មនុស្សជាច្រើន បានធ្វើចំណាកស្រុកមករកស៊ីនៅភ្នំពេញ ជាកន្លែងប្រមូលផ្តុំសេដ្ឋកិច្ច មុខរបរ ដែលអាចងាយរកចំណូលបានច្រើនជាងនៅជនបទ។ បញ្ហានេះហើយ ទើបធ្វើឲ្យមនុស្សចាស់ និងក្មេងមួយចំនួន ដែលទំនេរពីមុខរបរធ្វើស្រែតាមរដូវនោះ ធ្វើដំណើរចាកចោលផ្ទះសម្បែង មករកស៊ីចិញ្ចឹមជីវិតនៅទីក្រុង។
ប៉ុន្តែ ការដើរផ្សងព្រេងមកទីក្រុង ដោយគ្មានបងប្អូនស្នាក់នៅ ពួកគេសម្រាកតាមវត្ត តាមសំយាបផ្ទះក្នុងទីក្រុងនោះ មានការប្រថុយប្រថាន និងមានបញ្ហាប្រឈមជាច្រើនទៀត។
ថ្ងៃលិចបាត់ទៅហើយ បុរសវ័យចំណាស់មួយរូបជិះកង់កញ្ចាស់កែច្នៃមួយគ្រឿង មានចងថ្មសំលៀងកាំបិត និងឧបករណ៍កែច្នៃមួយចំនួនទៀតនៅលើកង់នោះ ដើម្បីបំពេញមុខរបរជាអ្នកជំនាញសំលៀងកាំបិត ហើយបានជិះកង់នោះស្រែកសួររកអតិថិជនស្ទើរគ្រប់ច្រកល្ហកទាំងអស់ក្នុងទីក្រុង។
ឈប់កង់ដោយយកជើងអូសទប់នឹងថ្នល់ បុរសនោះប្រាប់ថា គាត់ឈ្មោះ អៀម សយ អាយុ ៧១ឆ្នាំ មកពីភូមិសំរោងវាល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ហើយគាត់ប្រកបរបរសំលៀងកាំបិត មិនថាយប់ឬថ្ងៃនៅក្នុងទីប្រជុំជនរាជធានីភ្នំពេញ។ លោក អៀម សយ បន្តថា ១ថ្ងៃបើមិនអាចរកបានលុយឲ្យបានសល់ ២ម៉ឺនរៀលទេ ក៏គាត់មិនប្រកបរបរសំលៀងកាំបិតដែរ៖ «វាគ្មានដើមទុនអីរកស៊ី មានតែដោះស្រាយបែបហ្នឹងទៅ។ មុខរបរនេះ ១៥ឆ្នាំហើយ គ្រាន់តែទប់ទល់ៗ ពេលបានទៅសម្រាកបន្តិចទៅមកវិញអស់ទៀត ទាំងហូប ទាំងថ្លៃផ្ទះ ១ម៉ឺន ឬ ៨.០០០មួយថ្ងៃ។ អាចសន្សំលុយបានដែរ ប៉ុន្តែវាតិច។ មួយថ្ងៃ រកម៉ូយសំលៀងកាំបិតបានអត់ទៀង ជួនកាល ៥០កាំបិតទៅ ជួនកាល ២០កាំបិត អ្នកណាហៅច្រើនបានច្រើនទៅ»។
លោកបន្តថា នៅឯស្រុក ដីស្រែគាត់មាន ប៉ុន្តែធ្វើមិនកើត ព្រោះចាស់ហើយ ទន្ទឹមនោះ គាត់ក៏គ្មានកូនចៅណាម្នាក់ឡើយ។ សព្វថ្ងៃរស់នៅតែ ២នាក់ប្ដីប្រពន្ធចាស់ៗ ពេលគាត់ចេញមករកស៊ីនៅភ្នំពេញ ភរិយាគាត់នៅចាំផ្ទះ។ លោក អៀម សយ បន្តថា មុខរបរសំលៀងកាំបិតទាល់តែពូកែសំលៀងឲ្យកាំបិតគេមុតល្អដែរ ទើបគេឧស្សាហ៍ហៅឲ្យសំលៀង ព្រោះកាំបិតមួយ សំលៀងម្តងគេឲ្យគាត់ ១.០០០រៀល បើពូថៅ ឬកាំបិតមុខក្រាស គាត់សំលៀងម្តងយកថ្លៃ ១.៥០០រៀល។ លោកថា ដើម្បីឲ្យការសំលៀងកាំបិតជំនួយកម្លាំងគាត់ចាស់កុំឲ្យហត់ពេក គាត់កែច្នៃយកដុំថាសកង់ និងច្រវាក់ទៅរុំជាមួយដុំម៉ូទ័រ ដែលមានថ្មសំលៀងនៅខាងចុង ហើយគាត់រវៃឈ្នាន់កង់ធ្វើឲ្យម៉ូទ័រវិល គាត់យកកាំបិតទៅដាក់ពីលើមុខកាំបិតវាសឹក កន្លែងជ្រួញ ឬឆែប នៃមុខកាំបិត។ គាត់ខាត់មុខកាំបិតនឹងថ្មជាប់ម៉ូទ័ររួច គាត់សំលៀងនឹងថ្មល្អិតមួយទៀត ដើម្បីខាត់មុខកាំបិតឲ្យស្តើងងាយមុត៖ «អាហ្នឹងគំនិតខ្លួនឯង ដាក់ខ្លួនឯង ដាក់ប្រដាប់រវៃតែម្តង ហើយខាងក្រោមធាក់កង់ ដំបងកង់ ច្រវាក់២ ប៉ុន្តែមួយសម្រាប់រវៃដាក់ម៉ូទ័រ។ ខ្ញុំសំលៀងដាក់មួយជាន់ខាងក្រោម មួយជាន់ទៀត ៣ដងកាំបិតមួយ ឲ្យរាបមុតបានយូរ។ កាំបិតមួយយក ១.០០០ ទៅ ១.៥០០ ៥០០ក៏មាន តាមដំណាក់វា។ កាំបិតកាប់សាច់ជ្រូកមុខក្រាស់ យក ១.៥០០ មុខក្រាស បើស្តើងយក ១ពាន់។ ពូថៅកន្ត្រៃក៏សំលៀងដែរ ពូថៅយក ១.៥០០ ទៅ ២.០០០ តាមមុខវាមួយណាក្រាស់យកច្រើនទៅ បើមុខស្តើងយកល្មមទៅ ល្មមតែគេហ៊ាន»។
លោក អៀម សយ ឲ្យដឹងថា មុខរបរសំលៀងកាំបិតនេះ គាត់ចេះច្នៃប្រឌិតដោយខ្លួនឯង។ ឧបករណ៍នោះធ្វើឲ្យគាត់នឿយធាក់កង់ ប៉ុន្តែមិននឿយដើរលីឈើ និងថ្មសំលៀង ហើយចៀសផុតពីការដើរសុំទានគេផង។
និយាយបណ្ដើរ សំលៀងកាំបិតបណ្ដើរ លោក អៀម សយ បន្តថា គាត់បោះឆ្នោត ៥អាណត្តិនៃការជ្រើសរើសសភា គាត់បានទទួលអំណោយម្តងគត់ពីក្រុមការងារគណបក្សនយោបាយ បានឲ្យប៊ីចេង ១ថង់ និងសារុង២។ ចំណែកគាត់វិញ រាល់ពេលបោះឆ្នោត ចំណាយលុយជិះឡានទៅបោះឆ្នោតឲ្យគេធ្វើធំ។ ពេលគេឡើងធ្វើអ្នកធំ គេភ្លេចគិតគាត់ជាមនុស្សចាស់ ដែលត្រូវការជំនួយ ដូចជា ឈឺ រំពឹងឲ្យគេបង់លុយជំនួស ឬគេយកអង្ករបាយសម្ល មកឲ្យហូបស្រាប់ គឺគ្មានម្តងណាទេ។ បើអត់មានអីហូប បែរជាអ្នកជិតខាងជួយគាត់ ចំណែកថ្នាក់ដឹកនាំរដ្ឋាភិបាល ឬតំណាងរាស្ត្រ មិនដែលជួយគាត់ឡើយ។ ទើបគាត់ដើររកស៊ីយប់ព្រលប់ ដើម្បីហូបថ្ងៃនេះ សន្សំលុយសម្រាប់ថ្ងៃក្រោយទុកការពារខ្លួន ក្រែងមានអាសន្ន មិនអាចពឹងអ្នកណាបាន៖ «សំឡេងសំលៀងកាំបិត»។
ស្ត្រីមេផ្ទះមួយរូបនៅខណ្ឌទួលគោក ដែលជួលបុរសវ័យជាង ៧០ឆ្នាំរូបនេះឲ្យសំលៀងកាំបិត ថ្លែងថា លោក អៀម សយ ប្រកបរបរសុចរិត ប្រឹងដោយកម្លាំងខ្លួនឯង មិនដើរសុំទានគេទេ ទើបគាត់ចូលចិត្តឲ្យសំលៀងកាំបិតគ្រប់ពេលដែលត្រូវការ៖ «រដ្ឋាភិបាលរាល់ថ្ងៃមិនដែលមើលឃើញទេ ៥អាណត្តិហើយ គេថាខ្ញុំអ្នកមាន មិនដែលបានអង្ករម្តងផង។ រៀបបោះឆ្នោតបានប៊ីចេង ២កញ្ចប់ ពីរនាក់យាយ ហើយនិងអាវ២ តែប៉ុណ្ណឹង បើមិនរកស៊ី អត់មានអ្នកណាចិញ្ចឹមយើង»។
លោក អៀម សយ ឲ្យដឹងថា គាត់ជួលកន្លែងស្នាក់នៅម្តុំពេទ្យមិត្តភាពខ្មែរសូវៀត។ គាត់មករកស៊ីនៅភ្នំពេញ ១៥ឆ្នាំហើយ ប៉ុន្តែមិននៅភ្នំពេញជាប់លាប់ទេ ព្រោះមានភរិយាចាស់នៅឯផ្ទះក្នុងភូមិសំរោងវាល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ កន្លះខែគាត់ទៅផ្ទះម្តង ទៅមើលស្រែ និងចង់ដឹងសុខទុក្ខភរិយាគាត់ដែរ៖ «យូរឆ្នាំហើយ ឲ្យតែឃើញគាត់មក ខ្ញុំសំលៀងហើយ ក្រៅពីគាត់អត់សំលៀងទេ ពីព្រោះគាត់សំលៀងមុត ទោះបីគេយកថោកជាងហ្នឹង ក៏ខ្ញុំនៅតែសំលៀងគាត់ដែរ។ ដូចថា ឃើញគាត់ចាស់អ៊ីចឹង ហើយលុយកាក់អីលើសត្រឹម ៥០០អី ពួកខ្ញុំអត់យកវិញទេ ជូនគាត់តែម្តងទៅ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា មិនទាន់មានតួលេខជនចំណាកស្រុកមកស្នាក់នៅក្នុងរាជធានីភ្នំពេញទេ។ ប៉ុន្តែសាលាក្រុងកំពុងតែរៀបចំអ្នកសុំទាន និងអ្នកលក់ផ្កាតាមកន្លែងឈប់ស្តុប ប្រមូលដាក់ម្តុំ ឬបញ្ជូនគាត់ត្រឡប់ទៅភូមិស្រុកវិញ កុំឲ្យខូចសណ្ដាប់ធ្នាប់ទីក្រុង ដែលមានអ្នកទេសចរជាច្រើនមកទស្សនា។ លោកបន្តថា មានអ្នកមករស់នៅក្នុងទីក្រុងខ្លះ គេជួលកន្លែងស្នាក់នៅសមរម្យ មិនបង្កការខូចសណ្ដាប់ធ្នាប់ទេ។ ការរស់នៅបែបនោះ សាលារាជធានីភ្នំពេញគាំទ្រ ប៉ុន្តែសុំឲ្យចេះទុកដាក់សំរាម កុំបោះចោលឲ្យស្ទះលូទឹក៖ «កំពុងរៀបចំក្រុមការងារ ដើម្បីចុះទៅតាមភ្លើងស្តុប ដែលយើងកំណត់នោះសិន»។
ជនចំណាកស្រុកសម្រាកតាមចិញ្ចើមផ្លូវនានាក្នុងរាជធានីភ្នំពេញ ឲ្យដឹងថា របរកសិកម្មឆ្នាំនេះមិនរំពឹងបានផលស្រូវ ព្រោះដើមរដូវវស្សារាំងស្ងួតអូសបន្លាយ និងតំបន់ខ្លះទឹកជំនន់លិចខូចស្រូវ។ ពួកគាត់មកសុំទាន និងរើសអេតចាយបណ្ដោះអាសន្ន ប៉ុន្តែគ្មានកន្លែងសម្រាក ក៏ស្នាក់នៅតាមចិញ្ចើមថ្នល់ ហើយត្រូវរត់គេចពេលអាជ្ញាធរតាមចាប់។
ផ្ទុយពីអ្នកចំណាកស្រុកទាំងនោះ លោក អៀម សយ អះអាងថា គាត់ជួលប៉ៅអ៊ីសម្រាកមួយយប់ ថ្លៃ ២.០០០រៀល គេមានដាក់មុងឲ្យទៀត។ ការជួលស្នាក់នៅនេះ ងាយស្រួលដល់អាជ្ញាធរមូលដ្ឋានអាចគ្រប់គ្រងចំនួនមនុស្ស និងដឹងប្រវត្តិអ្នកមកស្នាក់នៅ ប្ដូរពីតំបន់ណាច្បាស់លាស់។ លោកបន្តថា អ្នកមកពីតំបន់ខេត្តព្រៃវែង ប្រកបរបរសំលៀងកាំបិតដូចគាត់ មានច្រើនគ្នា ហើយមានអ្នកខ្លះ បានដើមទន់គ្រាន់បើ គេជួញដូរសម្ភារៈប្រើប្រាស់ ផលិតពីជ័រ ដូចជា ចាន កៅអី ប្រអប់ ជាដើម ដែលនាំមកពីវៀតណាម មកលក់តាមផ្សារនានាក្នុងទីក្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
