ក្រុមហ៊ុន​ប្រេង​សាំង​ចំនួន​៥​បញ្ចុះ​ថ្លៃ​លក់

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ប្រេង​សាំង​នៅ​កម្ពុជា ចំនួន​ប្រាំ បាន​បញ្ចុះ​ថ្លៃ​លក់​របស់​ខ្លួន។

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ មាន​តែ​ក្រុមហ៊ុន​ឈ្មោះ សាវីមិច (Savimex) មួយ​ទេ​ដែល​បញ្ចុះ​តម្លៃ​ទាប​ជាង​គេ គឺ​ដោយ​ក្នុង​ប្រេង​មួយ​លីត្រ​នឹង​បញ្ចុះ​ពី ៥.០៥០​រៀល មក​ត្រឹម ៤.៤៥០​រៀល។ ចំណែក​ក្រុមហ៊ុន​បួន​ផ្សេង​ទៀត​រួម​មាន សូគិម៉ិច (Sokimex) តេលា (TELA) ភីធីធី (PTT) និង​ប៊ីវីអិម (BVM) បាន​បញ្ចុះ​តម្លៃ​ពី ៥.០៥០​រៀល មក​ត្រឹម ៤.៧៥០​រៀល​ក្នុង​មួយ​លីត្រ។

រីឯ​ក្រុមហ៊ុន​ប្រេង​សាំង​ដទៃ​ទៀត មិន​ទាន់​ឃើញ​មាន​ការ​ចុះ​តម្លៃ​នេះ​នៅ​ឡើយ​ទេ។

ការ​បញ្ចុះ​តម្លៃ​របស់​ក្រុមហ៊ុន​ទាំង​ប្រាំ​នេះ ដោយ​ឈរ​លើ​មូលដ្ឋាន​តម្លៃ​ប្រេង​សាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ និង​មាន​ការ​ស្នើសុំ​របស់​អនុប្រធាន​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា ដែល​សុំ​ឲ្យ​រដ្ឋាភិបាល ពិចារណា​លើ​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​នេះ កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា។ បច្ចុប្បន្ន តម្លៃ​ប្រេង​សាំង​អន្តរជាតិ​ក្នុង​មួយ​បារ៉ែល​ដែល​សមាមាត្រ​នឹង ១៦០​លីត្រ មាន​តម្លៃ​តិច​ជាង ១០០​ដុល្លារ​អាមេរិក ឬ​ក្នុង​ប្រេង​សាំង​មួយ​លីត្រ មាន​តម្លៃ​តិច​ជាង ២.៥០០​រៀល​នៅ​លើ​ទីផ្សារ​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។