អាជីវករជួលស្តង់លក់ទំនិញពីក្រុមហ៊ុនឯកជន និងពីសាលារាជធានីភ្នំពេញ រអ៊ូរទាំពីការលក់មិនសូវដាច់នៅក្នុងពិធីបុណ្យអុំទូក ឈានចូលដល់ថ្ងៃទី២។ ពួកគេលើកឡើងថា ការលក់មិនដាច់នេះ នឹងមិនអាចធ្វើឲ្យពួកគេទូទាត់ថ្លៃជួលស្តង់ និងបុគ្គលិក ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យនោះឡើយ។
ខុសពីពិធីបុណ្យអុំទូកមុនៗដែលធ្លាប់មានមនុស្សម្នាច្រើនចោមរោមរកទិញទំនិញ ឬចោមរោមដើម្បីស្វែងយល់ពីគុណភាពទំនិញនៅតាមស្តង់លក់ទំនិញនានា ដែលគេសង់តម្រៀបបន្តបន្ទាប់គ្នានៅក្នុងពិធីបុណ្យអុំទូក។
ចំណែកឆ្នាំនេះ មិនថាឡើយអតិថិជនចូលទិញទំនិញ សូម្បីតែអតិថិជនដែលដើរមើលទំនិញចោល ហើយមិនទិញនោះ ក៏ពុំសូវមានដែរ។ ចំណែកម្ចាស់តូបវិញ ក៏ពុំសូវមមាញឹកប៉ុន្មានដែរ ខណៈដែលអ្នកលក់មួយចំនួន គឺអង្គុយសំកុកតែម្តង។ កត្តានេះហើយ ដែលធ្វើឲ្យពួកគេអះអាងថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំនេះ ពួកគេប្រហែលជាមិនអាចស្វែងរកប្រាក់ចំណេញទូទាត់ថ្លៃជួលស្តង់បាននោះទេ។
ក្នុងពិធីអុំទូកឆ្នាំនេះ ដោយរំពឹងថាអាចនឹងមានមនុស្សប្រមាណ ២លាននាក់ចូលរួម អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំឲ្យមានកន្លែងប្រគំតន្ត្រី និងទីតាំងស្តង់លក់ទំនិញ ឲ្យស្ថិតនៅឆ្ងាយពីគ្នា ដើម្បីជៀសវាងកុំឲ្យប្រជាពលរដ្ឋសម្រុកទៅកាន់កន្លែងតែមួយ ដែលអាចបង្កឲ្យមានការកកស្ទះ និងឈានដល់មានគ្រោះថ្នាក់ដូចពេលកន្លងមក។ ទីតាំងដែលអាជ្ញាធររៀបចំឲ្យមានការប្រគំតន្ត្រី និងស្តង់លក់ទំនិញ មានដូចជា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅសួនច្បារមុខវត្តបទុមវតី និងនៅផ្សាររាត្រីក្បែរវត្តភ្នំ ជាដើម។
សមាជិកផ្នែកលក់របស់ក្រុមហ៊ុន ប៊ី.អេច្ឆ.វ៉ាយ.ភី អាហរ័ណ នីហរ័ណ (BHYP Import-Export Co.) លោក មេក អ៊ឹង ដែលក្រុមហ៊ុនលោកបានជួលស្តង់នៅកោះពេជ្រចំនួន ៣ថ្ងៃ តម្លៃ ១ពាន់ដុល្លារ ដើម្បីលក់ផលិតផលកែសម្ផស្សស្ត្រី។ លោកមានប្រសាសន៍នៅថ្ងៃទី៦ វិច្ឆិកា ថា ការលក់ដូរនៅឆ្នាំនេះ គឺមានសភាពស្ងាត់ជាងរាល់ឆ្នាំ ដោយសារពុំមានមនុស្សម្នាដើរលេងច្រើន។ លោកថា កាលពីថ្ងៃទី១នៃបុណ្យអុំទូក ក្រុមហ៊ុនលោកលក់បានប្រហែល ២០ដុល្លារប៉ុណ្ណោះ។ លោក មេក អ៊ឹង ជឿជាក់ថា បើលក់មិនដាច់របៀបនេះ ក្រុមហ៊ុនរបស់លោកប្រាកដជាខាតបង់មិនខាន គឺខាតទាំងថ្លៃជួលស្តង់ ទាំងថ្លៃជួលបុគ្គលិកម្នាក់ ១៥ដុល្លារក្នុង១ថ្ងៃថែមទៀត៖ «ភាគតិចដែរឆ្នាំនេះ ស្ត្រី ឬបុរសគ្រាន់តែយើងចែកខិត្តប័ណ្ណឲ្យគេទៅ វាអត់សូវគេមក ភាគច្រើនអ្នកមកពីជាយក្រុង ឬតាមខេត្ត មនុស្សក្នុងទីក្រុងអត់សូវមានទេ ហើយណាមួយគេបិទផ្លូវមិនឲ្យចូលអ៊ីចឹងទៅ ការលក់ក៏វាកាន់តែថយទៅអ៊ីចឹងដែរ»។
លោក មេក អ៊ឹង យល់ឃើញថា ការដែលពុំសូវមានមនុស្សដើរលេងច្រើននៅឆ្នាំនេះ វាអាចកើតឡើងដោយសារពលរដ្ឋរកចំណូលពុំសូវបាន និងដោយសារការធ្វើដំណើរឆ្ងាយមកពីខេត្តអស់សោហ៊ុយច្រើន។ ក្រៅពីនោះ ក៏អាចបណ្ដាលមកពីការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ៖ «ណាមួយអ្នកនៅទីក្រុងគេពុំសូវមក គេមានបញ្ហាទាក់ទងថា ចេះតែមានបញ្ហាគ្រោះថ្នាក់ ស្លាប់មនុស្សនៅលើកោះពេជ្រ ហើយមិនទាន់ដល់អុំទូកផង មានបញ្ហាហ្នឹងកើតឡើង ដល់ពេលអ៊ីចឹងគាត់ឃាត់កូនឃាត់ចៅមិនឲ្យមកលេង។ អ៊ីចឹង គាត់ព្រួយបារម្ភខ្លាចមានបញ្ហាបន្តទៅមុខទៀត»។
ស្រដៀងគ្នានេះដែរ លោក ប្រាំង ចាន់ឌី ដែលចូលហ៊ុនជាមួយមិត្តភក្ដិជួលស្តង់ដាក់លក់សម្លៀកបំពាក់នៅមុខសួនច្បារមុខវត្តបទុមវតី ឲ្យដឹងថា ក្រុមលោកជួលស្តង់ក្នុងតម្លៃ ២៤០ដុល្លារសម្រាប់រយៈពេល ៣ថ្ងៃ ប៉ុន្តែលោកថា កាលពីថ្ងៃទី១នៃពិធីបុណ្យអុំទូក លោកលក់មិនបាន ១០០ដុល្លារផង។ លោកឲ្យដឹងបន្ថែមថា សម្រាប់នៅព្រឹក និងរសៀលថ្ងៃទី២ គឺស្ងាត់តែម្តង។ លោកសង្ឃឹមថា នៅពេលល្ងាចអាចមានមនុស្សខ្លះឡើងវិញ។ លោក ប្រាំង ចាន់ឌី ហាក់មិនមានសង្ឃឹមថាទទួលបានផលចំណេញពីការលក់ដូរនេះទេ បើទោះជាក្រុមលោកមិនចំណាយបន្ថែមទៅលើការជួលបុគ្គលិកក៏ដោយ៖ «បើតាមមិត្តភក្ដិគេដើរទៅកោះពេជ្រ ឬខាងអីផ្សេងៗ ថ្ងៃទី១គឺមានអ្នករអ៊ូច្រើនពីការលក់មិនសូវដាច់ មិនដឹងថាអាចរួចអត់ទេ ព្រោះថាមនុស្សប្រសិនបើបន្តស្ងាត់អ៊ីចឹងទៀត ប្រហែលជាទូទាត់អត់រួចទេ ឆ្នាំមុនៗនោះអាចលក់ដាច់ច្រើនជាង ព្រោះអុំទូកឥឡូវដូចជាស្ងាត់»។
ទោះយ៉ាងណា លោក ប្រាំង ចាន់ឌី មានប្រសាសន៍ថា លោកអាចនឹងជួលស្តង់លក់នៅឆ្នាំក្រោយទៀត ប្រសិនបើលោកអាចលក់រួចដើម ឬចំណេញបានតិចតួចនៅក្នុងឆ្នាំនេះ។ លោកក៏សង្ឃឹមដែរថា ពលរដ្ឋអាចចូលរួមច្រើននៅឆ្នាំក្រោយ ប្រសិនបើអាជ្ញាធរអាចការពារសុវត្ថិភាពប្រជាជនបានល្អ និងមិនមានគ្រោះថ្នាក់នៅឆ្នាំនេះ។
ដោយឡែកសម្រាប់អាជីវករដែលជួលសំយាបផ្ទះរបស់ពលរដ្ឋ ឬអ្នកលក់តាមចិញ្ចើមផ្លូវ មើលទៅហាក់ពុំសូវជាដាច់ប៉ុន្មាននោះដែរ។ អ្នកខ្លះអះអាងស្រដៀងៗគ្នាថា ប្រហែលជាមិនអាចស្រង់ដើមបានទេមើលទៅ បើស្ងាត់របៀបនេះនោះ។
យ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងឲ្យដឹងនៅថ្ងៃទី៦ វិច្ឆិកា ថា ចំនួនប្រជាពលរដ្ឋចូលរួមនៅថ្ងៃទី២មានប្រមាណជាង ៣០ម៉ឺននាក់។ ចំនួននេះ គឺកើនឡើងប្រហែល ៣ដង បើធៀបទៅនឹងថ្ងៃទី១ ដែលលោកអះអាងថា មានប្រមាណតែ ១០ម៉ឺននាក់ប៉ុណ្ណោះ។
ចំណែកចំនួនស្តង់លក់ទំនិញវិញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា មានទាំងអស់ប្រមាណជាង ៧០០ស្តង់។ ទោះយ៉ាងណា ទាក់ទងចំណូលបានមកពីការជួលស្តង់ចូលរដ្ឋាភិបាលវិញ លោក ឡុង ឌីម៉ង់ ថាលោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
