អាណាព្យាបាលសិស្សចោទប្រកាន់នាយកសាលាជំនាប់ស្បូវឃ្លាំង នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ថាគិតតែពីការងារផ្ទាល់ខ្លួន មិនខ្វល់ទៅបង្រៀនសិស្សអស់ជាង ៣ខែមកហើយ។ បញ្ហានេះ នាំឲ្យក្មេងនៅតំបន់នោះជាច្រើននាក់ មិនបានរៀនសូត្រ ហើយប្រឈមមុខមិនចេះអក្សរ និងខូចអនាគត ដោយសារគ្មានគ្រូបង្រៀនសិស្ស។ ប៉ុន្តែនាយកសាលាអះអាងថា លោកពុំបានយកពេលវេលាដែលបង្រៀនសិស្សទៅធ្វើការងារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដូចការចោទប្រកាន់នោះឡើយ។
អាណាព្យាបាលសិស្សនៅស្រុករុក្ខគិរី អំពាវនាវសុំឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទៅលើលោកនាយកសាលា ឬបញ្ជូនគ្រូទៅបង្រៀនសិស្សនៅតំបន់ដែលពួកគាត់រស់នៅនោះជាបន្ទាន់ ដើម្បីសម្រួលដល់ការសិក្សារបស់ក្មេងៗនៅទីជនបទដាច់ស្រយាល។
ក្រុមអាណាព្យាបាលសិស្សនៅឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី៣ សីហា ថា លោកនាយកសាលា និងជាគ្រូបង្រៀនសិស្សថ្នាក់ទី២ នៃសាលាបឋមសិក្សាជំនាប់ស្បូវឃ្លាំង ឃុំស្ដុកប្រវឹក យកពេលវេលាបម្រើការងាររដ្ឋ ទៅបំពេញកិច្ចការដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកភូមិអះអាងថា លោកនាយកសាលា ឈ្មោះ ម៉ុន ដន ទៅបង្រៀនសិស្សពុំបានទៀងទាត់នោះទេ គឺអាក់ខានបង្រៀនសិស្សតាំងពីខែឧសភា រហូតមក។ បញ្ហានេះ នាំឲ្យសិស្សដែលរៀនជាមួយគាត់ប្រមាណជាង ៣០នាក់ និងសិស្សដែលឡើងថ្នាក់ទី២ នៅឆ្នាំបន្តបន្ទាប់ទៀតជាច្រើននាក់ ប្រឈមមុខមិនចេះអក្សរ ខូចអនាគត ដោយសារគ្មានគ្រូបង្រៀននេះ៖ «ក្នុងមួយអាទិត្យជួនអត់បានរៀនទេ ជួនកាលក៏រៀនបាន ២ ទៅ ៣ថ្ងៃទៅ។ សព្វថ្ងៃខ្ញុំព្រួយបារម្ភរឿងកូនចៅរបស់ខ្ញុំ ខ្លាចមិនចេះអក្សរ ហើយពិបាករកការងារធ្វើនៅពេលអនាគត។ ដល់ពេលគ្រូបង្រៀនរៀនមិនបានដិតដល់យូរទៅ ធ្វើឲ្យក្មេងបោះបង់សាលារៀន»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយកសាលាបឋមសិក្សាជំនាប់ស្បូវឃ្លាំង លោក ម៉ុន ដន ទទួលស្គាល់ថា លោកពិតជាទៅបង្រៀនសិស្សពុំបានទៀងទាត់ប្រាកដមែន ប៉ុន្តែលោកបដិសេធថា លោកពុំបានយកពេលវេលាក្នុងការងាររដ្ឋ ទៅបំពេញកិច្ចការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដូចការចោទប្រកាន់នោះឡើយ។ លោកអះអាងថា មូលហេតុដែលលោកទៅបង្រៀនសិស្សពុំបានទៀងទាត់នោះ ដោយសារជាប់រវល់ទៅបំពេញភារកិច្ចខាងក្រៅ ដើម្បីប្រយោជន៍របស់សាលាទេ៖ «ខ្ញុំទៅណាមកណា ខ្ញុំតែងតែសរសេរលើក្ដារខៀន ប្រាប់ដំណឹងឲ្យសិស្ស និងគ្រូបានដឹងមុនជានិច្ច មិនដែលខាននោះទេ»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ខេត្តបាត់ដំបង លោក ម៉ែន សុខធៃ មានប្រសាសន៍ថា គ្រូបង្រៀនតាមសាលាមួយចំនួននៅទីជនបទដាច់ស្រយាល នៅស្រុករុក្ខគិរី ភាគច្រើនពុំបានទៅបង្រៀនសិស្សទៀងទាត់ដូចលោកគ្រូអ្នកគ្រូនៅតំបន់ទីប្រជុំជននោះទេ។ បញ្ហានេះ ដោយសារគ្រូបង្រៀនភាគច្រើនមានផ្ទះសម្បែងនៅប្រជុំជន ឆ្ងាយពីសាលារៀនផង និងពួកគាត់ទទួលបានប្រាក់ខែតិចតួច មិនគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពផង។ លោកកត់សម្គាល់ទៀតថា សិស្សភាគច្រើនដែលមានជីវភាពក្រីក្រនៅតំបន់ទីដាច់ស្រយាលនានា ក្នុងខេត្តបាត់ដំបង ពួកគេប្រឈមមុខនឹងការមិនចេះអក្សរ ហើយខូចអនាគតនៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋាភិបាលដោះស្រាយមិនទាន់ពេលនោះ៖ «តាមពិតទៅ បញ្ហានេះខាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង មិនបានយកចិត្តទុកដាក់ក្នុងការបញ្ជូនគ្រូទៅបង្រៀនសិស្ស នៅតំបន់ទីដាច់ស្រយាលគ្រប់គ្រាន់នៅឡើយទេ»។
បច្ចុប្បន្ន សាលាបឋមសិក្សាជំនាប់ស្បូវឃ្លាំង មានគ្រូបង្រៀនចំនួន ៦នាក់ ក្នុងនោះគ្រូក្របខ័ណ្ឌរដ្ឋចំនួន ២នាក់ និងគ្រូកិច្ចសន្យា ៤នាក់ ហើយមានថ្នាក់រៀនចំនួន ៦បន្ទាប់ និងមានសិស្សកំពុងសិក្សាចំនួនជាង ១៨០នាក់។ សាលានេះនៅតំបន់ដាច់ស្រយាលឆ្ងាយពីទីរួមខេត្តបាត់ដំបង ប្រមាណ ៨០គីឡូម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
