មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ល្បែង​ចាក់​កន្ទុយ​លេខ​នៅ​ស្ទឹងត្រែង

មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ទីតាំង​លេង​ល្បែង​ចាក់​កន្ទុយ​លេខ ដែល​រីក​រាល​ដាល​ដូច​ផ្សិត​ក្នុង​ក្រុង​ស្ទឹងត្រែង។ ការ​អំពាវនាវ​នេះ នៅ​បន្ទាប់​ពី​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដូច​ជា​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង និង​កង​រាជ​អាវុធហត្ថ​ខេត្ត ហាក់​ដូច​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ល្បែង​កន្ទុយ​លេខ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​នេះ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​អស្ថិរភាព​សង្គម។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល រិះគន់​ចំណាត់​ការ​របស់​សមត្ថកិច្ច​ជំនាញ​ខេត្ត​នេះ​ថា មិន​បាន​បំពេញ​តួនាទី​បង្ក្រាប​ទីតាំង​ល្បែង​កន្ទុយ​លេខ​ខុស​ច្បាប់​ក្នុង​ខេត្ត​នេះ​ទេ ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម និង​អំពើ​ហិង្សា​ជាដើម៖ «ទីតាំង​ឆ្នោត​ល្បែង​ហ្នឹង គឺ​នៅ​ចំ​កណ្ដាល​ផ្សារ សមត្ថកិច្ច​ណា​ក៏​ឃើញ​ដែរ ឬ​មួយ​ក៏​ប្រជាពលរដ្ឋ​ណា​ក៏​ឃើញ​ដែរ សូម​មេត្តា​ឲ្យ​ជំនាញ​ហ្នឹង​មេត្តា​ចាត់​ការ ជាពិសេស​គឺ​លោក​ព្រះរាជអាជ្ញា ចាត់​ចែង​ទៅ​នីតិវិធី​ច្បាប់ ព្រោះ​អី​បុគ្គល​ជា​មេ​ឆ្នោត ឬ​មួយ​ក៏​កូន​កញ្ច្រែង​យើង​បាន​ស្គាល់​បាន​ដឹង​ទីតាំង​គាត់​អស់​ហើយ យើង​មិន​ពិបាក​ធ្វើ​ទេ បើ​សិន​ជា​យើង​មាន​ចេតនា​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ឲ្យ​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួង​មហាផ្ទៃ ហ្នឹង»

លោក ហូ សំអុល បន្ត​ថា ទីតាំង​ល្បែង​កន្ទុយ​លេខ​ធំៗ​មាន​ចំនួន ២​កន្លែង​ក្នុង​ខេត្ត​នេះ គឺ​នៅ​កណ្ដាល​ក្រុង​ស្ទឹងត្រែង មាន​ឈ្មោះ​ថា ងី ហៅ ងី កំប៉ោង និង​ទីតាំង​មួយ​កន្លែង​ផ្សេង​ទៀត​មាន​ឈ្មោះ​ថា កាន់ វិសាំង ហៅ តា​មាំង និង​មាន​បណ្ដាញ​ឆ្នោត​តូចៗ​ជាច្រើន​កន្លែង​ទៀត។ លោក​ថា ល្បែង​កន្ទុយ​លេខ​នេះ​មាន​ប្រភព​មក​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។ បន្ថែម​ពី​លើ​នេះ ល្បែង​កន្ទុយ​លេខ​នេះ​បាន​ប្រមូល​ថវិកា​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​ក្នុង​មួយ​ថ្ងៃៗ​រាប់​សែន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។