ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់អនុវត្តច្បាប់លើការដឹកលើសកំណត់ តាមរយៈការពង្រីកជញ្ជីងថ្លឹងទម្ងន់រថយន្ត គិតចាប់ពីដើមខែសីហា ខាងមុខ។
សេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៨ ខែកក្កដា ឲ្យដឹងថា ដោយមើលឃើញផ្លូវថ្នល់បានខូចខាតមុនការកំណត់ ដោយសាររថយន្តប្រភេទធុនធ្ងន់បំផ្លាញនោះ ក្រសួងនឹងចាប់រៀបចំក្រុមជញ្ជីងចល័តក្នុងគោលបំណងចាប់ថ្លឹងរថយន្តណាដែលដឹកលើសទម្ងន់។
បើទោះជាសេចក្ដីប្រកាសរបស់ក្រសួងសាធារណការនេះ មិនបានបន្ថែមតម្លៃក្នុងការផាកពិន័យរថយន្តដែលដឹកលើសទម្ងន់ផ្ទុកក្ដី កិច្ចការចាំបាច់ចំពោះមុខនេះ គឺធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាបរថយន្តប្រភេទធុនធ្ងន់ដែលប្រព្រឹត្តបទល្មើសនេះ ចាប់ពីថ្ងៃទី១ ខែសីហា តទៅ។
ក្រៅពីនេះទៀត ក្រសួងសាធារណការ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់ និងអ្នកបើកបររថយន្តធុនធ្ងន់ ព្រមទាំងសាធារណជនទាំងអស់ ចូលរួមសហការ ឬរាយការណ៍មកក្រសួងតាមរយៈលេខទូរស័ព្ទ ០២៣ ៤២៦ ១៥៧ ក្នុងករណីមន្ត្រីក្រោមបង្គាប់របស់ក្រសួងទាំងក្រុមជញ្ជីងអចល័ត និងចល័តនៅតាមគោលដៅមួយចំនួន ប្រព្រឹត្តអំពើពុករលួយ ដូចជាអនុញ្ញាតឲ្យរថយន្តបន្តដឹកលើសកំណត់ជាថ្នូរនឹងការយកលុយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
