អាជ្ញាធរស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឱ្យដឹងថា ពលរដ្ឋម្នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ដោយសារតែផ្ទុះមីនដែលនៅសេសសល់ពីសម័យសង្គ្រាម កាលពីរសៀល ថ្ងៃទី២ ខែកុម្ភៈ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃតំបន់ប្រតិបត្តិការសឹករងរបស់ស្រុកត្រពាំងប្រាសាទ គឺលោក ស៊ុន ប៊ូរ៉ាន់។ លោកអះអាងថា កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ បុរសចំនួន ៤នាក់ ដែលជាអ្នកភូមិត្រពាំងបី នៃឃុំព្រះប្រឡាយ បាននាំគ្នាចូលទៅក្នុងព្រៃ ជាប់ជើងភ្នំដងរែក នាភូមិចារថ្មី ឃុំទំនប់ដាច់ ដើម្បីរកគាស់គល់បេងយកទៅធ្វើតុ និងកៅអី។ នៅក្នុងព្រៃនោះ ពួកគេបាននាំគ្នាគាស់គល់បេង ១ដើម ស្រាប់តែប៉ះចំគ្រាប់មីនដែលកប់នឹងគល់នោះ បណ្ដាលឱ្យផ្ទុះ ហើយបុរសម្នាក់ឈ្មោះ ឆៃ បឿន អាយុ ៦៥ឆ្នាំ បានស្លាប់នៅនឹងកន្លែង ចំណែកយុវជនម្នាក់អាយុជាង ២០ឆ្នាំ ត្រូវរបួសធ្ងន់ និងបុរស ២នាក់ផ្សេងទៀតរងរបួសស្រាល៖ «ចេញពីភូមិ ដែលមានប្រជាជនរស់នៅប្រហែលជា ២-៣គីឡូម៉ែត្រ។ គាត់ចូលទៅព្រៃ រកឈើយកមកធ្វើតុ កៅអីសម្រាប់ប្រើ»។
ប្រភពច្បាស់ការឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៤នាក់ បានស្លាប់ និងរបួសដោយសារគ្រាប់មីនសល់ពីសង្គ្រាមកាលពីវេលាម៉ោង ៤ និង ៥៦នាទី ល្ងាចថ្ងៃទី២ ខែកុម្ភៈ។
អភិបាលស្រុកត្រពាំងប្រាសាទ លោក នៅ សំដារារិទ្ធិ មានប្រសាសន៍ថា បច្ចុប្បន្ននៅស្រុកត្រពាំងប្រាសាទ គឺកន្លែងជាច្រើននៅមានសេសសល់គ្រាប់មីន ដោយសារសង្គ្រាមចាប់ពីអំឡុងឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ១៩៩៨។
កាលពីចុងឆ្នាំ២០១៥ ប្រជាពលរដ្ឋម្នាក់ នៅឃុំព្រះប្រឡាយ ក៏បានរងគ្រោះដោយសារគ្រាប់មីនដែរ នៅពេលដែលគាត់ភ្ជួរដី ហើយប៉ះគ្រាប់មីនដែលកប់នៅខាងក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
