ក្នុងសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ កម្រាស់ពីរទំព័រ បញ្ជាក់ថា រយៈពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ រហូតមកដល់បច្ចុប្បន្ន ខណៈដែលស្ថានភាពនយោបាយកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បណ្ដាញផ្សព្វផ្សាយព័ត៌មាននៅក្នុងស្រុក បានបំពេញតួនាទីរបស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយ ដើម្បីបម្រើប្រយោជន៍សង្គម។ តែបានចង្អុលបង្ហាញថា មានបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួន មិនទាន់បានគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឲ្យមានសុក្រឹតភាពនៅឡើយ ដូចជាការផ្សព្វផ្សាយព័ត៌មានមានភាពលម្អៀង ដើម្បីតែផលប្រយោជន៍របស់ខ្លួន បណ្ដាលឲ្យប្រជាពលរដ្ឋទទួលព័ត៌មានមានការភ័ន្តច្រឡំ និងធ្វើឲ្យស្ថានការណ៍នយោបាយរបស់ប្រទេសដែលមិនទាន់មានភាពប្រាកដប្រជា កាន់តែធ្លាក់ទៅក្នុងសភាពធ្ងន់ធ្ងរថែមទៀត។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា ការផ្សព្វផ្សាយនៅមុន និងការផ្សព្វផ្សាយនៅក្រោយការបោះឆ្នោត ដូចជាការវិភាគព័ត៌មាន មានភាពប្រាសចាកវិជ្ជាជីវៈ មិនឯករាជ្យ មានភាពលម្អៀងរវាងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កំពុងផ្សព្វផ្សាយតទល់គ្នាជាមួយបណ្ដាញទូរទស្សន៍មួយចំនួន បណ្ដាលឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទៅលើបណ្ដាញផ្សព្វផ្សាយសង្គម មានភាពច្របូកច្របល់ដោយការផ្សព្វផ្សាយខុសពីការពិត និងបម្រើផលប្រយោជន៍អ្នកនយោបាយតែប៉ុណ្ណោះ។
សមាគមនេះក៏បានសំណូមពរដល់ក្រសួងព័ត៌មាន មេត្តាអញ្ជើញគ្រប់សារព័ត៌មាននៃបណ្ដាញផ្សព្វផ្សាយព័ត៌មាន មករួមប្រជុំក្នុងគោលបំណងពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ឲ្យមានភាពឯករាជ្យ មិនលម្អៀង និងត្រូវពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយក្នុងពេលដែលមាតុភូមិកំពុងត្រូវការរក្សាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
