ប្រធានក្រុមហ៊ុន អាតត្លាសឃ្លីនីកែន (Atlasklinikken) របស់ន័រវេសន៍ (Norway) លោក ម័រធិន បូស្ទ័ររូដ (Morten Bosterud) នឹងប្រគល់វត្ថុបុរាណខ្មែរពីការប្រមូលទុកផ្ទាល់ខ្លួនរបស់លោក ទៅឲ្យរដ្ឋាភិបាលកម្ពុជា វិញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា វត្ថុបុរាណទាំងនោះរួមមាន ព្រះកេសព្រះឥសូរ សម័យអង្គរសតវត្សទី៩ រចនាបថព្រះគោ ព្រះកេសទេពភេទប្រុស សម័យអង្គរចុងសតវត្សទី១២ និងដើមសតវត្សទី១៣ រចនាបថបាយ័ន ព្រមទាំងវត្ថុសិល្បៈចំនួន ៩ដុំផ្សេងទៀត។ ក្រសួងការបរទេស បញ្ជាក់ថា វត្ថុបុរាណទាំងអស់នេះ ត្រូវបានឆ្លងកាត់ការធ្វើកោសល្យវិច័យរួចហើយពីអ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។
ក្រសួងការបរទេស ឲ្យដឹងដែរថា ពិធីប្រគល់ផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា នាសារមន្ទីរជាតិ ដោយមានការចូលរួមរបស់ លោក ម័រធិន បូស្ទ័ររូដ ព្រមទាំងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា។ នៅក្នុងឱកាសនោះ រដ្ឋាភិបាលកម្ពុជា ក៏នឹងបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍនដល់ លោក ម័រធិន បូស្ទ័ររូដ ដើម្បីជាការលើកទឹកចិត្តផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
