ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​ស្លាប់​ដោយសារ​ដាច់​ក្បាល​រថភ្លើង​កម្សាន្ត

អ្នក​ទេសចរ​ជនជាតិ​ជប៉ុន វ័យ​ក្មេង​ម្នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ដាច់​ក្បាល​រថភ្លើង ដែល​ឯកជន​ធ្វើ​សម្រាប់​ជិះ​កម្សាន្ត​មួយ​នៅ​ក្នុង​តំបន់​អង្គរ​ឃ្យុងយូ ខេត្ត​សៀមរាប កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី២២ ខែ​មីនា កន្លង​ទៅ។

ក្នុង​ហេតុការណ៍​នោះ គឺ​ស្ត្រី​ជនជាតិ​ជប៉ុន ឈ្មោះ តាគីតា សាគី (Takita Saki) អាយុ ២២​ឆ្នាំ បាន​ស្លាប់ និង​បុរស​ជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ជា​អ្នក​បកប្រែ​ភាសា បាន​រង​របួស​ធ្ងន់។

ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ ៧ និង ៣០​នាទី​យប់​ថ្ងៃ​សុក្រ ស្ត្រី​ជនជាតិ​ជប៉ុន និង​អ្នក​បកប្រែ​របស់​គាត់ បាន​ឡើង​ជិះ​ក្នុង​រថភ្លើង​សម្រាប់​កម្សាន្ត​នោះ។ បន្តិច​ក្រោយ​មក នៅ​ពេល​ដែល​រថភ្លើង​កំពុង​មាន​ល្បឿន​លឿន ក៏​ស្រាប់​តែ​ដាច់​កំណាត់​ទូរ​រថភ្លើង​នៅ​ត្រង់​កន្លែង​នាង​ជិះ ធ្លាក់​មក​ដី ហើយ​បោក​ផ្ទប់​នឹង​ដី​យ៉ាង​ខ្លាំង។

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធិ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​អប្សរា​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះថ្នាក់​នោះ​ទេ ដោយសារ​តែ​តំបន់​ដែល​គេ​រៀបចំ​ផ្សារ​រាត្រី និង​សួន​កម្សាន្ត​នោះ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ឡើយ៖ «យើង​អត់​មាន​ទទួល​ខុស​ត្រូវ​ជាមួយ​គាត់​នោះ​ទេ វា​នៅ​ក្រៅ​សមត្ថកិច្ច​របស់​អប្សរា​ទេ។ អប្សរា​គ្រប់គ្រង​តែ​កន្លែង​ពិព័រណ៍​ឃ្យុងយូ អា​កន្លែង​ផ្សារ​រាត្រី ខេត្ត​គេ​សុំ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​លក់​ដូរ ដើម្បី​ជួប​ជុំ​គ្នា​កម្សាន្ត។ អីចឹង​អ្នក​ដែល​ទៅ​លក់​ដូរ​ទៅ​ធ្វើ​ស្អី ខ្ញុំ​មិន​ដឹង​ច្បាស់​ថា​សុំ​ពី​អាជ្ញាធរ​ក្រុង ឬ​អាជ្ញាធរ​ខេត្ត​ទេ ប៉ុន្តែ​មាន​តំណាង​ក្រុង​សៀមរាប គេ​នៅ​ប្រចាំ​ការ​នៅ​ទីនោះ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក សត ណាឌី ជា​ស្នងការ​នគរបាល​ខេត្ត​សៀមរាប និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ជុំវិញ​ឧបទ្ទវហេតុ​នោះ​បាន​ទេ ដោយសារ​តែ​មិន​ទទួល​ទូរស័ព្ទ។

អ្នក​ឃើញ​ហេតុការណ៍​មួយ​ចំនួន​បាន​រិះគន់​ថា អាជ្ញាធរ​ទំនង​ជា​អនុញ្ញាត​ឱ្យ​មាន​ការ​ដាក់​រថភ្លើង​ជិះ​កម្សាន្ត​នោះ ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ ទើប​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​កើត​ឡើង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។