អាជ្ញាធរ​ស្រុក​ជាំក្សាន្ត​រង​ការ​ប្ដឹង​ពី​បទ​ពុករលួយ

មាន​ការ​ចោទ​ប្រកាន់​អាជ្ញាធរ​ស្រុក​ជាំក្សាន្ត​ នៃ​ខេត្ត​ព្រះវិហារ ជា​ច្រើន​រូប ថា​មាន​ជាប់​ពាក់ព័ន្ធ​​​នឹង​អំពើ​ពុករលួយ​ក្នុង​រឿង​ដីធ្លី ដែល​នៅ​​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​ទប់ស្កាត់​គ្រឿងញៀន និង​ជំងឺ​អេដស៍។

0:00 / 0:00

អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​យល់​ថា ដោយសារ​តែ​មាន​​​អំពើ​ពុករលួយ បាន​ជា​​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ជាមួយ​អង្គការ​អេដស៍​នោះ មិន​ត្រូវ​បាន​ដោះស្រាយ​ចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ទៅ​សាលា​ដំបូង​នៃ​ខេត្ត​នេះ កាល​ពី​ពេល​ថ្មីៗ ​ដោយ​​ស្នើ​ឱ្យ​តុលាការ​ស៊ើប​អង្កេត​​ទៅ​​​លើ​​​​អាជ្ញាធរ​ស្រុក​ជាំក្សាន្ត ជា​ច្រើន​រូប ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​បាន​ទទួល​ផល​ប្រយោជន៍​ជា​ថ្នូរ​មិន​​ដោះស្រាយ និង​ចែក​​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ច័ន្ទ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​កក្កដា ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា កន្លង​ទៅ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ស្នើ​សុំ​​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង ​ដើម្បី​ជំរុញ​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ករណី​អំពើ​ពុករលួយ​ទៅ​លើ​អាជ្ញាធរ​ស្រុក​ជាំក្សាន្ត ជា​ច្រើន​រូប។

លោក ឡោ ច័ន្ទ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ខ្លះ​ជា​ជន​ពិការ​ខ្លះ​បែក​បាក់​គ្រួសារ រង​ទុក្ខ​វេទនា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​នឹង​អង្គការ​ទប់ស្កាត់​គ្រឿង​​ញៀន និង​ជំងឺ​អេដស៍ ហើយ​ថ្មីៗ​នេះ លោក​បាន​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​ថា អាជ្ញាធរ​ស្រុក​ជាំក្សាន្ត​ ខ្លះ​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​​ទទួល​បាន​ចំណែក​ដី​ទំនាស់​ទាំង​នោះ ​ទើប​មិន​​មាន​ការ​ផ្ដល់​ដី​សម្បទាន​ត្រឹមត្រូវ​មក​ឱ្យ​ប្រជាពលរដ្ឋ។​

លោក ឡោ ច័ន្ទ៖ «ក្បាល​ដី​លេខ​ប៉ុន្មាន​របស់​លោក​អី​ ខ្ញុំ​មាន​ទាំង​អស់ កំណត់​ហេតុ​ខ្ញុំ​មាន ទើប​ខ្ញុំ​ហ៊ាន​ថា ហើយ​ម្យ៉ាង​វិញ​ទៀត បញ្ហា​ដោះស្រាយ​ដីធ្លី​រហូត​ដល់​ប្រជាពលរដ្ឋ ​រាប់​រយ​គ្រួសារ​គាត់​ឡើង​ទៅ​រាជធានី​ភ្នំពេញ ៤​ដង មិន​ដោះស្រាយ​ជូន​គាត់​ឯ​ណា។ រហូត​ដល់​ថ្មីៗ ​ក្នុង​ខែ​កក្កដា នេះ ខ្ញុំ​ទៅ​ម្ដង​ទៀត​នៅ​ពេល​ដែល​ក្រុម​និស្សិត​គេ​បិទ​ផ្សាយ​ក្បាល​ដីធ្លី ស្រាប់​តែ​មាន​ឈ្មោះ​មន្ត្រី​ស្រុក​មួយ​ចំនួន​មាន​ក្បាល​ដី​នៅ​ក្នុង​ដី​ហ្នឹង​ដែរ»

បណ្ដឹង​ចោទ​ប្រកាន់​អាជ្ញាធរ​ស្រុក​ជាំក្សាន្ត ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នោះ ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​​រក​ឃើញ​ថា កាល​ពី​អំឡុង​ឆ្នាំ​២០០៧ កន្លង​ទៅ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន​ជាង ៥៥០​ហិកតារ នៅ​ឃុំ​កន្ទួត ទៅ​ឱ្យ​លោក ស ឈុនលឹម ហៅ ប៉ែន លឹម ជា​អ្នក​គ្រប់គ្រង​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ក៏​ប៉ុន្តែ​ក្រោយ​មក បែរ​ពុះ​ដី​នោះ​​ជា​ឡូត៍​លក់​ឱ្យ​ប្រជាពលរដ្ឋ​ និង​ឈ្មួញ​ធំៗ​ខ្លះ។ បន្ថែម​លើ​នេះ ដី​ឡូត៍​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​លក់​ទៅ​ឱ្យ​ម្ចាស់ ៣-​៤​នាក់ មាន​​ប្លង់​ជាន់​គ្នា ជា​ហេតុ​បណ្ដា​ល​​ឱ្យ​មាន​ទំនាស់​ដោះស្រាយ​មិន​ចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ទោះ​​យ៉ាង​ណា អាជ្ញាធរ​ស្រុក​ជាំក្សាន្ត ​បាន​បដិសេធ​ចោល​​បណ្ដឹង​ចោទ​ប្រកាន់​នោះ ថា​ជា​រឿង​មិន​ពិត។ អភិបាល​ស្រុក​ជាំក្សាន្ត លោក សុខ ហៃ ​បាន​មាន​ប្រសាសន៍​ថា លោក​ក៏​ចង់​ដឹង​ដែរ​ថា តើ​មាន​មន្ត្រី​ស្រុក​ជាំក្សាន្ត ណា​ខ្លះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ដីធ្លី​របស់​អង្គការ​ទប់​ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍​នោះ។

​លោក​ សុខ ហៃ​ បាន​ទាមទារ​ឱ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បញ្ជូន​ឯកសារ​ដែល​ពាក់ព័ន្ធ​ទាំង​នោះ​ទៅ​ឱ្យ​រូប​លោក គឺ​លោក​នឹង​ធ្វើ​ការ​អង្កេត​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​ច្បាស់​លាស់៖ «កន្លង​មក​សមាគម​អាដហុក​ហ្នឹង មិន​បាន​ស៊ើប​អង្កេត​ឱ្យ​ច្បាស់​ទេ មិន​បាន​សិក្សា​អំពី​ផ្លូវ​ច្បាប់​ឱ្យ​ច្បាស់​ទេ ចេះ​តែ​បំប៉ោង​សភាពការណ៍។ ឥឡូវ​ហ្នឹង​សុំ​ឱ្យ​សមាគម​អាដហុក បញ្ជូន​​របាយការណ៍ មក​ឱ្យ​ស្រុក​មក ពីព្រោះ​អង្គការ​អេដស៍ បាន​វាស់វែង​ដី​ជូន ហើយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​នឹង​ចេញ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​អស់​ហើយ»

ចំណែក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក លី លន់ បាន​ឱ្យ​ដឹង​ថា លោក​បាន​ទទួល​បណ្ដឹង​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​នោះ​ហើយ ក៏​ប៉ុន្តែ​បណ្ដឹង​នោះ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ គឺ​លោក​បាន​ផ្ទេរ​សមត្ថកិច្ច​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​ការ​អង្កេត​ករណី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។