អាកាសធាតុប្រែប្រួល បានធ្វើឲ្យការផលិតស្ករត្នោតខេត្តកំពង់ស្ពឺ មិនអាចបង្កើនការផ្គត់ផ្គង់បានលើស ១៥០តោនក្នុង ១ឆ្នាំ តាមការបញ្ជាទិញពីបរទេសទេ។ ទន្ទឹមនោះ អ្នកផលិតស្ករត្នោតកម្ពុជា បានត្អូញត្អែរថា កង្វះឧសដុតរំងាស់ស្ករ កង្វះពពេល និងបង្អោងឡើងថ្លៃ ជាកត្តាជំរុញឲ្យអ្នកផលិតស្ករមួយចំនួនបានបោះបង់ការផលិត។
ពាក់ព័ន្ធបញ្ហានេះ ប្រធានសហគមន៍លើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ លោក សំ សារឿន អះអាងថា ប្រទេសចំនួន១៥ នៅលើពិភពលោក បានទិញស្ករត្នោតពីកម្ពុជា។ លោកបន្តថា នៅឆ្នាំ២០១៤ ស្ករត្នោតខេត្តកំពង់ស្ពឺ បានផលិតជាស្ករម្សៅទម្ងន់ ១៥០តោន ដឹកទៅលក់នៅបរទេស។ លោកថា ឆ្នាំ២០១៥ មានការបញ្ជាទិញម្សៅស្ករត្នោតលើស ១៥០តោន ប៉ុន្តែក្រុមផលិតមិនអាចផ្គត់ផ្គង់បាន ដោយសារអាកាសធាតុប្រែប្រួល ធ្វើឲ្យដើមត្នោតចេញផ្កាខុសរដូវ ប៉ះពាល់ដល់ការផលិតស្ករត្នោត៖ «ស្ករសាច់ និងស្ករផែន យើងមិនអាចទុកបានយូរ។ មូលហេតុមកពីវាយំ គឺវាឆាប់ជោរទឹក។ កាលណាយើងទុកវាតែរយៈពេល ១ខែ ឬ ២ខែ វាជោរទឹកហើយ។ បានសមាគមយើងរិះរកវិធីដើម្បីធ្វើទៅជាស្ករម្សៅវិញសម្រាប់នាំចេញ ធានាទុកពី ១ឆ្នាំទៅ ២ឆ្នាំ មិនមានជាតិជោរទេ តែគ្រាន់វាដូរពណ៌។ ក្នុង ១ឆ្នាំវាដូរពណ៌បន្តិច តែគុណភាពវានៅតែដដែលទេ»។
លោក សំ សារឿន បន្តថា សមាជិកសមាគមផលិតស្ករត្នោតនៅក្នុងខេត្តកំពង់ស្ពឺ ចំនួន ១៤៥នាក់ បានផលិតស្ករនៅស្រុកឧត្ដុង្គ ស្រុកសំរោងទង និងមួយចំនួនដែរនៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានលក់ស្ករត្នោតមកសមាគមនេះសម្រាប់នាំចេញ ប៉ុន្តែក្រុមអ្នកផលិតបានថយចំនួនគ្រួសារជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងដីសង្គមកិច្ច ធ្វើឲ្យគ្មានដីព្រៃបម្រុងសម្រាប់កាប់ដើមឈើធ្វើឧស មិនអាចរកឫស្សីធ្វើបង្អោង និងដើមពពេល មកបំពេញការផលិតស្ករត្នោតដូចមុន។ មូលហេតុនេះ អ្នកផលិតស្ករត្រូវទិញទាំងអស់ ហើយការផលិតស្ករត្នោតជាម្សៅ ត្រូវអនុវត្តតាមសៀវភៅបន្ទុកទៀត។ បើធៀបតម្លៃចំណេញទទួលបានជាមធ្យម ប៉ុន្តែមិនស្មើនឹងចំណូលពីរបរកាត់ដេរ និងសំណង់ទេ។ លោកថា បញ្ហានេះទើបយុវជនខ្លះមិនចង់ឡើងត្នោតបន្តពីគ្រួសារទេ ពួកគេងាកទៅរកវិស័យឧស្សាហកម្មកាត់ដេរ និងសំណង់វិញ៖ «អ្នកឡើងត្នោតយើងជួបបញ្ហា ទី១ គឺពពេល។ ទី២ គឺឧស និងបង្អោង។ តែទន្ទឹមនឹងនេះ គឺសមាគមបានសហការជាមួយ លោក ទេព ចាន់ឆាយា គាត់ជាបុគ្គលិករបស់អង្គការ ជេរេស ដើម្បីរៀបចំសំណើសុំលុយពី យូ.អិន.ឌី.ភី មក នឹងធ្វើជាចង្ក្រាន ដែលប្រើប្រាស់ឧសតិចបំផុត»។
បង្ហាញពីការលំបាកផលិតម្សៅស្ករត្នោត លោក ឡុក លីម អាយុ ៦៤ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកឧដុង្គ ឲ្យដឹងថា គាត់មានកូន ១០នាក់ ក្នុងនោះកូនប្រុស ៩នាក់។ ពួកគេមិនចង់ឡើងត្នោតត្រងទឹកត្នោតផលិតស្ករដូចគាត់ឡើយ។ ពួកគេបានទៅធ្វើជាកម្មករសំណង់ និងកម្មករកាត់ដេរដែលបានថវិកាទៀងទាត់ប្រចាំខែ។ លោកបន្តថា គាត់ខំពន្យល់កូនថា ចូលជាសមាជិកសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ ធ្វើឲ្យគ្រួសារគាត់ចេះផលិតស្ករត្នោតពីស្ករសាច់ទៅជាស្ករម្សៅលក់បានថ្លៃ ប៉ុន្តែកូនៗគាត់ឆ្លើយថា នឿយ ព្រោះការលក់ស្ករម្សៅនេះចំណាយពេលច្រើនម៉ោង យូរជាងការផលិតស្ករធម្មតា ឬហៅថាស្ករសាច់ទៅទៀត។ លោកទទួលស្គាល់គំនិតកូន ព្រោះថា ការផលិតស្ករម្សៅនេះ គឺឲ្យត្រូវតាមស្តង់ដារ ទើបគេទទួលទិញ ហើយសមាគមបានតម្រូវឲ្យត្រងទឹកត្នោតដែលល្អ គឺចាប់ពីខែធ្នូ ទៅដល់ខែមេសា។ បើហួសពីនោះ ទឹកត្នោតមិនល្អ អាចលាយឡំទឹកភ្លៀងហូរចូល នាំឲ្យការផលិតម្សៅស្ករត្នោតសម្រាប់នាំចេញ ខូចឈ្មោះផលិតផលក្នុងស្រុក។ បញ្ហាទាំងនេះ ទើបកូនគាត់មិនព្រមបន្តវេនឡើងត្នោត ហើយក៏ថយចុះចំនួនក្រុមផលិតស្ករត្នោតនេះជាលំដាប់។

ដូចគ្នាដែរ លោក លីម សុថាវី អាយុ ៥១ឆ្នាំ អ្នកផលិតស្ករនៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង អះអាងថា គាត់បោះបង់ហើយការឡើងត្នោត ព្រោះតែការផ្តល់ដីសម្បទានសេដ្ឋកិច្ចគេវាស់ព្រំដីអស់គ្មានព្រៃកាប់ធ្វើឧស គ្មានបង្អោង គ្មានពពេល គឺអ្វីៗត្រូវទិញទាំងអស់ រីឯការលក់ស្ករបានតែមួយវគ្គៗ មិនបានជាប់ហូរហែទេ ហើយតម្រូវឲ្យការផលិត ត្រូវតាមស្តង់ដារគេកំណត់ទៀត។ លោកថា ក្រៅពីនោះ បញ្ហាធម្មជាតិដូចជាខ្យល់ខ្លាំង រហូតព្យុះកន្ទ្រាក់ និងអាកាសធាតុក្តៅខ្លាំង ក៏ធ្វើឲ្យគាត់អស់កម្លាំងមិនហ៊ានឡើងត្នោតដែរ៖ «ធម្មតានៅខាងនេះលក់ស្ករសាច់ ហើយស្ករសាច់ក្នុង ១ខ្ទះហ្នឹងបានយ៉ាងច្រើនបំផុតតែ ៨គីឡូទេ។ ហើយអស់ឧសប្រមាណ បើទិញគេ ៣ម៉ឺនរៀល។ បើទូទាត់នឹងកម្លាំងពលកម្មអីទៅ វាអាចនៅសល់ ៤ ទៅ ៥ពាន់អីហ្នឹង»។
លើកទឹកចិត្តដល់ក្រុមផលិតស្ករត្នោត លោក ហុង ហឿន ប្រធានសហគមន៍កសិកម្មខេត្តកំពង់ស្ពឺ អះអាងថា មានក្រុមហ៊ុនចំនួន៧ បានទិញម្សៅស្ករត្នោតខេត្តកំពង់ស្ពឺ យកទៅលក់នៅបរទេស។ លោកថា ស្ករត្នោតដែលគេឲ្យឈ្មោះថា ជីអាយ ឬផលិតផលសម្គាល់ភូមិសាស្ត្រ (Geographical Identivication = GI) ពីប្រទេសកម្ពុជា នាំទៅលក់នៅបរទេសដែលគេទទួលស្គាល់គុណភាពល្អផ្តាច់គេ គឺមានតែម្រេចខេត្តកំពត និងស្ករត្នោតខេត្តកំពង់ស្ពឺ នេះទេ។ ដោយសារតែចង់រក្សាឈ្មោះ ជីអាយ នេះ ទើបការប្រមូលទិញម្សៅស្ករត្នោត គឺរើសយកទឹកត្នោតត្រងពីដើមដុះនៅលើដីខ្សាច់ជម្រៅ ៧តឹកចុះក្រោម និងខាងក្រោមខ្សាច់មានក្រួសដែលធ្វើឲ្យទឹកត្នោតផ្អែមមុត។ បើដើមត្នោតណាដុះលើខ្សាច់ដែរ តែខាងក្រោមខ្សាច់ជាដីឥដ្ឋ គឺមិនទិញទឹកត្នោតនោះទេ ព្រោះទឹកត្នោតមិនល្អ នៅពេលផលិតជាស្ករមិនផ្អែមមុត។ លោកថា សហគមន៍កសិកម្មខេត្តកំពង់ស្ពឺ នេះ បានទិញម្សៅស្ករត្នោតពីសមាជិកសហគមន៍ផលិតស្ករជាង ១៤០គ្រួសារនោះ។ តម្លៃទិញក្នុង ១តោនជាង ១ពាន់ដុល្លារ។ នៅឆ្នាំ២០១៥ ក្រុមផលិតម្សៅស្ករត្នោតមិនអាចបង្កើនតោនបាន ដោយសារគ្រោះធម្មជាតិផង និងការចុះថយអ្នកផលិតផង។ ទោះជាយ៉ាងណា សហគមន៍នេះបានឲ្យអ្នកភូមិដាំដើមត្នោតបានច្រើនពាន់ដើម ប៉ុន្តែទម្រាំវាផ្តល់ផ្លែផ្កា ដាំដល់ទៅ ២០ ទៅ ៣០ឆ្នាំ។ លោកសុំឲ្យប្រជាពលរដ្ឋ កុំកាប់ដើមត្នោត ព្រោះវាជានិមិត្តរូបនៃប្រទេសជាតិផង និងជាប្រាក់ចំណូលរបស់អ្នករស់នៅជនបទផង៖ «យើងទិញពីកសិករប្រហែលជា ១.១០០ដុល្លារ»។
នាយកអង្គការសេដាក លោក សម វិទូ ថ្លែងថា នៅប្រទេសកម្ពុជា ពុំទាន់មានរោងចក្រសម្រាប់ផលិតស្ករត្នោតនៅឡើយ។ ការផលិតស្ករត្នោត គឺកសិករផលិតតាមគ្រួសារនីមួយ។ លោកថា គ្រួសារភាគច្រើនចេះផលិតស្ករសាច់តាមទម្លាប់ដូនតា។ គ្រួសារខ្លះទើបចេះផលិតតាមបច្ចេកទេសថ្មី គឺផលិតជាស្ករម្សៅ អ្នកខ្លះហៅថាស្ករហុយ ដើម្បីនាំចេញទៅបរទេស។ លោកបន្ថែមថា នៅគ្រាដែលទីផ្សារស្ករត្នោតកំពុងតែប្រកួតប្រជែងប្រជាប្រិយភាពរបស់ខ្លួននៅក្នុងពិភពលោក ក្រុមអ្នកផលិតស្ករត្នោតបានថយចុះ ផ្សំនឹងកង្វះដើមត្នោតផង ហើយអាកាសធាតុប្រែប្រួលផង ធ្វើឲ្យការផលិតស្ករត្នោតទំនងជាមិនអាចយូរអង្វែងសម្រាប់នាំចេញ ប្រសិនបើក្រសួង ឬស្ថាប័ននានាមិនជួយពង្រឹងកសិករទេនោះ។ លោកថា អង្គការសេដាក បានជួយទិញស្ករសាច់ និងស្ករម្សៅលក់ក្នុងផ្សារសេដាក សម្រាប់អតិថិជននៅក្នុងស្រុកបានច្រើនតោនក្នុងមួយឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
