សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​យន្តការ​ការពារ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ពលករ​ចំណាក​ស្រុក បាន​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ព្រម​ទាំង​លុប​បំបាត់​នូវ​បញ្ហា​និទ្ទណ្ឌភាព ដើម្បី​ការពារ​ពលករ​ធ្វើ​ចំណាក​ស្រុក​មាន​សុវត្ថិភាព​ពិត​ប្រាកដ។

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី លោក ហេង សំរិន ប្រធាន​រដ្ឋសភា ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ទទួល​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​ឲ្យ​កាន់​តែ​មាន​ចំនួន​ច្រើន​បន្ថែម​ទៀត។

ការ​ពង្រឹង​យន្តការ​ការពារ​ពលករ ការ​បង្កើន​ការ​វិនិយោគ​ឱកាស​ការងារ​ក្នុង​ស្រុក ផ្តល់​ចំណេះ​ជំនាញ​ដល់​ពលករ ពង្រឹង​កិច្ច​ព្រមព្រៀង ឬ​អនុស្សរណៈ​ជាមួយ​ប្រទេស​ទទួល និង​ការ​លុប​បំបាត់​និទ្ទណ្ឌភាព​លើ​ពលករ ជា​ចំណុច​សំខាន់ៗ​ដែល​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ។

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ពលករ​ចំណាក​ស្រុក លោក យ៉ា ណាវុធ បាន​និយាយ​ថា លោក​មិន​ជំទាស់​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​បញ្ជូន​ពលករ​ដែល​មាន​ជំនាញ​ពិត​ប្រាកដ ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស មិន​មែន​គ្រាន់​តែ​បញ្ជូន​ពលករ​ដែល​គ្មាន​ជំនាញ​ឲ្យ​ទៅ​រងគ្រោះ​នោះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​យន្តការ​ការពារ និង​លុប​បំបាត់​និទ្ទណ្ឌភាព​ទៅ​លើ​ពលករ​ចំណាក​ស្រុក ព្រោះ​កន្លង​មក ពលករ​ចំណាក​ស្រុក​មិន​ថា​នៅ​ប្រទេស​កូរ៉េ នោះ​ទេ តែង​ទទួល​បាន​ប្រាក់​ខែ​តិច ធ្វើ​ការ​គ្មាន​ពេល​សម្រាក បាត់បង់​សេរីភាព ហើយ​រង​នូវ​ការ​រំលោភ​បំពាន​រាង​កាយ មាន​ការ​វាយ​ដំ​ជាដើម៖ «នៅ​ក្នុង​រយៈពេល​ខ្លី នៅ​ពេល​ដែល​កម្ពុជា មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់ ការ​ពិភាក្សា​ដើម្បី​បន្ថែម​ចំនួន​កូតា​ពលករ​កម្ពុជា ជា​រឿង​មួយ​វិជ្ជមាន​ហើយ តែ​សម្រាប់​រយៈពេល​វែង កម្ពុជា ត្រូវ​ដោះស្រាយ​វិបត្តិ​គ្មាន​ការងារ​ធ្វើ បញ្ហា​និទ្ទណ្ឌភាព ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា មាន​និរន្តរភាព​ពិត​ប្រាកដ»

ជាមួយ​គ្នា​នេះ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​ស្នើសុំ​របស់​ប្រធាន​រដ្ឋសភា​ទៅ​កាន់​ប្រទេស​កូរ៉េ នៅ​ពេល​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ខ្សោយ​របស់​រដ្ឋាភិបាល និង​ជា​រឿង​គួរ​ឲ្យ​ខក​ចិត្ត​មួយ​ក្នុង​នាម​ពលរដ្ឋ​ខ្មែរ ព្រោះ​រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ​បញ្ហា​ពលករ​នៅ​ក្នុង​ប្រទេស​ជា​មុន​សិន មុន​នឹង​ស្នើ​ឲ្យ​បរទេស​ជួយ។

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើន​ឱកាស​ការងារ​នៅ​ក្នុង​ស្រុក ដោះស្រាយ​បញ្ហា​ការ​រំលោភ​សិទ្ធិ និង​ត្រូវ​ចាត់​វិធានការ​ការពារ​ពលករ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ក្នុង​ដំណាក់​កាល​នេះ គួរ​តែ​នាំ​គ្នា​គិត​រិះរក​វិធី​ដោះស្រាយ មិន​មែន​ស្នើ​ទៅ​កាន់​បរទេស​ឲ្យ​ដោះស្រាយ​បញ្ហា​ពលករ​នោះ​ទេ ហើយ​ខ្ញុំ​មើល​ឃើញ​ថា នៅ​កម្ពុជា មាន​ដី​សម្បទាន​ច្រើន​ណាស់​ដែល​បាន​វិនិយោគ​ទៅ​ឲ្យ​វៀតណាម ដែល​បាន​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម មាន​ឱកាស​ការងារ​នៅ​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​គិតគូរ​ពី​បញ្ហា​នេះ»

ចំណែក​ឯ​ប្រធាន​ចលនា​យុវជន​នៅ​ក្នុង​ប្រទេស​កូរ៉េ លោក យឹម ស៊ីណន បាន​និយាយ​ថា លោក​មិន​គាំទ្រ​ការ​ស្នើសុំ​ឲ្យ​ចំនួន​ពលករ​មក​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ កាន់​តែ​ច្រើន​ជាង​នេះ​ទេ ព្រោះ​ពលករ​នៅ​កូរ៉េ ភាគ​ច្រើន​គឺ​ជា​យុវជន​ដែល​សុទ្ធតែ​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ជាតិ។ លោក​បន្ត​ថា បើ​ទោះ​ប្រទេស​កូរ៉េ មាន​លក្ខខណ្ឌ​ការងារ​ខុស​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន​ក្តី ប៉ុន្តែ​បញ្ហា​ផ្សេង​នៅ​តែ​បន្ត​កើត​ឡើង​ចំពោះ​ពលករ​នៅ​ប្រទេស​កូរ៉េ ដូចជា​បញ្ហា​ផ្លូវ​ច្បាប់ ភាសា ការ​រំលោភ​សិទ្ធិ​លើ​ប្រាក់​ខែ និង​កម្លាំង​ពលកម្ម និង​ការ​ប្រឹក្សា​យោបល់​ជាដើម។ លោក យឹម ស៊ីណន ចង់​ឃើញ​រដ្ឋាភិបាល​កាត់​បន្ថយ​ចំនួន​ពលករ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស៖ «ខ្ញុំ​គិត​ថា ពលករ​ខ្មែរ​របស់​យើង​ចាប់​ពី​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គាត់​គួរ​តែ​នៅ​ក្រេប​យក​ចំណេះ​ដឹង ចំណេះ​វិជ្ជា ដើម្បី​ជួយ​ការពារ​ប្រទេស​ជាតិ គាត់​មិន​គួរ​ណា​បញ្ជូន​ពលករ​ទាំង​នោះ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដែល​ជា​កម្មករ​ធ្វើ​ការ​ដ៏​លំបាក​នោះ​ទេ»

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​ឧសភា។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា នៅ​ឯ​វិមាន​រដ្ឋសភា​កន្លង​ទៅ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ស្នើ​ទៅ លោក ជុង អូយវ៉ា (CHUN Ui-HWA) ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង បន្ត​បង្កើន​ចំនួន​កូតា​ទទួល​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​ឲ្យ​បាន​ចំនួន​ច្រើន​បន្ថែម​ទៀត និង​ជួយ​ជំរុញ​អ្នក​វិនិយោគទុន ទេសចរណ៍​កូរ៉េ មក​កម្ពុជា ឲ្យ​បាន​ច្រើន។ លើស​ពី​នេះ ក៏​សុំ​ឲ្យ​កូរ៉េ ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ព្រម​ទាំង​ស្នើសុំ​ឲ្យ​សភា​នៃ​ប្រទេស​ទាំង​ពីរ ចុះ​អនុស្សរណៈ​សហការ​ជាមួយ​គ្នា​នា​ពេល​ឆាប់ៗ​ខាង​មុខ។

សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ពលករ​ចំណាក​ស្រុក បាន​ឲ្យ​ដឹង​ថា គេ​មិន​មាន​ទិន្នន័យ​ជាក់លាក់​ពី​ចំនួន​ពលករ​ខ្មែរ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ នេះ​ទេ។ បើ​ទោះ​ជា​កន្លង​មក ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ មិន​សូវ​ជួប​បញ្ហា​ដូច​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ក្តី ក៏​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​យន្តការ​ការពារ​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​កូរ៉េ បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។