ស្ត្រីដែលរូបរបស់អ្នកស្រីត្រូវបានគេគូរនៅលើជញ្ជាំងអគារប៊ូឌីង សោកស្ដាយការដែលសាលាក្រុងលុបរូបអ្នកស្រីចោល និងយល់ថា រូបរបស់អ្នកស្រីកាន់ម្ជុលដេរប៉ាក់ ដែលគូរដោយវិចិត្រករបរទេស មិនប៉ះពាល់ដល់សន្តិសុខសង្គម នយោបាយ ឬសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរនោះទេ។ ការលើកឡើងរបស់ស្ត្រីម្ចាស់រូបនៅពេលនេះ បន្ទាប់ពីអាជ្ញាធរបានលុបរូបអ្នកស្រីនៅលើជញ្ជាំងអគារប៊ូឌីងផ្នែកខាងជើង កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ដោយអាជ្ញាធរថា អ្នកគូររូបមិនបានសុំការអនុញ្ញាតជាមុន។
ក្រៅពីសាមីស្ត្រីម្ចាស់គំនូរ ប្រធានអង្គការសង្គមស៊ីវិលល្បីៗធ្វើការផ្នែកការពារសិទ្ធិសេរីភាពបញ្ចេញមតិ និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ចេញមតិបង្ហាញការភ្ញាក់ផ្អើល និងរិះគន់ចំណាត់ការរបស់សាលារាជធានីភ្នំពេញនៅពេលនេះ។
មន្ត្រីផ្នែកដេរប៉ាក់សម្លៀកបំពាក់របាំបុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី មឿន ថារី ផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែធ្នូ សម្ដែងការអន់ចិត្តចំពោះវិធានការរបស់សាលាក្រុង ប៉ុន្តែអ្នកស្រីថា ប្រសិនអ្នកគូររូបមិនបានសុំការអនុញ្ញាតពីសាលាក្រុង អ្នកស្រីមិនយល់ទាស់ចំពោះការលុបរូបនោះចោលទេ៖ «សម្រាប់ខ្ញុំដល់ធ្វើអ៊ីចឹងគឺអស្ចារ្យ! គ្រាន់តែរូបថតមួយសន្លឹក។ យើងជាសិល្បៈ យើងផ្សព្វផ្សាយពីសិល្បៈ រឿងអីទៅលុប? ខ្ញុំក៏អន់ចិត្តដែរ»។
គេហទំព័ររបស់សាលារាជធានីភ្នំពេញ ចុះផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ បញ្ជាឲ្យលុបរូបនោះចោល។ ក្រៅពីនេះ សាលាក្រុងថានឹងចាត់ឲ្យអាជ្ញាធរ ធ្វើការស្រាវជ្រាវរកអ្នកប្រព្រឹត្តិ មកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ភ្លាមៗនោះដែរ សាលាក្រុងភ្នំពេញ បានលុបរូបចោលទាំងយប់។
បញ្ជាក់លើសេចក្តីប្រកាសនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ សុំមិនឆ្លើយតបចំពោះការលើកឡើងរបស់ស្ត្រីសាមីរូបដើម នៃគំនូរនៅលើជញ្ជាំងប៊ូឌីងនេះទេ ដោយលោកថា វាជាសិទ្ធិបញ្ចេញមតិរបស់គេ។ អ្នកនាំពាក្យដដែល ពន្យល់ពីវិធានការនេះថា គំនូរនេះមិនសមនឹងដាក់បង្ហាញនៅទីសាធារណៈ ព្រោះប្រពៃណីទំនៀមទម្លាប់ខ្មែរ មិនដែលគូររូបបែបនេះនៅទីសាធារណៈទេ៖ «នៅលើអគារនោះជាអគារឯកជនក៏ដោយ ប៉ុន្តែវាបែរគំហើញទីសាធារណៈ ប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ អត្តសញ្ញាណរបស់រាជធានីភ្នំពេញ។ ប្រទេសកម្ពុជា យើងមានអរិយធម៌វប្បធម៌ខ្ពង់ខ្ពស់ យើងមិនដែលមានទម្លាប់គូររូបលើជញ្ជាំងទេ»។
លោក ឡុង ឌីម៉ង់ បន្តថា វិចិត្រករជាជនជាតិអាមេរិកដែលគូរគំនូរនេះ ពិតជាបានដាក់ពាក្យស្នើសុំមកសាលារាជធានីមែន ដើម្បីគូរគំនូរនេះ និងនៅកន្លែងផ្សេងទៀត ប៉ុន្តែសាលាក្រុងមិនទាន់ឆ្លើយផង ស្រាប់តែវិចិត្រកររូបនេះ គូរមុនរួចទៅហើយ។
លោក ឡុង ឌីម៉ង់ ថែមទាំងស្តីបន្ទោសអាជ្ញាធរមូលដ្ឋាន ដែលបណ្តែតបណ្តោយឲ្យមានការគូរគំនូរនេះបាន។

ទោះជាយ៉ាងណា អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ និយាយថា ចំណាត់ការរបស់សាលាក្រុងនៅពេលនេះ គឺជារឿងចម្លែក ហើយថែមទាំងប៉ះពាល់ដល់សិទ្ធិសេរីភាពសម្ដែងមតិ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចោទថា ប្រសិនការគូររូបបែបនេះ ត្រូវសុំការអនុញ្ញាតពីសាលាក្រុង តើអ្នកគូរគំនូរផ្សេងៗ ត្រូវសុំការអនុញ្ញាតពីសាលាក្រុង ឬយ៉ាងណា?៖ «ខ្ញុំគិតថា ដូចជាចម្លែកដែររឿងហ្នឹង គ្មានហេតុផលដែលត្រូវទៅលុបរូបហ្នឹងចោលទេ តើទុករូបហ្នឹងចង្រៃអី? គេយល់ឃើញអ្វីម៉្យាងមិនចាំបាច់ថា គេទៅទីលានប្រជាធិបតេយ្យទេ គេអាចបានតាមរយៈរូបគំនូរ»។
វិធានការរបស់សាលាក្រុងនៅពេលនេះ ទទួលបានការរិះគន់ច្រើនជាងការស្វាគមន៍។ ជាក់ស្តែង អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក ភាគច្រើនរិះគន់អាជ្ញាធរដែលមិនលុប ឬរុះរើរូបផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលដាក់បង្ហាញស្ទើរគ្រប់ទីកន្លែងនៅភ្នំពេញ ប៉ុន្តែបែរជាលុបរូបស្ត្រីដេរប៉ាក់ចោលទៅវិញ។
រូបគំនូរស្ត្រីម្នាក់កាន់ម្ជុលដេរប៉ាក់ ដែលបង្អួតពីភាពច្នៃប្រឌិត និងប៉ិនប្រសព្វរបស់វិចិត្រករ មានពណ៌សខ្មៅ រំលេចពណ៌បៃតងស្ទើរនៅលើរូបអាវ និងផ្ទៃពីក្រោយនៅលើជញ្ជាំងអគារយ៉ាងធំ។ អ្នកដែលឃើញគំនូរនេះ គេតែងស្ងើចសរសើរ ឬថតទុកជាអនុស្សាវរីយ។
លោក មេក ហ្គ្រហ្គឺ ដែលជាអ្នកគូរគំនូរម្នាក់ក្នុងក្រុមអ្នកគូរជាជនជាតិបរទេសផ្សេងទៀត បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា លោកគូររូបស្ត្រីនេះ ដើម្បីឧទ្ទិសដល់សិល្បករកម្ពុជា ដែលត្រូវបានគេសម្លាប់ក្នុងសម័យខ្មែរក្រហម។ លោកបន្ថែមថា ក្រុមលោកសម្រេចគូររូបមនុស្សសាមញ្ញ ដែលមិនមែនជាតារាល្បីល្បាញ ដោយសារចង់តំណាងឲ្យមនុស្សភាគច្រើននៅកម្ពុជា។
គំនូរបែបនេះមិនមែនទើបតែមានជាលើកទីមួយនៅរាជធានីភ្នំពេញទេ ប៉ុន្តែវាជាគំនូរទី១ ដែលគូរនៅលើជញ្ជាំងអគារប៊ូឌីង ខណៈដែលអគារចាស់ទ្រុឌទ្រោមមួយនេះ ត្រូវបានសាលារាជធានីភ្នំពេញហាមប្រាមមិនឲ្យពលរដ្ឋកំពុងរស់នៅទីនោះ ជួសជុលកែលំអ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
