សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ប្រឆាំង​ការ​ចរាចរ​ទំនិញ​ខូចគុណភាព

0:00 / 0:00

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​តឹងរ៉ឹង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចរាចរ​ផលិតផល​ក្លែងក្លាយ ឬ​ខូចគុណភាព​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ នេះ​ប្រកាស​ថា បាន​រក​ឃើញ​ផលិតផល​ខូចគុណភាព​នានា​នៅ​លើ​ទីផ្សារ ហើយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​ផលិតផល​ទាំង​នោះ។

សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​ធូរ​រលុង គឺ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ចរាចរ​ផលិតផល​ក្លែងក្លាយ ខូច​គុណភាព​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។

ការ​លើក​ឡើង​នេះ ​ស្រប​ពេល​សេចក្ដី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២ ខែ​មីនា ឲ្យ​ដឹង​ថា គណៈកម្មាធិការ​មួយ​នេះ​បាន​ចុះ​ពិនិត្យ​ផលិតផល​ដែល​ត្រូវ​បាន​គេ​ចរាចរណ៍​នៅ​លើ​ទីផ្សារ ហើយ​រក​ឃើញ​ថា មាន​ផលិតផល​ខូចគុណភាព ផលិតផល​បន្លំ​គុណភាព ផលិតផល​វេច​ខ្ចប់ ឬ​ស្តុក​ទុក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ផលិតផល​ហួស​សុពលភាព​នៃ​ការ​ប្រើប្រាស់ ផលិតផល​ក្នុង​ស្រុក និង​នាំ​ចូល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង-​ស្ថាប័ន​មាន​សមត្ថកិច្ច កំពុង​ត្រូវ​បាន​គេ​ដាក់​បន្លំ​លក់​ជាមួយ​ផលិតផល​ពិត មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នៅ​លើ​ទីផ្សារ។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បញ្ជាក់​ថា ផលិតផល​ទាំង​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម និង​ជា​គ្រោះថ្នាក់​សម្រាប់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។ ពួកគេ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​សហការ​ផ្ដល់​ព័ត៌មាន​ពី​ទីតាំង ឬ​ជន​ដែល​ផលិត ទីតាំង ឬ​ជន​ដែល​ចែកចាយ​ផលិតផល​ទាំង​នេះ​ដល់​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យ តាមដាន ស៊ើបអង្កេត និង​ឈាន​ដល់​ការ​បង្ក្រាប​ទៅ​តាម​នីតិវិធី។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា កត់សម្គាល់​ថា កន្លង​មក​រដ្ឋាភិបាល​បាន​បង្កើត​យន្តការ​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ចំណី​អាហារ ឬ​ទំនិញ ប៉ុន្តែ​លោក​ថា ការ​អនុវត្ត​ជាក់ស្ដែង​នៅ​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ដោយសារ​តែ​មាន​អំពើ​ពុករលួយ។ លើស​ពី​នេះ លោក​ថា ការ​គ្រប់គ្រង​ការ​ត្រួតពិនិត្យ​ទំនិញ​នាំ​ចូល​ពី​បរទេស ក៏​នៅ​មាន​ភាព​ធូររលុង​នៅ​ឡើយ៖ «យើង​ឃើញ​នៅ​មាន​បញ្ហា​ច្រើន​កន្លង​មក ប្រព័ន្ធ​នៅ​ក្នុង​ស្រុក​យើង​នៅ​តែ​ដដែល នៅ​តែ​ពឹង​លើ​គណៈកម្មាធិការ​ខាង​លើ​ដែល​អត់​មាន​វិធានការ អត់​មាន​យុទ្ធសាស្ត្រ​ឲ្យ​ច្បាស់លាស់ ជា​សង្គម​ស៊ីវិល​យើង​គិត​ថា ជា​ការ​ខ្វះ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​ទាំង​អស់​នេះ»

កម្ពុជា ជា​ប្រទេស​ដែល​នាំ​ចូល​នូវ​ផលិតផល​ជា​ច្រើន​ពី​បរទេស​សម្រាប់​បម្រើ​ដល់​តម្រូវ​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ ក្នុង​នោះ​មាន​តាំង​ពី​បន្លែ ផ្លែឈើ និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ផ្សេង​ទៀត។ ការ​ស្រាវជ្រាវ​កន្លង​មក​បង្ហាញ​ថា គ្រាន់តែ​បន្លែ​ហូប​ចុក កម្ពុជា​បាន​នាំ​ចូល​បន្ថែម​ពី​ប្រទេស​ជិត​ខាង​ប្រមាណ​ពី ២០០ ដល់ ៤០០​តោន​ក្នុង​មួយ​ថ្ងៃ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

លោក ស ម៉ូរ៉ា ថ្លែង​ថា ដើម្បី​ជៀសវាង​ការ​ចរាចរ​ទំនិញ​ខូចគុណភាព​នៅ​លើ​ទីផ្សារ​រដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ការ​នាំចូល​ទំនិញ​នៅ​តាម​ច្រក​នានា​តាម​ព្រំដែន ត្រូវ​ពង្រីក​ការ​ត្រួត​ពិនិត្យ​ផលិតផល​ខូចគុណភាព​ឲ្យ​ដល់​ថ្នាក់​មូលដ្ឋាន និង​ត្រូវ​ដាក់​ទោសទណ្ឌ​ទៅ​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​អនុញ្ញាត​ឲ្យ​ឈ្មួញ​ផលិត ឬ​នាំ​ចូល​ទំនិញ​ខូច​គុណភាព​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។