កុមារទាំងឡាយដែលមានឪពុកម្ដាយ ឬអាណាព្យាបាល ពិតជាសប្បាយរីករាយ និងថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីឪពុកម្ដាយ នៅពេលបុណ្យចូលឆ្នាំខ្មែរនេះ។ ក៏ប៉ុន្តែ បើគេបែរទៅមើលជីវិតកុមារកំព្រាវិញ កុមារទាំងនោះមិនត្រឹមតែមិនមានឪពុកម្ដាយថ្នាក់ថ្នម ឬផ្ដល់រង្វាន់ឲ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះទេ តែពួកគេថែមទាំងខ្វះស្បៀងអាហារទៀតផង។
ពួកគេបានអំពាវនាវយ៉ាងទទូច សុំឲ្យសប្បុរសជននានាជួយផ្គត់ផ្គង់ជីវិតពួកគេផង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។
«សំឡេងក្មេងជោះអង្គញ់» ដល់វេនកុមារាចាញ់កុមារីម្ដងហើយ។ លើកនេះកុមារីម្នីម្នាទៅជោះជង្គង់កុមារាយ៉ាងសប្បាយរីករាយ។ ពួកគេនាំគ្នាលេងល្បែងផ្សេងៗ ខ្លះលេងប៊ូលជាដើម។
នេះជាមជ្ឈមណ្ឌលកុមារកំព្រានៃអង្គការបណ្ដុះបណ្ដាល និងថែរក្សាកុមារកំព្រា ស្ថិតនៅតំបន់ជិតភ្នំពេជ្រនិល ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងផ្ដល់ជម្រកដល់កុមារកំព្រាប្រហែល ១០០នាក់។ នៅទីនេះ ជាតំបន់ព្រៃភ្នំ។ មណ្ឌលនេះ ព័ទ្ធជុំវិញដោយចម្ការស្វាយ និងដំណាំផ្សេងទៀតពណ៌ខៀវស្រងាត់ លាតសន្ធឹងជាប់ជើងភ្នំ ដែលម្ចាស់កម្មសិទ្ធិជាអ្នកមានប្រាក់ និងមានអំណាច។ ក្រៅពីសំឡេងក្មេងលេង គេឮតែសំឡេងសត្វយំ។ ពួកគេនាំគ្នាលេងជាក្រុមៗ ក្រោមម្លប់ឈើនៅមុខអគារ យូរៗខ្យល់ជើងភ្នំធ្លាក់មកម្ដងៗ ធ្វើឲ្យកុមារខ្លះដែលកំពុងននៀលលេងលើឥដ្ឋ លង់លក់ទាំងព្រឹកមិនដឹងខ្លួន ខណៈកុមារខ្លះជក់លេងជាមួយគ្នា «សំឡេងក្មេងលេង»។
កុមារខ្លះ ហាក់មិនចាប់អារម្មណ៍លេងនឹងគេទេ។ នៅមុខបន្ទប់ស្នាក់នៅក្រោមម្លប់ឈើត្រជាក់ កុមារតូចៗមួយក្រុម កំពុងអង្គុយជុំគ្នាស្ដាប់កុមារម្នាក់រាងធំជាងគេបន្តិច ក្បាលកោរត្រងោល ទុកសក់កំប៉ោយពីលើ អានសៀវភៅរឿងឲ្យប្អូនតូចៗដែលមិនទាន់ចេះអក្សរស្ដាប់ «សំឡេងក្មេងអានសៀវភៅ»។
មើលទៅ ពួកគេហាក់ដូចជាមានសេចក្ដីសុខណាស់។ តែតាមពិត ពួកគេគ្មានផ្ទះសម្បែង គ្មានឪពុកម្ដាយ គ្មានបងប្អូនញាតិសន្ដានទេពេលបុណ្យចូលឆ្នាំថ្មីនេះ រស់នៅតែក្នុងមណ្ឌល គ្មាននរណាមកសួរសុខទុក្ខទេ។ អ្វីដែលពួកគេស្គាល់នោះ គឺឈ្មោះខ្លួនឯងតែប៉ុណ្ណោះ មិនស្គាល់ឈ្មោះឪពុកម្ដាយ ឬភូមិកំណើត។
លោក មឿន ចំរើន ប្រធានមណ្ឌលនេះ មានប្រសាសន៍ថា រាល់ឆ្នាំ កុមារតែងលេងក្នុងមណ្ឌលដូច្នេះ ហើយមានសប្បុរសជនខ្លះចុះមកចែកអំណោយក្មេងៗនៅទីនេះ។ តែចម្លែកឆ្នាំនេះ ស្ងាត់ឈឹង៖ «ជិតចូលឆ្នាំប្រហែលកន្លះខែមុន គេលេងហើយ។ យប់ឡើងគេលេងលាក់កន្សែង ទាញព្រាត់ទៅ។ គេលេងតែគ្នាគេ ព្រោះគេមិនអាចទៅណាបានទេ។ ពេលពិធីចូលឆ្នាំនេះ ធ្លាប់រាល់ឆ្នាំមកមានត្រៀមទុក... ហើយដល់ឆ្នាំនេះ គ្មានអីទេមានតែអំពាវនាវសប្បុរសជន បើសិនជាមានចិត្តបុណ្យជួយជានំទឹកក្រូច...»។
លោកបន្តថា មណ្ឌលនេះបានសង់ឡើងនៅឆ្នាំ១៩៩៩ លើផ្ទៃដី ៤ហិកតារ មានស្រះទឹក និងច្បារដំណាំសម្រាប់ផ្គត់ផ្គង់ជីវភាពកុមារប្រចាំថ្ងៃ ដែលកាលនោះ លោក សាយ ឈុំ មន្ត្រីជាន់ខ្ពស់បក្សប្រជាជន ជាអ្នកផ្ដួចផ្ដើមសង់ ដោយចំណាយប្រាក់អស់ប្រហែល ១០ម៉ឺនដុល្លារ។ ក្រោយមក ក៏មានថ្នាក់ដឹកនាំរដ្ឋាភិបាល និងថ្នាក់ខេត្ត ជួយឧបត្ថម្ភបន្តបន្ទាប់។ ក្រៅពីនេះ ក៏មានអង្គការសាសនានានា និងជំនួយសប្បុរសជនបរទេសខ្លះដែរ តែនៅតែខ្វះខាត។
លោកថា ដោយខ្វះថវិកា សព្វថ្ងៃមណ្ឌលចំណាយត្រឹមប្រហែល ២ពាន់រៀល សម្រាប់ម្ហូបអាហារបីពេល។ ចំពោះកុមារម្នាក់ៗដែលលោកគណនាថា តាមតម្រូវការជាក់ស្ដែង កុមារម្នាក់ៗគួរទទួលបានប្រាក់អាហារូបត្ថម្ភយ៉ាងហោចណាស់ ២ម៉ឺនរៀលដែរ ព្រោះការចំណាយលើជីវភាពប្រចាំថ្ងៃ ច្រើនជាងចំណាយលើម្ហូបអាហារប្រចាំថ្ងៃទៅទៀត។
លោក មឿន ចំរើន ត្អូញត្អែរថា មណ្ឌលលោកស្ថិតនៅជនបទដាច់ឆ្ងាយពីទីផ្សារ មន្ទីរពេទ្យ សាលារៀន ហើយមធ្យោបាយដឹកជញ្ជូន គឺរថយន្តត្រូវការចាំបាច់បំផុត ព្រោះមណ្ឌលត្រូវការដឹកជញ្ជូនកុមារទៅរៀនតាមសាលារដ្ឋ សាលាបឋម និងមធ្យមសិក្សា នៅតំបន់ក្បែរមណ្ឌលប្រចាំថ្ងៃជាប្រចាំ។ សព្វថ្ងៃ លោកថា មណ្ឌលមានតែឡានកូរ៉េចាស់មួយគ្រឿង ប្រើសព្វប្រើគ្រប់ ដឹកទឹក ដឹកស្បៀង ដឹកកុមារទៅរៀន រួមទាំងធ្វើដំណើរទៅមកចូលរួមការងារសង្គមផ្សេងៗទៀត។
ឈរក្បែរឡានមណ្ឌលដែលរៀបចំចេញដំណើរដឹកកុមារកំព្រាទៅចូលរួមបុណ្យសាសនានៅខាងក្រៅ លោក មឿន ចំរើន មានបំណងចង់បានឡានថ្មីមួយគ្រឿងសម្រាប់បម្រើការងារក្នុងមណ្ឌលនេះ។
បើទោះបីជាមណ្ឌលប្រឈមការលំបាកច្រើនជំពូកដូច្នេះរាប់ឆ្នាំមកហើយក្ដី ក៏លោក មឿន ចំរើន បានថ្លែងប្រាប់ដោយមោទនភាពថា ការតស៊ូនេះបានផ្លែផ្កាគួរឲ្យរីករាយ គឺបានសង្គ្រោះជីវិតក្មេងកំព្រាបានប្រហែល ១០០នាក់ ឲ្យពួកគេបានរៀនសូត្រចេះដឹង មានខ្លះរៀនដល់សកលវិទ្យាល័យ ហើយមានខ្លះរៀនចប់បានចេញធ្វើការទៀតផង៕
ទាក់ទងលោក មឿន ចំរើន ប្រធានមណ្ឌលកុមារកំព្រា ទូរស័ព្ទលេខ ០១២ ៦១០ ៩៤៣
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
