ខេត្ត​រតនគិរី ដោយ​វិធី​ណា​ទេ។

ចំណែក​ប្រធាន​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ស្នងការ​ប៉ូលិស ខេត្ត​រតនគិរី លោក មឿង ខេម មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលិស​ជំនាញ​បាន​ត្រួត​ពិនិត្យ​កម្មករ​បរទេស​ដែល​ក្រុមហ៊ុន​នាំ​ចូល​មក​ធ្វើ​ការ​ជា​អ្នក​បច្ចេកទេស​ជា​ប្រចាំ​មិន​ឃើញ​មាន​កម្មករ​ណា​គ្មាន​លិខិត​ស្នាម​អនុញ្ញាត​នោះ​ទេ៖ «មនុស្ស​ហ្នឹង​គឺ​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ការ​ស្នាក់​នៅ​ជា​កម្មករ​ជំនាញ​យើង​ត្រួត​ពិនិត្យ​ជា​អចិន្ត្រៃយ៍»

ស្ថិតិ​របស់​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​រតនគិរី ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន មាន​កម្មករ​បរទេស រួម​មាន វៀតណាម ចិន អូស្ត្រាលី សរុប ២៨៨​នាក់ ចូល​មក​ធ្វើ​ការ​ជា​កម្មករ​បច្ចេកទេស​ក្នុង​ក្រុមហ៊ុន​ជាង ២០ នៅ​ក្នុង​ខេត្ត​នេះ ក្នុង​នោះ ៩០​ភាគរយ​ជា​ជនជាតិ​វៀតណាម។

ចំណែក​មន្ត្រី​ច្រក​ទ្វារ​ដដែល​ឲ្យ​ដឹង​ដែរ​ថា នៅ​ខែ​កក្កដា និង​ខែ​សីហា នេះ សមត្ថកិច្ច​ប៉ូលិស​បាន​បញ្ជូន​ចេញ​ជនជាតិ​វៀតណាម ៦​នាក់ ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​នៃ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។