មេឃុំ និងក្រុមប្រឹក្សាឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បារម្ភខ្លាចពិតាន និងដំបូលសាលាឃុំ ធ្លាក់បាក់សង្កត់លើពេលកំពុងបំពេញការងារក្នុងបន្ទប់សាលាឃុំ។ អាជ្ញាធរខេត្តកំពង់ឆ្នាំង អះអាងថា កំពុងស្វែងរកដៃគូអភិវឌ្ឍន៍ និងសិក្សាពីផ្ទៃដីសម្រាប់ធ្វើអគាររដ្ឋបាលឃុំស្រែថ្មី និងអគាររដ្ឋបាលឃុំមួយចំនួនទៀតដែលមានសភាពចាស់ទ្រុឌទ្រោមដូចគ្នានេះ។
អគារសាលាឃុំប្រក់ស៊ីប្រ៊ូបាំងជញ្ជាំងក្ដារចាស់ទ្រុឌទ្រោមមួយខ្នង មានបួនបន្ទប់ កំពុងមានវត្តមានមេឃុំ ជំទប់ទី១ និងទី២ ព្រមទាំងក្រុមប្រឹក្សាឃុំខ្លះបំពេញការងារយ៉ាងសកម្មនៅក្នុងបន្ទប់សាលាឃុំនោះ។ ពេលខ្លះ ពួកគេបំពេញការងារទាំងឆក់កណ្ដៀត ព្រោះខ្លាចពិតាន ឬដំបូលបាក់ធ្លាក់សង្កត់លើ ខណៈដែលពិតានខ្លះបានបាក់ធ្លាក់ ចំណែកសត្វកណ្ដៀរនៅតែបន្តស៊ីឈើទ្រដំបូលអគារនោះ។
មេឃុំស្រែថ្មី ស្រុករលាប្អៀរ លោក នូ ខៀន មានប្រសាសន៍នៅថ្ងៃទី១៤ ខែកុម្ភៈ ថា អគារសាលាឃុំបច្ចុប្បន្នដែលជាមណ្ឌលសុខភាពចាស់របស់ឃុំ កសាងដោយអង្គការ ឃែរ (Care) តាំងពីដើមខែមករា ឆ្នាំ១៩៩៨ បានទ្រុឌទ្រោមកាន់តែខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ នៅពេលប្រជុំក្រុមប្រឹក្សាឃុំម្ដងៗ លោកតែងតែធ្វើសំណើសុំជួសជុល ឬត្រូវសង់ថ្មីតែម្ដង ប៉ុន្តែពុំមានចម្លើយវិជ្ជមានពីរដ្ឋាភិបាល៖ « គិតទៅដែលខ្ញុំជាប់ជាមេឃុំបីអាណត្តិនេះហើយ គឺឲ្យធ្វើរបាយការណ៍ប្រចាំខែ។ ខ្ញុំសរសេរសំណើហ្នឹងរហូត។ បញ្ហាដែលខ្ញុំចាប់អារម្មណ៍ គឺបញ្ហាឯកសារ ដោយសាលាឃុំខ្ញុំកណ្ដៀរស៊ី ហើយទីពីរ ឈើហ្នឹងវាធ្លាក់បន្តបន្ទាប់ហើយ ពិបាកក្នុងការនៅដែរ ខ្លាចគ្រោះថ្នាក់ថ្ងៃណាមួយដែលយើងអត់ដឹង »។
រដ្ឋបាលឃុំស្រែថ្មី នៅសល់ដីប្រមាណមួយហិកតារកន្លះទៀត ត្រៀមសង់សាលាឃុំថ្មី បន្ទាប់ពីកាត់ដីមួយចំនួនទៅឲ្យមណ្ឌលសុខភាព និងប៉ុស្តិ៍នគរបាល។ លោកមេឃុំថាបើសង់សាលាឃុំអំពីថ្ម ប្រក់ក្បឿង ត្រូវចំណាយលុយអស់ប្រហែល ១៥ម៉ឺនដុល្លារ ប៉ុន្តែឃុំស្រែថ្មី មានកញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំប្រចាំឆ្នាំចំនួន ៦០លានរៀន ហើយបើយកលុយនេះទៅធ្វើសាលាឃុំ នឹងត្រូវផ្អាកអភិវឌ្ឍមូលដ្ឋានពីរឆ្នាំ។
មេឃុំស្រែថ្មី លោក នូ ខៀន បន្ថែមថា ក្រៅពីសំណើរបស់លោកដាក់ជូនអាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើ ក៏មានសារព័ត៌មានច្រើនដែរបានថតសាលាឃុំដែលមានសភាពទ្រុឌទ្រោមខ្លាំង ទៅចុះផ្សាយ។ ក្រោយពីនោះ លោកគ្រាន់តែបានដំណឹងថាក្រសួងសេដ្ឋកិច្ច អាចឲ្យប្រើកញ្ចប់ថវិកាអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ឃុំទៅធ្វើសាលាឃុំបាន ប៉ុន្តែក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យដកកញ្ចប់ថវិកានេះមកធ្វើ៖ « គេ ( ក្រសួងសេដ្ឋកិច្ច ) ក្នុងគម្រោងថា ឃុំណាដែលគ្មានអគារ អាចដកលុយវិនិយោគរបស់ឃុំកសាងបាន។ ឧបមាថា ក្នុងមួយឆ្នាំមានប៉ុន្មាន យើងត្រូវយកទៅកសាងទាំងកញ្ចប់ ឬពាក់កណ្ដាលតាមជាក់ស្ដែង ប៉ុន្តែដល់មន្ទីរហិរញ្ញវត្ថុ ថាមិនអាចដកបាន ព្រោះក្រសួងមហាផ្ទៃ អត់អនុញ្ញាត។ អ៊ីចឹងបើគេឲ្យ យើងអាចសន្សំអាលុយហ្នឹង យើងអាចធ្វើបានមួយឆ្នាំបន្តិចៗប្រហែលខ្ទង់ពីរទៅបីឆ្នាំរួចហើយ »។
ភាពចាស់ទ្រុឌទ្រោម និងលំបាកកន្លែងធ្វើការងាររបស់រដ្ឋបាលឃុំស្រែថ្មី គឺស្រដៀងនឹងស្ថានភាពឃុំ-សង្កាត់ជាច្រើនទៀតដែលកំពុងប្រជ្រៀតធ្វើការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ផ្ទះមេឃុំផ្ទាល់ និងនៅកន្លែងធ្វើការបណ្ដោះអាសន្នក្បែរទីស្នាក់ការគណបក្សប្រជាជនកម្ពុជា តាមឃុំ។ ឃុំ-សង្កាត់ចំនួន ៧០ នៅទូទាំងខេត្តកំពង់ឆ្នាំង ក្នុងនោះមានឃុំ-សង្កាត់ចំនួន២៩ មិនទាន់មានកន្លែងធ្វើការត្រឹមត្រូវ។
ទាក់ទងបញ្ហានេះ នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង លោក គង់ សុវណ្ណអស្ចារ្យ ថា សាលាឃុំថ្មីចំនួន ៤១ខ្នង បានសង់រួចរាល់ ខណៈដែលសាលាឃុំចំនួន ២៩ ផ្សេងទៀតកំពុងស្វែងរកដីសម្រាប់ធ្វើ និងរកម្ចាស់ជំនួយតាមរយៈក្រសួងមហាផ្ទៃ ដើម្បីសម្រេចបាននូវសមិទ្ធផលទាំងនេះ។ បើទោះបីជាលោកមិនអាចបញ្ជាក់ពីទំហំទឹកប្រាក់កសាងសាលាឃុំមួយអស់ប៉ុន្មាន ប៉ុន្តែលោកថាកញ្ចប់ថវិកាអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ឃុំ មិនអាចយកទៅធ្វើសាលាឃុំបានទេ លើកលែងតែមន្ទីរពេទ្យ ឬសាលារៀន៖ « តាមការណែនាំ គឺថាមូលនិធិឃុំ អាចយកទៅអនុវត្ដបានអាស្រ័យទៅលើបម្រើប្រយោជន៍ប្រជាពលរដ្ឋ រដ្ឋបាលសាធារណៈនោះណា ដូចជាសាងសង់ជាផ្លូវ សាលារៀនបាន ដោយឡែកយកទៅធ្វើសាលាឃុំ មិនអនុញ្ញាតទេ។ ខ្ញុំបានធ្វើសេចក្ដីរាយការណ៍ជូនក្រសួងពីរបីដង ប៉ុន្តែគ្រាន់ថា ក្រសួងព្យាយាមរកដៃគូដើម្បីមកសាងសង់អគារសាលាឃុំឲ្យបានទៅតាមការស្នើសុំ »។
លោក សុវណ្ណអស្ចារ្យ បន្ថែមថា លោកយល់ពីការលំបាករបស់មេឃុំ ឬក្រុមប្រឹក្សាឃុំដែលកំពុងបំពេញការងារនៅតាមសាលាឃុំចាស់ទ្រុឌទ្រោម និងលំបាកទុកដាក់ឯកសារ។ ចំពោះសាលាឃុំស្រែថ្មី លោកដឹងពីស្ថានភាពលំបាក ហើយបានធ្វើសំណើទៅក្រសួងមហាផ្ទៃ ជាច្រើនលើកហើយដែរ ប៉ុន្តែលោកបង្ហើបថា សាលាឃុំពាម នៅស្រុកសាមគ្គីមានជ័យ មានស្ថានភាពលំបាកជាងនេះទៅទៀត។
ចំណែកអ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក មាស នី សង្កេតឃើញថា សាលាឃុំស្ទើរគ្រប់ខេត្តមានសភាពទ្រុឌទ្រោម ហើយមន្ត្រីក្រុមប្រឹក្សាឃុំពុំមានកន្លែងធ្វើការងារត្រឹមត្រូវ និងមិនមានកន្លែងផ្ទុកឯកសារមានសុវត្ថិភាព។ ស្របពេលដែលអគារសាលាឃុំជាច្រើនចាស់បាក់ទ្រុឌទ្រោម បែរជាមន្ទីរបក្ស ឬទីស្នាក់ការរបស់គណបក្សកាន់អំណាចធ្វើយ៉ាងស្អាត និងរឹងមាំនៅក្បែរសាលាឃុំទាំងនោះ៖ « ខ្ញុំគិតថាក្រសួងមហាផ្ទៃ ក៏គួរជជែកគ្នាជាមួយគណបក្សដែរ ថាតើយើងគួរធ្វើម៉េចដើម្បីឲ្យមើលឃើញថា ដាក់រដ្ឋាភិបាលនៅហ្នឹង មុខបក្សកាន់អំណាច បានន័យថាយើងគ្រប់គ្រងរដ្ឋាភិបាល ធ្វើម៉េចឲ្យអគាររបស់រដ្ឋាភិបាលឈានមុខ ឬក៏បានប្រដំប្រសងគ្នាជាមួយអគារគណបក្សទៅ អាហ្នឹងវាសមភ្នែកទៅកុំឲ្យមហាជនគេរិះគន់ណា »។
អគាររដ្ឋបាលស្រុក និងឃុំគំរូថ្មីជាច្រើនខ្នង ត្រូវបានដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាលផ្ដល់ថវិកាជូនតាមរយៈក្រសួងមហាផ្ទៃ ដើម្បីកសាងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០០។ ប៉ុន្តែគេសង្កេតឃើញថា ល្បឿននៃការអភិវឌ្ឍអគាររដ្ឋបាលទាំងនេះ មានភាពយឺតយ៉ាវជាងអគាររបស់គណបក្សប្រជាជនកម្ពុជា ទៅវិញ ដោយមេឃុំ ឬស្មៀនខ្លះ បានយកពេលវេលា និងការងារឃុំទៅធ្វើការក្នុងមន្ទីរបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
