កម្មករ​រោងចក្រ​អូសេអង់​គ្រោង​តវ៉ា​ជា​ថ្មី​មុខ​ក្រសួង​ការងារ​នៅ​ថ្ងៃ​១៤​កក្កដា

កម្មករ​ជាង ១​ពាន់​នាក់ នៅ​រោងចក្រ​កាត់​ដេរ​អូសេអង់ (Ocean) ឋិត​នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ គ្រោង​តវ៉ា​សាជាថ្មី​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ កក្កដា ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ដាក់​សម្ពាធ​ទៅ​ថៅកែ​ក្រុមហ៊ុន ឲ្យ​ផ្តល់​សំណង​ផ្តាច់​កិច្ចសន្យា​ការងារ​ដល់​ពួក​គាត់​តាម​ផ្លូវ​ច្បាប់។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា ក្រុម​គណៈកម្មការ​ដោះស្រាយ​បាតុកម្ម​កូដកម្ម គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​នៅ​ក្នុង​រោងចក្រ នៅ​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ប៉ុន្តែ​កម្មករ​គិត​ថា កិច្ច​ប្រជុំ​នោះ​នឹង​គ្មាន​លទ្ធផល​អ្វី​ជា​វិជ្ជមាន​ទេ ហើយ​ពួក​គេ​គ្រោង​មក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​ការងារ ជួយ​អន្តរាគមន៍​ពី​រឿង​នេះ។

លោក ប៉ាវ ស៊ីណា៖ «ធាតុ​ពិត​រោងចក្រ​នេះ​បាន​បិទ​ទ្វារ​ទៅ​ហើយ ប៉ុន្តែ​គាត់ (ថៅកែ) អត់​ហ៊ាន​ប្រកាស​ថា​រោងចក្រ​បិទ​ទ្វារ​ទេ ខ្លាច​ទទួល​ខុស​ត្រូវ ផ្តល់​សំណង​ផ្តាច់​កិច្ចសន្យា​ការងារ​ទៅ​តាម​ផ្លូវ​ច្បាប់​ជូន​បង​ប្អូន​កម្មករ ដូច្នេះ​គាត់​យក​ហេតុផល​ព្យួរ​ហ្នឹង​ជា​ចេតនា​មួយ ឲ្យ​កម្មករ​ខ្ជិល​រង់ចាំ​ការ​គ្មាន​ការងារ​ធ្វើ​ឲ្យ​គាត់​ចាក​ចេញ​ទៅ​ធ្វើ​ការ​រោងចក្រ​ផ្សេង អ៊ីចឹង​យើង​ឃើញ​ចន្លោះ​នៅ​ពេល​ព្យួរ​ហ្នឹង ក្រុមហ៊ុន​បាន​គំរាម​ថា ប្រសិន​បើ​មិន​បើក​លុយ​ផ្តាច់​កិច្ចសន្យា​ក្នុង​កម្រិត​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​ឲ្យ​នោះ​ទេ នោះ​អត់​មាន​ឱកាស​ក្នុង​ការ​ទទួល​ប្រាក់​ខែ​ចុង​ក្រោយ ឬ​ប្រាក់​បំណាច់​អី​ដូច​ដែល​រោងចក្រ​បាន​ជម្រាប​ជូន​ទេ ដូច្នេះ​ហើយ​ក្រុមហ៊ុន​បាន​ព្យាយាម​បញ្ចុះបញ្ចូល​កម្មករ និង​លួច​ដើរ​បើក​លុយ​តាម​ផ្ទះ​ជួល​ហ្នឹង ហើយ​ជា​ទង្វើ​មួយ​ខុស​ច្បាប់»

រោងចក្រ​អូសេអង់ បាន​ព្យួរ​ការងារ​កម្មករ​ជាង ១.៦០០​នាក់ រយៈពេល​១​ខែ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ខាង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល បង្គាប់​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​ប្រាក់​ខែ ១០០% និង​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ​ក្នុង​រយៈពេល​ព្យួរ​ការងារ​នៅ​រោងចក្រ​នេះ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៦ មិថុនា។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​សេចក្តី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​នោះ​ទេ។

បើ​តាម​ការ​អះអាង​ពី​កម្មករ និង​សហជីព ឲ្យ​ដឹង​ថា ១​ខែ​ក្រោយ​ការ​ព្យួរ​នោះ ក្រុមហ៊ុន​នៅ​តែ​បន្ត​បិទ​ទ្វារ​រោងចក្រ​ដដែល ហើយ​ពួក​គេ​គិត​ថា ការ​ព្យួរ​ការងារ​នោះ គឺ​គ្រាន់​តែ​លេស​ប៉ុណ្ណោះ ដើម្បី​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សំណង និង​ប្រាក់​ជំងឺ​ចិត្ត​ផ្សេងៗ នៅ​ពេល​ដែល​ក្រុមហ៊ុន​បិទ​ទ្វារ​រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។