របាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគរបស់នាយកដ្ឋានកណ្ដាលសណ្ដាប់សាធារណៈនៃក្រសួងមហាផ្ទៃ ដែលវិទ្យុអាស៊ីសេរី ទទួលបានថ្ងៃទី២៦ វិច្ឆិកា បង្ហាញថា មនុស្សចំនួន ១.៥១៩នាក់ស្លាប់ និងរបួស ៥.៥៩១នាក់ ក្នុងនោះ របួសធ្ងន់ ៣.២០៧នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៣.៣០៦លើក។ ចំនួនមនុស្សស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ គឺក្នុងរយៈពេល ៩ខែ ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១២ ដល់ពាក់កណ្ដាលខែសីហា ឆ្នាំ២០១៣។
លោក អ៊ា ចរិយា ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍របស់អង្គការជនពិការអន្តរជាតិ (Handicap International) ដែលធ្វើការផ្នែកចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែរនោះ បញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍មិនខុសឆ្នាំមុនៗទេ គឺដោយសារបើកបរហួសល្បឿនកំណត់ បើកបរពេលស្រវឹង ហើយអ្នកដែលរងគ្រោះជាងគេនោះ គឺអ្នកធ្វើដំណើរដោយម៉ូតូ។
លោកបន្តថា៖ «មូលហេតុគ្រោះថ្នាក់ចរាចរណ៍ដូចមុនដដែល គឺដោយសារបើកលឿនខុសច្បាប់ និងក្រោមឥទ្ធិពលស្រវឹង។ តាមរបាយការណ៍អ្នកស្លាប់ដោយធ្វើដំណើរដោយម៉ូតូមាន ៧០ភាគរយនៃគ្រោះថ្នាក់សរុប។ ក្នុងនោះ ៧០ភាគរយនៃអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព»។
លោកឲ្យដឹងថា អត្រាអ្នកពាក់មួកសុវត្ថិភាពបានថយចុះខ្លាំងក្រោយពេលបោះឆ្នោតរើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ រួចមក ដោយសារការរឹតបន្តឹងច្បាប់ចរាចរណ៍តាមដងផ្លូវធ្លាក់ចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
