អាណាព្យាបាលសិស្សជាច្រើននាក់នៅក្នុងខេត្តកំពត រិះគន់មន្ត្រីមន្ទីរអប់រំខេត្តនេះថា បានតម្រូវអោយពួកគេបង់ប្រាក់ជាច្រើនម៉ឺនរៀលសម្រាប់ការកែតម្រូវពាក្យខុសនៅក្នុងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមរបស់សិស្ស។ ការកែតម្រូវពាក្យខុសធ្វើនៅពេលក្រុមសិស្សដែលកំពុងរៀនថ្នាក់ទី១២ ត្រូវការសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដើម្បីរៀបចំឯកសារដាក់ពាក្យសុំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប ខាងមុខ។
អាណាព្យាបាលសិស្សថ្នាក់ទី១២ នៅខេត្តកំពត បង្ខំចិត្តបង់ប្រាក់ទៅអោយគ្រូនៅមន្ទីរអប់រំខេត្ត ចាប់ពី ២០ដុល្លារឡើងទៅក្នុងការសុំកែតម្រូវពាក្យសរសេរខុសក្នុងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដើម្បីឲ្យកូនចៅអាចដាក់ពាក្យសុំចូលរួមប្រឡងបាក់ឌុប។
អ្នកស្រី សុខានី រស់នៅភូមិជុំគ្រៀល ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត អះអាងថា សញ្ញាបត្រមធ្យមសិក្សាបឋមភូមិរបស់ប្អូនគាត់ វាយអក្សរខុសឈ្មោះ គឺខុសស្រៈអះ ( ះ) និងយុគលពិន្ទុ (ៈ)។ អ្នកស្រីថា គ្រូតម្រូវឲ្យបង់លុយ ២០ដុល្លារក្នុងការសុំកែពាក្យខុស បើអ្នកស្រីមិនព្រមបង់លុយឲ្យគ្រូទេ ត្រូវឡើងទៅភ្នំពេញ ទៅសុំក្រសួងអប់រំ កែពាក្យខុសក្នុងសញ្ញាបត្រដោយខ្លួនឯង៖ «ហើយកំហុសមួយហ្នឹង គាត់ឲ្យយើងកែឈ្មោះហ្នឹង ដើម្បីឲ្យត្រូវ ឲ្យស៊ីនឹងឈ្មោះក្នុងសំបុត្រកំណើត ឲ្យស៊ីនឹងសញ្ញាបត្រហ្នឹង គឺគាត់តម្រូវឲ្យយើងបង់ ៨ម៉ឺន។ តែអ្វីដែលខ្ញុំធ្លាប់ជួប ធ្លាប់យល់ ធ្លាប់ស្គាល់ នេះមិនមែនជាកំហុសសិស្សទេ ព្រោះសិស្សសរសេរ គឺផ្អែកតាមសំបុត្រកំណើត ផ្អែកតាមកាតរបស់សិស្ស អ៊ីចឹងកំហុសហ្នឹងមិនដឹងជាចេញពីកន្លែងណាមួយទេ»។
លោក អាំ មួន នៅភូមិបឹងតាព្រហ្ម សង្កាត់ត្រើយកោះ ក្រុងកំពត ឲ្យដឹងថា គាត់បង់ប្រាក់ ១០ម៉ឺន ដើម្បីសុំកែឈ្មោះកូននៅក្នុងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឲ្យត្រូវនឹងសំបុត្រកំណើត៖ «ប៉ូលិសកាលជំនាន់នោះ អត់សូវចេះអក្សរ សរសេរឧត្តមអត់ត្រូវ គឺសរសេរ "ដំ" ពីលើ។ តាមពិត "ឧ" ស្រៈពេញតួ អាហ្នឹងបានវាត្រូវ ឈ្មោះឧត្តមហ្នឹង ហើយដល់ខុស អាហ្នឹងគេទារ ១០ម៉ឺន គ្រាន់តែខុសប៉ុណ្ណឹងសោះ សួរគ្រូៗថាមន្ទីរអ្នកឲ្យយកលុយ។ គ្រូថា គាត់ក៏អត់បានដែរ យកលុយឲ្យគេទេ លុយ ១០ម៉ឺនហ្នឹង»។
ឪពុកម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ រស់នៅក្រុងកំពត ឲ្យដឹងថា កូនគាត់ឈ្មោះក្នុងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ខ្វះអក្សរ "រ" កូនគាត់ទៅសុំថែម "រ" ត្រូវបង់ប្រាក់ ៨ម៉ឺនរៀល។ គាត់ត្រូវតែបង់លុយនោះ ព្រោះកូនគាត់នៅក្មេងមិនអាចឡើងទៅក្រសួងអប់រំ នៅភ្នំពេញ ដើម្បីសុំឲ្យមន្ត្រីក្រសួងអប់រំ ជួយកែឈ្មោះថែម "រ" ឲ្យបានទេ។ លោកថា បញ្ហានេះបានកើតឡើង តែលើសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅនាថ្ងៃទី៤ និងថ្ងៃទី៥ ខែសីហា ខាងមុខ៖ «ព្រោះថាអ្នកទទួលខុសត្រូវហ្នឹង គួរតែឡើងទៅធ្វើឲ្យសិស្ស ព្រោះនៅក្នុងសាលាមួយៗមានតំណាងមានអ្នកដាក់បន្ទុកនៅខាងមន្ទីរអីហ្នឹង ព្រោះថា បើយក ៨ម៉ឺនទៅ ១០ម៉ឺន វាច្រើនដែរ ព្រោះអីវាដូចជា មិនស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល»។
គ្រូនៅវិទ្យាល័យព្រះរាជសំភា លោក ឡុក ហាវ ថ្លែងថា សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលមានខុសឈ្មោះសិស្សខុសថ្ងៃខែឆ្នាំកំណើត ខុសឈ្មោះម៉ែឪមានច្រើន ដូចជានៅអនុវិទ្យាល័យកំពង់កណ្ដាល មានសិស្សប្រឡងជាប់ ២៩នាក់ ប៉ុន្តែសញ្ញាបត្រចេញមកខុសឈ្មោះសិស្ស និងថ្ងៃខែឆ្នាំកំណើតដល់ទៅ ២៧នាក់ ដែលត្រូវកែឡើងវិញ ជាពិសេស គឺឈ្មោះជនជាតិចាម។
ប្រធានការិយាល័យមធ្យមសិក្សាខេត្តកំពត លោក គឹម សុខា ថ្លែងថា សិស្សណាដែលពិនិត្យក្នុងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មានខុសថ្ងៃខែឆ្នាំកំណើត ខុសឈ្មោះ ជាដើម ត្រូវតែដាក់ពាក្យសុំកែតម្រូវមកការិយាល័យមធ្យមសិក្សា។ លោកប្រាប់ថា សិស្សទាំងអស់មិនត្រូវបង់លុយឲ្យគ្រូណាដែលធានារត់ការកែសញ្ញាបត្រខុសនោះ ព្រោះសញ្ញាបត្រ គឺក្រសួងអប់រំ ទើបអាចកែតម្រូវបាន៖ «អ៊ីចឹងការកែតម្រូវ យើងអនុញ្ញាតឲ្យវាប្ដូរទេ។ ប៉ុន្តែរឿងបញ្ហាហ្នឹង ខាងមន្ទីរបានរៀបចំអស់ហើយ»។
មន្ត្រីរដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា តួនាទីកែតម្រូវសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ គឺមន្ទីរអប់រំតាមខេត្តអាចកែតម្រូវបាន លើកលែងតែសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្រសួងអប់រំ ជាអ្នកគ្រប់គ្រង។
យោងរបាយការណ៍មន្ទីរអប់រំ នៅខេត្តកំពត គឺសិស្សថ្នាក់ទី១២ ជាង ៤ពាន់នាក់ កំពុងរៀននៅវិទ្យាល័យរដ្ឋចំនួន ២១សាលា និងសាលាឯកជនចំនួន ២សាលា។ សិស្សជាង ៤ពាន់នាក់នោះ នឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ក្នុងឆ្នាំសិក្សា២០១៣-២០១៤។ ទិន្នន័យពីក្រសួងអប់រំ យុវជន និងកីឡា សិស្សដែលនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសឆ្នាំសិក្សា២០១៣-២០១៤ មានចំនួន ១០៥.២៩៧នាក់។ កាលបរិច្ឆេទប្រឡងនឹងធ្វើនៅថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
