ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ដូនជី​នៅ​តាម​វត្ត​អារាម

0:00 / 0:00

ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ។ ដើម្បី​ជួយ​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា និង​សាង​កុសល​ផល​បុណ្យ​តាម​ជំនឿ​ផង​នោះ ពលរដ្ឋ​ភាគ​ច្រើន​ទាំង​ស្រី​ទាំង​ប្រុស បាន​ស្ម័គ្រចិត្ត​គោរព​ប្រតិបត្តិ និង​បម្រើ​ព្រះសង្ឃ​ដែល​ជា​សាវ័ក​ព្រះពុទ្ធ។

ក្នុង​នោះ ក៏​មាន​ឧបាសិកា​ដែល​ថ្វាយ​ខ្លួន​ធ្វើ​សមាទាន​សីល ឬ​ហៅ​ថា​ដូនជី​ជាច្រើន​នាក់ បាន​ស្ម័គ្រចិត្ត​ជួយ​បម្រើ​ការងារ​មួយ​ចំនួន​នៅ​តាម​ទី​វត្ត​អារាម​ដែរ។ ដូនជី​ទាំង​នោះ​សង្ឃឹម​ថា ការងារ​ទាំង​នោះ​ជា​ការ​ផ្សារភ្ជាប់​ខ្លួន​គាត់​ទៅ​នឹង​ព្រះធម៌។ ម្យ៉ាង​អាច​ជួយ​ឲ្យ​ពួក​គាត់​សុខ​សន្តិភាព​នៅ​ក្នុង​ចិត្ត និង​ចាក​ផុត​ពី​ការ​លំបាក​ទាំង​ពួង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

ស្ទើរ​តែ​គ្មាន​ពេល​សម្រាក លោក​យាយ ថូ វ័យ ៧២​ឆ្នាំ បាន​ញាប់​ដៃ​ជូត​ចាន និង​ស្លាបព្រា​ដែល​លាង​រួច​មួយ​គំនរ​ធំ​នៅ​ក្នុង​សាលា​ឆាន់ ដើម្បី​ត្រៀម​ដួស​ឲ្យ​ទាន់​ចង្ហាន់​ថ្ងៃ​ត្រង់​សម្រាប់​ប្រគេន​ព្រះសង្ឃ​ចំនួន ១០៥​អង្គ នៅ​ក្នុង​វត្ត​សំពៅមាស រាជធានី​ភ្នំពេញ។

ជាទូទៅ ព្រះសង្ឃ​ជាង ១០០​អង្គ ដែល​គង់​ក្នុង​វត្ត​សំពៅមាស មាន​ទម្លាប់​ឆាន់​ចង្ហាន់​រួម​គ្នា​ក្នុង​សាលា​ឆាន់​រាល់​ថ្ងៃ បើ​ទោះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ក៏ដោយ។ ខុស​ពី​ទី​វត្ត​អារាម ខ្លះ ដែល​ព្រះសង្ឃ​មិន​ឆាន់​រួម និង​ខ្លះ​ធ្វើ​ចង្ហាន់​តែ​អង្គ​ឯង ឆាន់​តែ​អង្គ​ឯង​នៅ​តាម​កុដិ​តែ​រៀងៗ​ខ្លួន។

សម្រាប់​លោក​យាយ ថូ ជា​ដូនជី​ម្នាក់​ក្នុង​ចំណោម​ដូនជី​ជាង ១០​នាក់ ដែល​ត្រូវ​វេន​ប្រចាំ​ថ្ងៃ​សុក្រ ដែល​មាន​ភារៈ​រៀបចំ​បង្អែម​ចម្អាប​ប្រគេន​ព្រះសង្ឃ​ទាំងអស់​នៅ​ក្នុង​វត្ត។

ក្នុង​សម្លៀកបំពាក់​អាវ​ស សំពត់​ស និង​មាន​កន្សែង​ពានា​ព័ទ្ធ​ឆៀង​មក​ស្មា​ខាង​ឆ្វេង អង្គុយ​ផ្ទាល់​ឥដ្ឋ លោក​យាយ ថូ រៀបរាប់​ថា គាត់ និង​ដូនជី​ឯ​ទៀត ក្រោក​ពី​ដំណេក​នៅ​ម៉ោង ៣​ព្រឹក​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ជុំ​គ្នា​ធ្វើ​សមាទាន​សីល​នៅ​ព្រះវិហារ ចាប់​ពី​ម៉ោង ៣​កន្លះ​ដល់​ម៉ោង ៥​ព្រឹក។ លោក​យាយ ថូ លូក​ដៃ​ក្នុង​ជាល​ចាន យក​ចាន​មក​ជូត​បណ្ដើរ​និយាយ​បណ្ដើរ​ទៀត​ថា ក្រោយ​ពី​សូត្រធម៌​ចប់ ដូនជី​ដែល​ប្រចាំ​ការ​តាម​វេន ត្រូវ​រៀបចំ​ចង្ហាន់​ព្រឹក មាន​បបរ បាយ​ម្ហូប​អាហារ​ខ្លះ​សម្រាប់​ប្រគេន​ព្រះសង្ឃ។ ក្រោយ​ចង្ហាន់​ព្រឹក ដូនជី​ទាំងអស់​ក៏​ត្រូវ​រើ​ចាន និង​ស្លាបព្រា​រាប់​រយ​ដែល​ប្រឡាក់​យក​ទៅ​លាង និង​ជូត​ឲ្យ​ស្អាត​ទុក​ត្រៀម​រៀប​ចង្ហាន់​ថ្ងៃ​ជា​បន្ត​ទៀត។

លោក​យាយ ថូ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ចំណាយ​ពេល​ជិត ៦​ឆ្នាំ ក្នុង​ការ​បម្រើ​ប្រតិបត្តិ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​សំពៅមាស។ ជា​ស្ត្រី​មេម៉ាយ​កូន ៩​នាក់ លោក​យាយ ថូ មាន​បំណង​តែ​មួយ គឺ​បម្រើ​ព្រះសង្ឃ​ដើម្បី​ស្វែង​រក​បុណ្យ​ទៅ​ជាតិ​មុខ។

មាន​ដូនជី​ជាច្រើន​ទៀត​អាស្រ័យ​ក្នុង​វត្ត​នេះ មាន​គំនិត​ដូច​លោក​យាយ ថូ ដែរ។ ដូនជី​ខ្លះ​មាន​កូន​ដែល​អាច​មាន​លទ្ធភាព​ចិញ្ចឹម​ពួក​គាត់​បាន ប៉ុន្តែ​ពួក​គាត់​បដិសេធ​នូវ​សន្តាន​ចិត្ត​របស់​កូន​ខ្លួន និង​ស្ម័គ្រចិត្ត​មក​រស់នៅ​អចិន្ត្រៃយ៍​នៅ​តាម​វត្ត។

ដូនជី​ម្នាក់​ទៀត ដែល​បម្រើ​ព្រះសង្ឃ​នៅ​ក្នុង​កុដិ​លេខ​១ ក្នុង​វត្ត​មហាមន្ត្រី គឺ​លោក​យាយ ហួយ សារ៉េត អាយុ ៨២​ឆ្នាំ បាន​ចំណាយ​ពេល​ជាង ៥០​ឆ្នាំ រស់នៅ​តាម​ទី​វត្ត​អារាម។ ដំបូង​ឡើយ គាត់​ទៅ​បម្រើ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​សារាវ័ន្ត បន្ទាប់​មក​ផ្លាស់​មក​វត្ត​ឧណ្ណាលោម និង​ចុង​ក្រោយ​នេះ​មក​បម្រើ​ព្រះសង្ឃ​នៅ​វត្ត​មហាមន្ត្រី ម្តង។ លោក​យាយ​បញ្ជាក់​ថា ការ​មក​រស់នៅ​បម្រើ​ព្រះសង្ឃ មិន​បាន​ចំណេញ​ជា​ប្រាក់​កាស​អ្វី​ដុំ​កំភួន​នោះ​ទេ ក្រៅ​តែ​ពី​ទទួល​ផល​បាន​មួយ​ចម្អែត​ក្រពះ។

លោក​យាយ​ចាត់​ទុក​ថា ការ​ជួយ​កិច្ចការ​ព្រះសង្ឃ ដូច​ជា​ការ​បោស​ជូត លាង​ចាន ពុះ​ឧស និង​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​សព្វថ្ងៃ ជា​ការ​សាង​បុណ្យ ហើយ​បុណ្យ​នេះ​សោត​រឹត​តែ​ធ្វើ​រឹត​តែ​បាន​ច្រើន ទៅ​តាម​សុទ្ធា​ជ្រះ​ថ្លា​របស់​ខ្លួន។

លោក​យាយ ហួយ សារ៉េត សព្វថ្ងៃ​សម្រាក​លើ​គ្រែ​រនាប​ឫស្សី​តូច​មួយ ក្រោម​ដើម​ពោធិ៍ និង​ក្បែរ​ចេតិយ​ខ្មោច​ក្រោយ​កុដិ​លេខ​១។ គាត់​មិន​ខ្លាច​ខ្មោច​ទេ និង​អាច​ទទួល​បាន​សំណល់​ពី​សំណែន​ខ្មោច​នៅ​ថ្ងៃ​បុណ្យ​សែន​ផ្នូរ ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ និង​ថ្ងៃ​ភ្ជុំបិណ្ឌ នៅ​ពេល​ដែល​សាច់ញាតិ បងប្អូន​នៃ​សព​ជូន​លុយ​កាក់ និង​ចំណី​ខ្លះ​សម្រាប់​គាត់ និង​បាន​ពឹងពាក់​ឲ្យ​គាត់​ជួយ​ថែ​ចេតិយ​នោះ។

ក្រៅ​ពី​រស់នៅ​អាស្រ័យ​បាយ​វត្ត ដូនជី​ខ្លះ​ក៏​អាច​ជួយ​រក​ចំណូល​សម្រាប់​ទិញ​បន្លែ​ត្រី​សាច់ ទុក​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​បាន​ដែរ តាម​ជំនាញ​ស្រាប់​របស់​ពួក​គាត់។

ជាក់ស្តែង ឧបាសិកា មុះ សារ៉ាយ វ័យ ៦៧​ឆ្នាំ ស្នាក់នៅ​កុដិ​លេខ​១ ក្នុង​វត្ត​មហាមន្ត្រី គាត់​មាន​ជំនាញ​ធ្វើ​បាយសី និង​ស្លាធម៌ សម្រាប់​លក់​ឲ្យ​តា​អាចារ្យ​ក្នុង​វត្ត​ទាំង​មូល ដែល​ត្រូវ​ការ​រណ្ដាប់​សែន​ព្រេន។ ចំណូល​ដែល​បាន​មក ត្រូវ​ទុក​ចាយ​រួម​លើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ។

ឧបាសិកា មុះ សារ៉ាយ បញ្ជាក់​ថា ក្រៅ​ពី​រៀប​រណ្ដាប់​បុណ្យ​ហើយ​នោះ គាត់​អាច​រក​ចំណូល​ខ្លះ​សម្រាប់​ផ្ទាល់​ខ្លួន តាម​រយៈ​ទៅ​ចូលរួម​បុណ្យ​ទាន​តាម​ផ្ទះ ឬ​តាម​វត្ត​អារាម នានា និង​តាម​សុទ្ធា​ពុទ្ធបរិស័ទ​ដែល​ជូន​ប្រាក់​ខ្លះ​ដល់​ចាស់ៗ​នៅ​ក្នុង​វត្ត​ពេល​មាន​ពិធី​បុណ្យ​ម្តង។

ក្រោយ​មាន​បញ្ហា​ផ្លូវ​ចិត្ត បែក​បាក់​ប្ដី​ក្រោយ​សម័យ ប៉ុល ពត ដូនជី មុះ សារ៉ាយ សម្រេច​ជ្រើសរើស​ផ្លូវ​ធម៌​មក​រំងាប់​អារម្មណ៍ និង​សាង​សីលទាន​ទុក​សម្រាប់​ជាតិ​ខាង​មុខ ដោយ​សង្ឃឹម​ថា ជាតិ​ក្រោយ​នឹង​លែង​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត។

ក្រៅ​តែ​ពី​មាន​ដូនជី​វ័យ​ចាស់ៗ​អាស្រ័យ​នៅ​តាម​វត្ត នៅ​មាន​ដូនជី​វ័យ​កណ្ដាល​ច្រើន​ទៀត ក៏​យក​វត្ត​ជា​ផ្ទះ​ផង​ដែរ។

ក្នុង​វ័យ ៣៨​ឆ្នាំ ដូនជី ជា គង់ នៅ​វត្ត​សំពៅមាស បាន​ស្ម័គ្រចិត្ត​បម្រើ​វិស័យ​ព្រះពុទ្ធ​សាសនា តាំង​ពី​គាត់​អាយុ ២១​ឆ្នាំ។ ដូនជី​រូប​នេះ​បញ្ជាក់​ថា ឪពុកម្ដាយ​របស់​គាត់​បាន​ស្លាប់​ក្នុង​របប ប៉ុល ពត គ្មាន​បងប្អូន និង​រស់នៅ​តែលតោល​តែ​ឯង និង​មាន​ការ​ណែនាំ​ពី​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​នេះ គាត់​ក៏​សម្រេច​ចិត្ត​មក​បម្រើ​ព្រះសង្ឃ​តែ​ម្តង។ ដូនជី ជា គង់ ដែល​សព្វថ្ងៃ​ពិការ​ជើង​មួយ​ចំហៀង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី ៧​ឆ្នាំ​មុន មិន​មាន​បំណង​ចាក​ចេញ​ពី​ផ្លូវ​ធម៌​ទៅ​ចាប់​គូ​ជីវិត​ថ្មី​នោះ​ទេ ដោយ​ប្ដេជ្ញា​ថា​នឹង​បម្រើ​ក្នុង​វត្ត​រហូត។

តាម​របាយការណ៍​វិភាគ​គោល​នយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០១០ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រក​ឃើញ​មាន​មនុស្ស​ចាស់​វ័យ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន ៨​សែន​កន្លះ។ ចំនួន​នេះ​នឹង​កើន​ដល់ ១,១​លាន​នាក់​នៅ​ឆ្នាំ​២០១៥ និង​អាច​កើន​ដល់ ២​លាន​នាក់​នៅ​ឆ្នាំ​២០៣០។ កំណើន​មនុស្ស​ចាស់​ខ្ពស់ កំពុង​ជា​ការ​ព្រួយ​បារម្ភ​ចំពោះ​រាជ​រដ្ឋាភិបាល ខណៈ​រក​ឃើញ​ថា មនុស្ស​វ័យ​ចាស់​ទាំង​នោះ​អាច​រក​ចំណូល​បាន​តិចតួច​បំផុត ក្រៅ​តែ​ប្រាក់​សោធន​និវត្តន៍។ សម្រាប់​មនុស្ស​វ័យ​ចំណាស់​មិន​ធ្លាប់​បំពេញ​ការងារ​រដ្ឋ គឺ​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​សាច់ញាតិ​បងប្អូន។ ក្នុង​របាយការណ៍​មិន​បង្ហាញ​ពី​តួលេខ​ដែល​មនុស្ស​ចាស់​មួយ​ចំនួន​កំពុង​តែលតោល​គ្មាន​ទី​ជម្រក​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​ផ្សារភ្ជាប់​សង្គម​នៃ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា លោក សាន សម្ផស្ស បញ្ជាក់​ថា កង្វះ​ជីវភាព និង​គ្មាន​ជម្រក​ស្នាក់ មិន​ជាប់​ពាក់ព័ន្ធ​ជំរុញ​ឲ្យ​មាន​ដូនជី​ជាច្រើន​រយ​នាក់​មក​ស្ម័គ្រ​រស់​អាស្រ័យ​ក្នុង​វត្ត​នោះ​ឡើយ។

ដូនជី​នៅ​តាម​វត្ត​អារាម មួយ​ចំនួន មក​ជុំ​គ្នា​នៅ​ព្រះវិហារ​ក្នុង​វត្ត​សំពៅមាស ដើម្បី​រៀន​ធម៌ និង​វិន័យ​ក្នុង​ព្រះពុទ្ធ​សាសនា ក្នុង​មួយ​សប្ដាហ៍​ពីរ​ដង គឺ​រៀង​រាល់​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​លោកគ្រូ​អគ្គបណ្ឌិត ប៊ុត សាវង្ស ជា​អ្នក​បង្រៀន។

លោក សាន សម្ផស្ស បញ្ជាក់​ថា តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ក៏​បាន​រៀបចំ​សិក្ខាសាលា និង​បណ្តុះ​បណ្ដាល​ដូនជី​បាន​ចំនួន​៣​លើក ដែល​មាន​ដូនជី​ជិត ១​ពាន់​នាក់​ចូលរួម។ តាម​គម្រោង ក្រសួង​នឹង​បន្ត​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ដូនជី​ថែម​ទៀត។

ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ធ្លាប់​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ពី​តួនាទី​ភារកិច្ច និង​ក្រម​សីលធម៌​របស់​អាចារ្យ​ជាង ៤​ពាន់​នាក់ និង​បាន​បង្កើត​កម្មវិធី​ព្រះពុទ្ធ​សាសនា​ផ្សារភ្ជាប់​សង្គម ផ្សាយ​តាម​ទូរទស្សន៍​ដោយ​មាន​ព្រះសង្ឃ​ទេសនា និង​មាន​ស្មូត​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ត្រងត្រាប់ និង​ប្រព្រឹត្ត​តែ​អំពើ​ល្អ ដូច​ការ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។