ជន​ចាស់​ជរា​នៅ​ស្រុក​ឯកភ្នំ​ស្នើ​អាជ្ញាធរ​សង់​ប្រព័ន្ធ​ប្រឡាយ​ទឹក​ដើម្បី​កាត់​បន្ថយ​ចំណាក​ស្រុក

ដោយ ហ៊ុំ ចំរើន
2016.06.27
មនុស្ស​ចាស់ បាត់ដំបង ២០១៦ ៨៥៥ ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ទិវា​ដាំ​ដើម​ឈើ​ផ្សារភ្ជាប់​នឹង​ការ​មិន​រើសអើង​ជន​ចាស់​ជរា នៅ​វត្ត​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

ជន​ចាស់​ជរា​មួយ​ចំនួន​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ជួប​ការ​លំបាក និង​ខ្វះ​ភាព​កក់ក្ដៅ ដោយសារ​មនុស្ស​ដែល​ពេញ​កម្លាំង​ការងារ​ក្នុង​បន្ទុក​គ្រួសារ​របស់​ពួក​គាត់ ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ។ អ្នក​ភូមិ​អះអាង​ថា កត្តា​ចម្បង​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក គឺ​បណ្ដាល​មក​ពី​គ្មាន​ប្រព័ន្ធ​ប្រឡាយ​ទឹក​សម្រាប់​ស្រោចស្រព​ផល​ដំណាំ​នៅ​ក្នុង​មូលដ្ឋាន។

ជន​ចាស់​ជរា​នៅ​ស្រុក​ឯកភ្នំ លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​សង់​ប្រឡាយ​ទឹក​នៅ​ក្នុង​មូលដ្ឋាន​រស់នៅ នោះ​កូន​ចៅ​របស់​ពួក​គាត់ នឹង​មិន​ធ្វើ​ចំណាក​ស្រុក​ឡើយ។ ពលរដ្ឋ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ទិវា​ដាំ​ដើម​ឈើ​ផ្សារភ្ជាប់​នឹង​ការ​រើសអើង​មនុស្ស​ចាស់ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​មនុស្ស​ចាស់​កម្ពុជា (Help Age Cambodia) ហើយ​មាន​ប្រជាពលរដ្ឋ និង​មន្ត្រី​ពាក់ព័ន្ធ​ប្រមាណ ៧០​នាក់​ចូលរួម​នៅ​វត្ត​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦។

តំណាង​ជន​ចាស់​ជរា​នៅ​ភូមិ​ព្រែកត្រប់ លោក ទូច ឈុនឡៃ ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ថា ពួក​គាត់​រស់នៅ​ពឹង​ផ្អែក​ទៅ​លើ​ការ​ដាំ​ដុះ​ផល​ដំណាំ មាន​ជាអាទិ៍ ដំណាំ​ស្រូវ ពោត ឪឡឹក ត្រសក់ និង​សណ្ដែកបាយ ជាដើម ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ លោក​បញ្ជាក់​ថា កន្លង​មក ផល​ដំណាំ​របស់​ពួក​គាត់​ធ្វើ​មួយ​ឆ្នាំ​ម្ដង ហើយ​ពឹង​ផ្អែក​ទៅ​លើ​អំណោយ​ផល​ពី​ធម្មជាតិ គឺ​អាស្រ័យ​ទឹក​ពី​ដង​ស្ទឹង​សង្កែ និង​តាម​ដង​អូរ​មួយ​ចំនួន​ក្នុង​តំបន់​រស់នៅ សម្រាប់​ស្រោចស្រព​ផល​ដំណាំ​រៀង​រាល់​ឆ្នាំ។ លោក​អះអាង​ថា រយៈពេល​ប្រមាណ ៣​ឆ្នាំ​កន្លង​មក​នេះ អាកាស​ធាតុ​បាន​ប្រែប្រួល​ខ្លាំង ធ្វើ​ឲ្យ​ទឹក​ស្ទឹង​ដង​អូរ​ដែល​ធ្លាប់​ប្រើប្រាស់​រីង​ហួត​ហែង និង​គ្មាន​ទឹក​សម្រាប់​ស្រោចស្រព​ផល​ដំណាំ​ដូច​ពេល​មុន​ឡើយ។ បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ពេញ​កម្លាំង​ធ្វើ​ការ​ជាច្រើន​នាក់​នៅ​ក្នុង​បន្ទុក​គ្រួសារ​របស់​ពួក​គាត់ បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ជាពិសេស​គឺ​ប្រទេស​ថៃ ដើម្បី​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ៖ «ដោយសារ​តែ​តំបន់​នេះ​ខ្វះ​ទឹក បាន​ជា​យើង​ត្រូវ​ប្រឡាយ​ទឹក។ ដូច​លោក​បាន​ឃើញ​ស្រាប់​ហើយ រាល់​ឆ្នាំ​ដល់​ខែ​មិថុនា ស្រូវ​ដុះ​ប្រហែល​មួយ​ចង្អាម​អស់​ហើយ ប៉ុន្តែ​ឆ្នាំ​នេះ​យើង​មិន​ទាន់​បាន​ភ្ជួរ​ដី​ព្រោះ​ស្រូវ​នៅ​ឡើយ​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ ជន​ចាស់​ជរា​នៅ​ភូមិ​អន្សងសក ឃុំ​ព្រែកនរិន្ទ ម្នាក់​ទៀត អ្នកស្រី ច្រែង រ៉េត ថ្លែង​ថា ដោយសារ​តែ​ការ​ធ្វើ​ចំណាក​ស្រុក​នេះ ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នកស្រី​បាត់បង់​ភាព​កក់ក្ដៅ កូន​រស់នៅ​បែក​ពី​ឪពុក​ម្ដាយ និង​ជួប​ការ​លំបាក​នៅ​មើល​ថែទាំ​ចៅៗ​នៅ​ផ្ទះ។ អ្នកស្រី​បន្ថែម​ថា ទុក្ខ​លំបាក​របស់​ពួក​គាត់​មួយ​ទៀត គឺ​បញ្ហា​ខ្វះ​មណ្ឌល​សុខភាព​សម្រាប់​ព្យាបាល​អ្នក​ជំងឺ ពីព្រោះ​តំបន់​ពួក​គាត់​រស់នៅ​ឆ្ងាយ​ពី​មណ្ឌល​សុខភាព​ជាង ១៥​គីឡូម៉ែត្រ ហើយ​ខែ​វស្សា​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ៖ «ម្ល៉ោះ​ហើយ​សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បញ្ជូន​អ្នក​មាន​ជំនាញ​សុខភាព​ជួយ​មក​ពិនិត្យ​សុខភាព​ពួក​យើង​ខ្ញុំ​ឲ្យ​បាន​ញឹកញាប់​ផង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឿន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែកត្រប់ និង​ភូមិ​មួយ​ចំនួន​ទៀត​នៅ​តំបន់​នោះ ពិត​ជា​ធ្វើ​ចំណាក​ស្រុក ដោយសារ​ខ្វះ​ទឹក​ស្រោចស្រព​ផល​ដំណាំ​ប្រាកដ​មែន។ ប៉ុន្តែ​លោក​អះអាង​ថា អាជ្ញាធរ​ស្រុក​បាន​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ត្រៀម​ចុះ​ជីក​អណ្ដូង​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ចុង​ឆ្នាំ​២០១៦៖ «យើង​កំពុង​តែ​ធ្វើ​សំណើ​ទៅ​ថ្នាក់​ជាតិ ដើម្បី​សិក្សា​ធ្វើ​ប្រព័ន្ធ​ប្រឡាយ​មេ និង​ស្រះ​ទឹក​នៅ​ក្នុង​មូលដ្ឋាន​ជូន​ពួក​គាត់ ពីព្រោះ​ពួក​គាត់​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​របរ​ធ្វើ​កសិកម្ម»

របាយការណ៍​អាជ្ញាធរ​ស្រុក​ឯកភ្នំ បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​នេះ​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ​២០១៦ ៥.២៧០​នាក់ នៅ​ក្នុង​នោះ ឃុំ​ព្រែកនរិន្ទ ធ្វើ​ចំណាក​ស្រុក​ច្រើន​ជាង​គេ គឺ​ប្រមាណ ១.៦០០​នាក់។

ប្រធាន​អង្គការ​មនុស្ស​ចាស់​កម្ពុជា (Help Age Cambodia) លោក ទុំ វីរ៉ា មាន​ប្រសាសន៍​ថា ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ច្រើន ធ្វើ​ឲ្យ​មនុស្ស​ចាស់​បាត់បង់​ភាព​កក់ក្ដៅ​ក្នុង​គ្រួសារ ពីព្រោះ​សមាជិក​គ្រួសារ​រស់នៅ​បែក​ឆ្ងាយ​ពី​គ្នា ហើយ​ខ្វះ​ការ​មើល​ថែ​ដល់​ជន​ចាស់​ជរា​នៅ​ពេល​ពួក​គាត់​មាន​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន។ លោក​អះអាង​ថា ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ខេត្ត ជាពិសេស​នៅ​ទី​ជនបទ​តែ​ម្ដង តែង​កើត​មាន​ករណី​មនុស្ស​ចាស់​នៅ​មើល​ចៅៗ​នៅ​ផ្ទះ។ ចំណែក​មនុស្ស​ពេញ​កម្លាំង​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស។ លោក​ពន្យល់​ថា ដើម្បី​ជួយ​សម្រួល​ឲ្យ​មនុស្ស​ចាស់​នៅ​ស្រុក​ឯកភ្នំ បាន​រស់នៅ​ជួប​ជុំ​ក្នុង​គ្រួសារ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​ទឹក​តាម​ការ​ស្នើសុំ​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស៖ «បញ្ហា​ទាក់ទង​មនុស្ស​មិន​ខុស​គ្នា​ជាមួយ​ក្រុម​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​ទេ ប៉ុន្តែ​កត្តា​ប្រឈម​នៅ​ក្នុង​វ័យ​របស់​គាត់ គឺ​រាង​កាយ ត្រូវ​មាន​ការ​គាំទ្រ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​ជាង​ក្មេង​នោះ គឺ​កូន​ចៅ​របស់​គាត់​ធ្វើ​ចំណាក​ស្រុក ហើយ​ផ្ញើ​គាត់​នឹង​អ្នក​ជិត​ខាង​ឲ្យ​មើល​នោះ គឺ​អាជ្ញាធរ និង​អ្នក​ជិត​ខាង​ត្រូវ​មើល​ពួក​គាត់​ឲ្យ​បាន​ល្អ»

លោក ទុំ វីរ៉ា បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ជន​ចាស់​ជរា ហើយ​ជាទូទៅ ច្រើន​ចាត់​ទុក​ពួក​គាត់​ថា​ជា​មនុស្ស​ដែល​ជា​បន្ទុក​មួយ​នៅ​ក្នុង​សង្គម​ទៀត​ផង៖ «បើ​ទោះ​បី​ជា​រដ្ឋ​ចាត់​ទុក​មនុស្ស​ចាស់​ជា​ធនធាន​សំខាន់​ក៏ដោយ ប៉ុន្តែ​ការ​អភិវឌ្ឍ​ជាក់ស្ដែង អាជ្ញាធរ​មិន​សូវ​រំលេច​មនុស្ស​ចាស់​ដែល​ជា​ធនធាន​ដ៏​កម្រ​នោះ ត្រូវ​បាន​គេ​មើល​រំលង​ទៅ​វិញ»

របាយការណ៍​អង្គការ​មនុស្ស​ចាស់​កម្ពុជា នៅ​ឆ្នាំ​២០១៥ បង្ហាញ​ថា ក្នុង​ខេត្ត​បាត់ដំបង មាន​មនុស្ស​ចាស់​សរុប ៩៣.៨០០​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជិត ១​លាន ២​សែន​នាក់ (.១៧៣.០០០​នាក់) នៅ​ក្នុង​នោះ​មាន​សហគមន៍​មនុស្ស​ចាស់​ចំនួន ៩៥​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។