អ្នកភូមិរស់នៅក្បែរប្រាសាទឯកភ្នំ ខេត្តបាត់ដំបងមួយចំនួនអះអាងថា ចំនួនភ្ញៀវទៅលេងនិង ទស្សនា តំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររមណីយដ្ឋានប្រសាទឯកភ្នំ ប្រមាណជា៣ឆ្នាំមកនេះ មានការថយចុះ ជាពិសេសគឺភ្ញៀវក្នុងស្រុកតែម្ដង។ អ្នកភូមិបញ្ជាក់ថាបញ្ហាចម្បង ដែលបណ្ដាលឲ្យអ្នកទេសចរណ៍មិនចង់ទៅកម្សាន្តទីនោះ ដោយសារកន្លែងទេសចរណ៍នៅជុំវិញប្រាសាទគ្មានអនាម័យ និងខ្វះការថែទាំត្រឹមត្រូវ។
នៅជុំវិញប្រាង្គប្រសាទឯកភ្នំទាំងប៉ែកខាងក្រៅនិងខាងក្នុងប្រាសាទ គេតែងសង្កេតឃើញមានសុទ្ធតែដើមស្មៅ ហាក់គ្មានការសំអាតទាល់តែសោះ ហើយដើមស្មៅទាំងនោះស្ទើរតែហ៊ុមព័ទ្ធជិតប្រាសាទអស់ហើយ។ ចំណែកឯភ្ញៀវទេសចរណ៍មកលេងប្រាសាទវិញ យូរៗម្ដងសង្កេតឃើញមានភ្ញៀវជាតិ និងអន្តរជាតិ ទៅកម្សាន្តខ្លះដែរ ប៉ុន្តែមិនច្រើននោះទេ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅជុំវិញប្រាសាទ លើកឡើងថា ស្ថានភាពបែបនេះកើតមានប្រមាណជាង៣ឆ្នាំមកហើយ គឺភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្សាន្តប្រសាទបូរាណ បានថយចុះជាងពេលមុនៗឆ្ងាយណាស់។
ក្រុមប្រជាពលរដ្ឋទាំងអ្នកលក់ដូរ និងអ្នករស់នៅជុំវិញប្រាសាទ មានមតិស្រដៀងគ្នាថា កាលពីដើមឡើយភ្ញៀវទេសចរជាតិនិយមមកទស្សនាកម្សាន្តប្រាសាទនេះ យ៉ាងច្រើនកុះករមិនថាជាថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យសំខាន់ៗនោះឡើយ។ អ្នកភូមិបន្តថាសព្វថ្ងៃភ្ញៀវទេសចរណ៍មកកម្សាន្តមានចំនួនតិចតួច ហើយអ្នកដែលមកកម្សាន្តភាគច្រើនតែងត្អូញត្អែរ ចំពោះបរិស្ថាននៅជុំវិញប្រាសាទថាមិនស្អាត គឺមានដើមស្មៅដុះពាសពេញប្រាសាទ ដោយគ្មានការថែទាំទាល់តែសោះ៖ «ច្រើន ហើយមកជារៀងរាល់ថ្ងៃខ្លាំងជាងគេ គឺថ្ងៃអាទិត្យ ថ្ងៃសៅ ដែលមកច្រើនណាស់ ! បាទ។ បាទបើសិនជាថ្ងៃសៅ ថ្ងៃអាទិត្យនោះ បើសិនយើងបូកទាំងភ្ញៀវខ្មែរផង ក្នុងមួយថ្ងៃៗរាប់រយនាក់ តែឥឡូវស្ងាត់ហ្មង។ ថយចុះទាំងភ្ញៀវ ជាតិនិងភ្ញៀវអន្តរជាតិគឺថាថយចុះបាទ៥០ហុកសិបភាគរយ។ កាលអាឆ្នាំមុនហ្នឹងឃើញតែឥវ៉ាន់ពេញហ្នឹង គេអត់ហ៊ានចុះដែរ គេនៅលើអាទុក់ៗហើយទៅវិញ។ និយាយទៅខ្ញុំអត់ចេះភាសាបារាំងទេ មគ្គុទ្ទេសក៍ទេសចរប្រាប់ខ្ញុំថា បារាំងគេថាប្រសាទយើងអត់មានអ្នកបោសសំអាតអ៊ីចឹងឯង ថាអត់សូវស្អាតដូចប្រសាទអីគេអង្គរវត្ត អង្គរតូចអង្គរធំៗគេមើលទៅមានគួរឲ្យចាប់អារម្មណ៍ណាស់។ ដល់ពេលមកប្រាសាទនេះវាអត់មានគួរឲ្យគេចាប់អារម្មណ៍អ៊ីចឹងបានគេមិនសូវមកលេង » ។
អ្នកភូមិបន្តទៀតថា ភ្ញៀវទេសចរណ៍ថយចុះនេះ ប្រហែលជាបណ្ដាលមកពីបរិស្ថានមិនស្អាតនេះហើយ ដែលជាកត្តាមួយជំរុញឲ្យអ្នកមកទស្សនាប្រាសាទមិន ចង់មកលេងកម្សាន្តនៅទីនោះ។ ភ្ញៀវទេសចរណ៍ថយចុះនេះ មិនត្រឹមតែធ្វើឲ្យតំបន់ទេសចរណ៍មានភាពស្ងប់ស្ងាត់ខុសពេលមុនៗប៉ុណ្ណោះទេ ថែមទាំងបានប៉ះពាល់ដល់របរលក់ដូរ របស់ប្រជាពលរដ្ឋនៅជុំវិញប្រាសាទទៀតផង។
អ្នកលក់ដូរក្បែរប្រាសាទម្នាក់គឺ អ្នកស្រី រ៉ន លី មានប្រសាសន៍ថាអ្នកស្រីលក់គ្រឿងភេសជ្ជៈជាលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ នៅប្រាសាទឯកភ្នំប្រមាណ៩ឆ្នាំមកហើយ។ អ្នកស្រីបន្តថាកាលពីភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើន អ្នកស្រីលក់ដូរបានផលកម្រៃកាក់កបគួរសមដែរ ហើយអាចរកប្រាក់ចំណូលដោះស្រាយក្នុងបន្ទុកគ្រួសារបានមួយកម្រិត។ ប៉ុន្តែប្រមាណ៣ឆ្នាំមកនេះ ការលក់ដូរហាក់មិនទទួលបានប្រាក់ចំណេញនោះទេ៖ «ពីមុនៗភ្ញៀវទេសចរណ៍មកខ្ញុំលក់បានគ្រប់គ្រាន់ ខ្ញុំលក់ដូរបានហើយ ខ្ញុំអាចសល់លុយអីទុកមួយថ្ងៃ បួន១០រៀលអីទៀត។ តែឥឡូវមិនបានទេពូ មានតែចេញដើមរកអត់សូវបាន ហើយបើបានតែភ្ញៀវខ្មែរយើងទេ ? ចាបានតែភ្ញៀវខ្មែរយើង។ ភ្ញៀវខ្មែរហ្នឹងចំពោះមនុស្សប្រភេទណាទៅ ជាពិសេសកូនក្មេងសិស្សសាលាវាចូលរៀនមក វាមកហូបអ៊ីចឹង ដូចបុកល្ហុងប្រហិតឆាមីអ៊ីចឹង ចា៎ភាគច្រើនសំបូរតែកូនក្មេងសិស្សសាលាវាមកហូបអីទេ»។
ទោះជាយ៉ាងនេះក្ដីមានប្រជាពលរដ្ឋ ដែលលក់ដូរនៅក្បែរប្រាសាទខ្លះបានលើកឡើងថាភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្តនៅប្រាសាទឯកភ្នំ ចំពោះអ្នកទេសចរណ៍ក្នុងស្រុកមានការថយចុះខ្លះមែន ប៉ុន្តែភ្ញៀវអន្តរជាតិ នៅតែមានសម្ទុះមកលេងកម្សាន្តដដែល គឺពុំមានអ្វីប្រែប្រួលខុសពីពេលមុនៗនោះទេ។
អ្នកលក់ដូរក្បែរប្រាសាទម្នាក់ទៀតគឺកញ្ញា អ៊ុយ ចិន្តា ដៃចិតបន្លែ ត្រកួនបណ្ដើរនិយាយរៀបរាប់បណ្ដើរថា កញ្ញាលក់ដូរនៅក្បែរប្រាសាទនេះ ប្រមាណជាង១០ឆ្នាំមកហើយ ដោយសង្កេតឃើញអ្នកទេសចរណ៍មកថតផ្ដិតយករូបភាព ប្រាសាទមិនដាច់ឡើយ ជាពិសេសគឺភ្ញៀវអន្តរជាតិតែម្ដង ដែលអ្នកទេសចរណ៍ទាំងនោះ ភាពច្រើនមកលេងលក្ខណៈជាក្រុមតូចៗ ហើយមានគ្នាប្រមាណពី២ទៅ ៥នាក់៖ «បើថ្ងៃណាច្រើនខ្លាំងប្រហែលជាចូលដល់៥០ហុកសិបនាក់អញ្ចឹងណាស់ ប៉ុន្តែមិនមែនរាល់ថ្ងៃទេ។ តែបើថ្ងៃដែលអត់សូវមានសោះ មាន៤ប្រាំនាក់តែដឹងតែមានមករាល់ថ្ងៃ មិនដែលអត់ទេភ្ញៀវបរទេស។ ហើយចំពោះការលក់ដូរយ៉ាងម៉េចដែរ បើភ្ញៀវបរទេសមកច្រើនអ៊ីចឹង ? សម្រាប់បរទេសភាគច្រើនគឺអត់សូវដាច់ទេ ដាច់តែខ្មែរ។ បរទេសនិយាយទៅ១០នាក់វាទិញម្នាក់ហ្នឹងសំណាងអ្នកលក់ហើយ។ ជាពិសេសគឺខ្ញុំលក់ដូរនៅហ្នឹង បើសិនណាមានភ្ញៀវខ្មែរមកលេងច្រើនកុះករដូចពីមុនអញ្ចឹងទៅខ្ញុំលក់ដូរហ្នឹងក៏វាបានចំណូលច្រើនអញ្ចឹងទៅ»។
ទាក់ទងនិងបញ្ហានេះដែរ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង លោក ម៉ក់ ស៊ិនណារ៉ា ទទួលស្គាល់ថា ភ្ញៀវទេសចរណ៍ជាតិ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានចំនួនថយចុះខ្លះមែន ចំណែកឯភ្ញៀវអន្តរជាតិ គឺមានចំនួនកើនឡើងជាងពេលមុនៗច្រើន។ យ៉ាងណាលោកថា ក្រុមអ្នកទេសចរណ៍អន្តរជាតិ និយមទៅកម្សាន្តនៅប្រាសាទបាណន់ច្រើនជាងប្រសាទឯកភ្នំ។ ទោះយ៉ាងនេះក្ដី លោកបញ្ជាក់ថាហេតុដែលភ្ញៀវទេសចរណ៍ មិននិយមទៅកម្សាន្តប្រាសាទឯកភ្នំនោះ ពុំមែនបណ្ដាលមកពីខ្វះការថែទាំប្រាសាទនោះឡើយ៖ «ខ្មែរអត់សូវទៅទេឯកភ្នំ ខ្មែរអត់សូវទៅទេ សូម្បីតែថ្ងៃបុណ្យទានក៏តិចជាងប្រាសាទបាណន់ដែរ។ ពីព្រោះឯកភ្នំ បើមើលពីស្ថានភាពនៃទីតាំងភូមិសាស្ត្រ កន្លែងកម្សាន្តហ្នឹង វាដូចជាទីតាំងមិនសូវអំណោយផលប៉ុន្មានទេ។ បើបាណន់អំណោយផលវាមានព្រៃឈើច្រើនហើយមានកំពូលភ្នំ មានស្ទឹងអីពីមុខអីអ៊ីចឹង ទៅវាឃើញអំណោយផលច្រើនជាងអញ្ចឹងណាស់»។
ទោះយ៉ាងនេះក្ដីអ្នកភូមិអះអាងថា ប្រសិនបើអាជ្ញាធរមានការថែទាំ និងបោសសំអាតប្រាសាទឲ្យបានស្អាតឡើងវិញ នោះភ្ញៀវទេសចរណ៍ និងងាកមកកម្សាន្តប្រាសាទឯកភ្នំច្រើនជាងពេលសព្វថ្ងៃ។
ប្រាសាទឯកភ្នំ ស្ថិតនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ អ្នកទេសចរណ៍អាចទៅទស្សនាកម្សាន្ត ដោយម៉ូតូឌុបឬម៉ូតូកង់បី ដែលមានចម្ងាយពីទីរួមខេត្តបាត់ដំបងប្រមាណ ១០គីឡូម៉ែត្រ។
នៅខេត្តបាត់ដំបងមានប្រាសាទបុរាណដែលជារមណីយដ្ឋានទេសចរណ៍ ចំនួន ៤កន្លែង រួមមានប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត និងប្រាសាទស្នឹងនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ក្នុងចំណោមប្រាសាទទាំង៤កន្លែងនោះ ប្រាសាទបាណន់ មានភ្ញៀវទេសចរណ៍និយមទៅកម្សាន្តច្រើនជាងគេបន្ទាប់មកគឺប្រាសាទឯកភ្នំ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បង្ហាញថារយៈពេល៦ខែដើមឆ្នាំ២០១៤ ចំនួនភ្ញៀវទេសចរណ៍ជាតិ ទៅកម្សាន្តខេត្តបាត់ដំបង ប្រមាណ ជាង៤ម៉ឺន៣ពាន់នាក់។ ចំនួននេះកើនឡើង ជាង៤២ភាគរយបើធៀបនិងភ្ញៀវទេសចរណ៍ រយៈពេលដូចគ្នាកាលនៅដើមឆ្នាំ២០១៣។ចំណែកភ្ញៀវទេសចរណ៍អន្តរជាតិវិញ មានចំនួនជាង៦.៩០០នាក់ គឺកើនឡើងប្រមាណ ៤៨ភាគរយ បើធៀបនិងចំនួនអ្នកទេសចរណ៍កាលពី៦ខែ ដើមឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
