សង្គម​ស៊ីវិល​ស្នើ​​ក្រសួង​អប់រំ​រៀបចំ​កន្លែង​ស្នាក់​នៅ​ដល់​សិស្ស​ក្រីក្រ​ពេល​ប្រឡង​បាក់ឌុប

ដោយ យ៉ង ចាន់តារា
2015.08.10
ប្រឡង​បាក់ឌុប ភ្នំពេញ ៦១០ សិស្ស​ចេញ​ពី​មណ្ឌល​ប្រឡង​បាក់ឌុប វិទ្យាល័យ ជា ស៊ីម សាមគ្គី នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៤។
RFA

ចាប់​ពី​ឆ្នាំ​២០១៤ មក ក្រសួង​អប់រំ តម្រូវ​ឱ្យ​មណ្ឌល​ប្រឡង​បាក់ឌុប ទាំង​អស់​ត្រូវ​ប្រមូល​ផ្តុំ​នៅ​ទី​រួម​ខេត្ត និង​រាជធានី។ ប្រការ​នេះ ធ្វើ​ឱ្យ​មាន​តម្រូវការ​កន្លែង​ស្នាក់នៅ​កាន់​តែ​ច្រើន​នៅ​ថ្ងៃ​ប្រឡង​សម្រាប់​សិស្ស​មក​ពី​តាម​បណ្ដា​ស្រុក​នានា ជួល​ស្នាក់​នៅ​ពេល​ប្រឡង ដែល​អាច​ជំរុញ​ឱ្យ​ម្ចាស់ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​ខ្លះ ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ស្នាក់​នៅ។ ដើម្បី​ទប់ស្កាត់​ចរន្ត​នៃ​ការ​ឡើង​ថ្លៃ ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​អាជ្ញាធរ ពិសេស​ក្រសួង​អប់រំ ឱ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ជូន​បេក្ខជន​ប្រឡង។

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ផ្នែក​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ស្នាក់​នៅ​តាម​បណ្ដា​ផ្ទះសំណាក់ ឬ​សណ្ឋាគារ នៅ​គ្រប់​ទី​រួម​ខេត្ត​ទាំង​អស់​ទូទាំង​ប្រទេស ក្នុង​ឱកាស​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ។

សេចក្ដី​អំពាវនាវ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក វិទ្យាស្ថាន​ខ្មែរ​ដើម្បី​ការ​អភិវឌ្ឍ​ជាតិ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បណ្ដាញ​យុវជន​កម្ពុជា និង​អង្គការ​សំឡេង​សង្គម ខណៈ​ដែល​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប កាន់​តែ​ខិត​ជិត​មក​ដល់​នៅ​ថ្ងៃ​ទី​២៤ និង​ទី​២៥ ខែ​សីហា។

ក្រៅ​ពី​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​អំពាវនាវ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា ឱ្យ​រៀបចំ​កន្លែង​ស្នាក់នៅ​រយៈពេល​ខ្លី​ដល់​បេក្ខជន​ដែល​ធ្វើ​ដំណើរ​មក​ពី​ជនបទ​ផង​ដែរ។ អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ការ​ដំឡើង​ថ្លៃ​ស្នាក់នៅ​អំឡុង​ថ្ងៃ​ប្រឡង នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​ចំណាយ​របស់​បេក្ខជន ដែល​ភាគ​ច្រើន​ជា​សិស្ស​មក​ពី​​គ្រួសារ​ក្រីក្រ​នៅ​តាម​ទី​ជនបទ។

ការ​អំពាវនាវ​នេះ នៅ​ស្រប​ពេល​សិស្ស​ថ្នាក់​ទី​៩ បាន​ចាប់​ផ្ដើម​ប្រឡង​សញ្ញាប័ត្រ​បឋមភូមិ​ទូទាំង​ប្រទេស ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ដែល​មាន​សិស្ស​ប្រឡង​ចំនួន ១៥៣.៥៤០​នាក់។

លោក សន ជ័យ តំណាង​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក សន្និដ្ឋាន​ថា យុវជន​ដែល​ត្រូវ​ឡើង​មក​ប្រឡង​នៅ​ទី​រួម​ខេត្ត អាច​មាន​ចំនួន​ពី ៧០ ទៅ ៨០​ភាគរយ។ ក្នុង​ចំណោម​យុវជន​ទាំង​នោះ មាន​ខ្លះ​មក​ពី​គ្រួសារ​ដែល​មិន​សូវ​ធូរធារ ហើយ​ចាំបាច់​ណាស់​ពួកគេ​នឹង​ត្រូវ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ អាហារ និង​ការ​ស្នាក់​នៅ​ក្នុង​ពេល​ប្រឡង​ជាដើម៖ «យក​ល្អ​អាជ្ញាធរ​ខេត្ត​អាច​មាន​ការ​កោះ​ប្រជុំ​ជាមួយ​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ដើម្បី​ឱ្យ​មាន​ការ​យោគយល់​ដល់​ការ​ស្នាក់​នៅ​របស់​សិស្ស និង​គ្រូ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​បាក់ឌុប​ហ្នឹង»

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់​ថា ក្រសួង​អប់រំ និង​អាជ្ញាធរ​តាម​ខេត្ត​នីមួយៗ នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ណែនាំ​ដល់​ម្ចាស់​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ កុំ​ឱ្យ​ដំឡើង​ថ្លៃ​នៅ​ថ្ងៃ​ប្រឡង។ បន្ថែម​ពី​លើ​នេះ លោក​ស្នើ​ដល់​បេក្ខជន​ទាំង​អស់​ឱ្យ​ត្រៀមខ្លួន​មុន​ក្នុង​ការ​ស្វែង​រក​កន្លែង​ស្នាក់​នៅ មុន​ពេល​ដែល​ការ​ប្រឡង​មក​ដល់ ដើម្បី​កុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ឆក់​ឱកាស​ដំឡើង​ថ្លៃ៖ «បេក្ខជន​ទាំង​អស់​ គាត់​អញ្ជើញ​មក​ពី​​តំបន់​ដាច់​ស្រយាល​អ៊ីចឹង គាត់​អាច​នៅ​ជុំ​គ្នា។ អាច​ ៥​នាក់ ១០​នាក់ គាត់​ជួល​ផ្ទះ​គេ ហើយ​អ្នក​ខ្លះ គាត់​មាន​សាច់​ញាតិ​នៅ​ទី​រួម​ខេត្ត​ គាត់​អាច​មក​ស្នាក់​នៅ​ជាមួយ​សាច់​ញាតិ​ក្នុង​រយៈពេល​ ៣ថ្ងៃ។ ពេល​ខ្លះហ្នឹង​ មាន​សាច់​ញាតិ​ ក៏​អាច​ស្នើ​សុំ​សាច់​ញាតិ​ហ្នឹង​ ឱ្យ​មិត្ត​ភក្តិ​ស្នាក់​នៅ​បាន​ដែរ»

​ក្នុង​ឆ្នាំ​សិក្សា​២០១៤-​២០១៥ នេះ បេក្ខជន​ដែល​ចូលរួម​ប្រឡង​សញ្ញាប័ត្រ​មាន​ចំនួន ៨៨.៤៨៨​នាក់ ក្នុង​នោះ​ស្រី​មាន​ចំនួន ៤២.០៣៦​នាក់ ដោយ​ចែក​ចេញ​ជា ១៥០​មណ្ឌល។ មណ្ឌល​ប្រឡង​ត្រូវ​ប្រមូល​ផ្តុំ​នៅ​ទី​រួម​ខេត្ត និង​រាជធានី ដោយ​យក​គ្រឹះស្ថាន​គ្រប់​ប្រភេទ ចាប់​ពី​បឋមសិក្សា​ឡើង​ទៅ​ទាំង​សាធារណៈ និង​ឯកជន​ធ្វើ​ជា​មណ្ឌល​ប្រឡង។ ក្នុង​ករណី​ខេត្ត​ណា​មិន​អាច​អនុវត្ត​បាន មណ្ឌល​ប្រឡង​ត្រូវ​ប្រមូល​ផ្តុំ​នៅ​ទី​រួម​ស្រុក​ដែល​នៅ​ជិត​ទី​រួម​ខេត្ត​ជាង​គេ។ ក្រសួង​អប់រំ បាន​ប្រកាស​ថា នឹង​មិន​មាន​ការ​រៀបចំ​ប្រឡង​លើក​ទី​២ ទេ សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​នេះ។

ទាក់ទង​នឹង​ការ​ប្រឡង​នេះ​ដែរ ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ ឆ្នាំ​២០១៥ ដែល​មាន​រយៈពេល ២​ថ្ងៃ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ស្អែក​នេះ។ ដំណើរ​ការ​ប្រឡង​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទូទាំង​ប្រទេស ហើយ​បេក្ខជន​ចូល​រួម​ប្រឡង​មាន​ជាង ១០​ម៉ឺន​នាក់ ចែក​ជា ១.៥៧៣​មណ្ឌល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក លោក រស់ សាលីន មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ ។ ចាប់​ពី​ឆ្នាំ​២០១៤ មក ក្រសួង​អប់រំ​បាន​ប្រគល់​សិទ្ធិ​អំណាច និង​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ​រៀប​ចំ​ការ​ប្រឡង រាប់​ទាំង​ពី​ការ​រៀបចំ​ប្រធាន​វិញ្ញាសា ដំណើរការ​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ និង​ប្រកាស​លទ្ធផល​នៅ​តាម​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ។ គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ ប្រើប្រាស់​បុគ្គលិក​អប់រំ​ធ្វើជា​មេ​ប្រយោគ​ប្រឡង ហើយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា មាន​ភារកិច្ច​ចេញ​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ ជូន​ដែល​បេក្ខជន​ដែល​ប្រឡង​ជាប់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។